យុទ្ធសាស្ត្រ ៣យ៉ាងដែលសហគ្រិនគួរអនុវត្តដើម្បីភាពរីកចម្រើននៃអាជីវកម្មរបស់ខ្លួន
ការធ្វើអាជីវកម្មក្នុងពេលបច្ចុប្បន្នស្ទើរតែគ្រប់ផ្នែក មានលក្ខណៈប្រកួតប្រជែងខ្លាំងណាស់។ តើមានយុទ្ធសាស្ត្រអ្វីដែលសហគ្រិនអាចដើរតាម ដើម្បីបណ្ដុះអាជីវកម្មរបស់អ្នកឲ្យរីកចម្រើននិងជោគជ័យ ? ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ៣យ៉ាងដែលអ្នកគួរអនុវត្ត៖
១) ធ្វើការស្រាវជ្រាវពីសេវាកម្មនិងផលិតផលដែលត្រូវបានវិវត្តថ្មីៗ៖ ការសិក្សាស្រាវជ្រាវនេះគឺជាកិច្ចការដ៏សំខាន់និងអាចផ្ដល់ផលប្រយោជន៍ធំធេងសម្រាប់ភាពរីកចម្រើននៅក្នុងអាជីវកម្មរបស់អ្នក។ នៅពេលមួយនោះ អ្នកប្រាកដជាអាចស្វែងរកសេវាកម្មណាដែលអាចផ្ដល់ភាពងាយស្រួលសម្រាប់អ្នក ដូចជាផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនទំនាក់ទំនងជាមួយអ្នក ឬជាវទំនិញរបស់អ្នកយកទៅប្រើប្រាស់ជាដើម។
២) កុំអាលបង្កើតគម្រោងប្រជែងចូលទីផ្សារធំក្នុងដំណាក់កាលដំបូង៖ ការប្រជែងចូលទីផ្សារធំក្នុងដំណាក់កាលដំបូងនៃអាជីវកម្មនៅឡើយ អាចធ្វើឲ្យអ្នកត្រូវចំណាយយ៉ាងច្រើនសន្ធឹក ហើយវាក៏ងាយនឹងធ្វើឲ្យអ្នកឆាប់ក្ស័យធនយ៉ាងឆាប់រហ័សនៅពេលខាងមុខបានដែរ។ វាជាការប្រសើរណាស់បើសិនជាអ្នកផ្ចង់ស្មារតីរបស់អ្នកយកចិត្តទុកដាក់ទៅលើទីផ្សារតូចសមល្មមជាមុនសិន ហើយកសាងទំនុកចិត្តឲ្យបានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក រួចសឹមគិតគូរពីការពង្រីកខ្លួនចូលទីផ្សារធំជាក្រោយ។
៣) ស្ដាប់មតិរិះគន់របស់អតិថិជនអ្នក៖ នៅពេលនោះ អ្នកត្រូវទទួលស្គាល់ថាអ្វីដែលអ្នកទទួលបាន នឹងមានទាំងមតិរិះគន់បែបជាន់ពន្លិច និងមតិរិះគន់បែបស្ថាបនាមកជាមួយគ្នា។ អ្នកមិនអាចទទួលយកតែខាងល្អ និងខឹងស្អប់មិនទទួលយកមតិរិះគន់បែបជាន់ពន្លិចនោះឡើយ។ អ្នកត្រូវចេះស្វែងរកចំណុចល្អពីក្នុងមនុស្សដែលបានរិះគន់បែបនោះ ហើយកែតម្រូវនូវអ្វីដែលអ្នកអាចធ្វើបាន នោះទើបអ្នកអាចស្វែងរកភាពរីកចម្រើនឲ្យខ្លួនឯងនិងអាជីវកម្មរបស់អ្នកបាន៕
ដោយ៖ ស្រីពៅ