Honor ចេញ Laptop ដំបូងរបស់ខ្លួន MagicBook សមត្ថភាពខ្លាំងប្រើ CPU ជំនាន់ទី៨
នៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ Honor នៅសប្ដាហ៍នេះ ក្រុមហ៊ុនថែមទាំងបានបង្ហាញកុំព្យូទ័រយួរដៃដំបូងរបស់ខ្លួនផងដែរ ដែលមានឈ្មោះ Honor MagicBook។ កុំព្យូទ័រ notebook ដំបូងនេះ ត្រូវបានឌីហ្សាញរូបរាងស្លីម កម្រាស់ និងគែមអេក្រង់ស្ដើងទាន់សម័យ។ ឡេបថបអេក្រង់ ១៤អ៊ីញថ្មីដំបូងរបស់ Honor នេះនឹងមានលក់ចាប់ពីសប្ដាហ៍ក្រោយ ជាមួយតម្លៃចាប់ពី ៨០០ដុល្លារ ដែលនឹងមានជម្រើសលក្ខណៈសម្បត្តិពីរផ្សេងគ្នា។
Honor MagicBook ប្រើ CPU intel Core i7-8550U គាំទ្រ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB ក៏ដូចជាក្រាហ្វិក NVIDIA GeForce MX150 ។ ម៉ូដែលលក្ខណៈសម្បត្តិនេះនឹងមានលក់ក្នុងតម្លៃ ៥៦៩៩យន់ ឬប្រហែល ៩០០ដុល្លារ។ រីឯម៉ូដែលលក្ខណៈសម្បត្តិមួយទៀត នឹងមានតម្លៃធូរថ្លៃជាងត្រឹម ៨០០ដុល្លារ ឬ ៤៩៩៩យន់ ហើយប្រើ CPU ប្រភេទ Intel Core i5-8250U អមដោយ RAM 8GB និងមានអង្គចងចាំ 256GB ហើយមានក្រាហ្វិក NVIDIA GeForce MX150។
កុំព្យូទ័រ MagicBook ប្រើថាមពល 57Wh ដែលអាចសាកថ្មនៅចន្លោះពី ១២ម៉ោង ទៅ ១៣ម៉ោងក្រោយសាកថ្មពេញ។ ម៉ាស៊ីន notebook ទំនើបនេះ មានរន្ធ USB Type-C, USB 3.0 Type-A និង USB 2.0 Type-A ក៏ដូចជារន្ធ HDMI និងមានមុខងារស្កេនក្រយៅដៃ ហើយកាន់តែពិសេសវាបានបំពាក់ speaker ដល់ទៅ៤ ជាមួយបច្ចេកវិទ្យា Dolby Atmos។ សម្រាប់ព័ត៌មានលំអិតបន្ថែមអំពីលក្ខណៈសម្បត្តិនៃ Honor MagicBook អាចចូលទៅកាន់វែបសាយផ្លូវការរបស់ Huawei Honor។ ក្រុមហ៊ុន Honor មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនឹងដាក់លក់ Laptop រាងស្លីមដំបូងរបស់ខ្លួននៅឡើយ៕
ដោយ៖ រឹទ្ធិរាជ