ម៉ី ផល្គុន សម្រេចចិត្តបង្កើត Coworking Today ទំហំ ៤០០ម៉ែត្រការ៉េ ឈរលើចំណុចពិសេស ៣យ៉ាង
ស្របពេលដែល Sharing Economy ឬ Coworking Space ដែលសំដៅដល់ការិយាល័យធ្វើការរួមគ្នា សម្រាប់ក្រុមហ៊ុន ឬអាជីវកម្មថ្មីថ្មោងកំពុងរីកដុះដាល់គួរឱ្យកត់សម្គាល់នៅរាជធានីភ្នំពេញ យុវជន ម៉ី ផល្គុន អ្នកខេត្តបន្ទាយមានជ័យ បានសម្រេចបង្កើតមួយដែរក្រោមម៉ាកយីហោ Coworking Today ជាមួយដៃគូរបស់ខ្លួន ដែលមានទំហំ ៤០០ម៉ែត្រការ៉េ ស្ថិតនៅក្បែរអាងទឹកអូឡាំពិក។ សហស្ថាបនិករូបនេះ បានលើកឡើងថា មូលហេតុដែលលោកសម្រេចចិត្តបង្កើត Coworking Todayនេះឡើង ព្រោះខ្លួនលោកផ្ទាល់ធ្លាប់ជួបបញ្ហាក្នុង ការជួលការិយាល័យ សម្រាប់ធ្វើការងារ ហើយលោកឈរលើគោលការណ៍ពិសេស ៣យ៉ាងសម្រាប់កន្លែង Coworking Space របស់លោក។
ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ BizKhmer ម៉ី ផល្គុន បានបង្ហើបពីចំណុចពិសេសទាំងបីនោះគឺ ទី១ មានទីតាំងល្អអាចឲ្យអាជីវកម្មងាយស្រួលក្នុងការជួបឬទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន (ងាយស្រួលទាំងទីតាំងចតយានយន្តផង) ទី២ ផ្ដល់បរិយាកាសល្អសម្រាប់ដំណើរការអាជីវកម្ម ដូចនេះអាជីវកម្មថ្មីៗ នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ផ្ដោតលើការផ្ដល់សេវាកម្ម និងការធ្វើទីផ្សារ និងទី៣ លើសពីកន្លែងសម្រាប់តែធ្វើអាជីវកម្ម ពោលគឺជាកន្លែងសម្រាប់ធ្វើវគ្គបណ្ដុះបណ្ដាល ចែករំលែកបទពិសោធនានាដល់អាជីវកម្មដែលបង្កើតថ្មី និងជាកន្លែងដែលម្ចាស់អាជីវកម្មរៀនសូត្រពីគ្នាបានទៅវិញទៅមក។
«យើងសម្រេចចិត្តបង្កើត Coworking Todayឡើង ដោយសារជាក់ស្ដែងខ្ញុំផ្ទាល់ជាអ្នកធ្លាប់ជួល Office Spaceពីគេសម្រាប់ធ្វើការ។ តែយើងមើលឃើញថា office ទាំងនោះមិនអាចផ្ដល់អ្វីទៅតាមតម្រូវ ដល់យើងក្នុងនាមជាអតិជននៅឡើយ» នេះជាការលើកឡើងរបស់លោក ម៉ី ផល្គុន។ លោកបន្ថែមថា នេះក៏ដោយសារ តម្រូវការនៃការប្រើប្រាស់ការិយាល័យមានច្រើនជាង ការផ្ដល់សេវាកម្មជួលការិយាល័យ។ លោកបញ្ជាក់៖ «ទោះបើយើងមិនជួល ក៏មានអ្នកផ្សេងគេមកជួលជំនួសយើង ព្រោះតម្រូវការការិយាល័យធ្វើការ វាមានខ្ពស់។ អីចឹងហើយបានជាការផ្ដល់សេវាកម្ម វាមិនសូវបានល្អ»។
បើតាមលោក ម៉ី ផល្គុន ដោយសារមើលឃើញបញ្ហានេះហើយ ទើបលោកនិងដៃគូ សម្រេចចិត្ត បង្កើតការិយាល័យធ្វើការរួមមួយ សម្រាប់ក្រុមការងាររបស់លោកផ្ទាល់ផង និងអាចជួយដល់អាចជួយដល់អាជីវកម្មបង្កើតថ្មីៗ ឲ្យទទួលបានការិយាល័យ ធ្វើការដែលមានបរិយាកាសល្អប្រសើរផង។
បច្ចុប្បន្ននេះ Coworking Today កំពុងត្រូវបានស្ថាបនា ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយវានឹងក្លាយកន្លែងមួយដែលផ្ដល់ការិយាល័យធ្វើការគ្រប់ប្រភេទទៅតាមតម្រូវការរបស់អតិថិជន។ ក្នុងនោះរួមមានការិយាល័យសម្រាប់បុគ្គលម្នាក់ រហូតសម្រាប់ការងារជាក្រុម ហើយក៏មានជាប្រភេទសម្រាប់ការងារពេញម៉ោង និងក្រៅម៉ោងផងដែរ។
គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ មានប្រភេទការិយាល័យរួមគ្នា ដែលមានលក្ខណៈស្រដៀងនឹង Coworking Today ចំនួនជិត ១០កន្លែងរួមមាន Emerald HUB, The Desk, SmallWorld, Outpost Cambodia Regus, ជាដើម ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍និងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។
«បើសាខាទីមួយរបស់យើងនៅអាងទឹកអូឡាំពិចដំណើរការទៅដោយជោគជ័យ Coworking Today នឹងបន្ថែមសាខាថ្មីមួយទៀតដែលមានទីតាំង និង បរិយាកាសកាន់តែល្អថែមទៀត» នេះជាការបញ្ជាក់បន្ថែម របស់សហស្ថាបនិក Coworking Today និងម្ចាស់គេហទំព័រ KHPages.com លោក ម៉ី ផល្គុន ៕
ដោយ៖ រឿន វាសនា