គំនិត ៣យ៉ាងដែលអាចជួយម្ចាស់អាជីវកម្មថ្មីថ្មោង ​សម្ភាសជ្រើសរើសបុគ្គលិកដែលស័ក្ដិសម​បាន​



នៅ​ពេល​ចាប់ផ្ដើម​អាជីវកម្ម ការ​សម្ភាស​ជ្រើសរើស​បុគ្គលិក​គឺជា​ដំណាក់កាល​ដ៏​សំខាន់​មួយ ហើយ​វា​ក៏​មាន​ផល​លំបាក​ជាច្រើន​ដែរ ជាពិសេស​គឺជា​ការ​សម្ភាស​បែប​ណា​ទើប​ទទួល​បាន​នូវ​មនុស្ស​ដែល​ពិត​ជា​ស័ក្ដិសម​សម្រាប់​អាជីវកម្ម​របស់​អ្នក។ បើ​អ្នក​កំពុង​តែ​មាន​បញ្ហា​នេះ គំនិត​ចំនួន​៣​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​បាន៖

១) បណ្ដុះ​នូវ​វប្បធម៌​ក្រុមហ៊ុន​របស់​អ្នក៖ ជាទូទៅ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​តែង​ផ្ដោត​សំខាន់​ទៅលើ​គុណសម្បត្តិ​របស់​អ្នក​មក​សម្ភាស​សុំ​ការងារ​ដែល​មាន​ដូចជា សមត្ថភាព ជំនាញ និង​បទពិសោធន៍​ជាដើម​នេះ ដោយ​មិន​សូវ​បាន​យកចិត្តទុកដាក់​ទៅលើ​ការ​បណ្ដុះ​នូវ​វប្បធម៌​ដែល​ជា​គោលការណ៍​និង​សសរ​គ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​ទ្រទ្រង់​នូវ​អាជីវកម្ម​របស់​គេ​នោះ​ឡើយ។ វប្បធម៌​ក្រុមហ៊ុន​មាន​សារសំខាន់​ណាស់ ព្រោះ​ថា​បើ​អ្នក​មិន​គិតគូរ​យក​គោលការណ៍​អ្វីមួយ​ជា​គោល​សម្រាប់​ត្រួសត្រាយ​ផ្លូវ​ដើរ​របស់​ក្រុមហ៊ុន​អ្នក​ទេ នោះ​អ្នក​ក៏​ពិបាក​នៅ​ក្នុង​ការ​ដើរ​ឆ្ពោះ​ទៅ​មុខ និង​ពិបាក​ក្នុង​ការ​ទាក់ទាញ​យក​បុគ្គលិក​ណា​ដែល​ស័ក្ដិសម​ពិត​ប្រាកដ​សម្រាប់​អាជីវកម្ម​អ្នក​នោះ​ដែរ។

២) ត្រួតពិនិត្យ​បញ្ជាក់​ឡើង​វិញ​នូវ​ការ​អះអាង​របស់​អ្នក​សម្ភាស​សុំ​ការងារ​របស់​អ្នក៖ មនុស្ស​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ច្រើន​បែប​ដើម្បី​ទាក់ទាញ​អ្នក​មក​ចាប់​អារម្មណ៍​ទៅលើ​ពួកគេ បើ​ទោះ​ជា​ព័ត៌មាន​ដែល​ពួកគេ​រៀបរាប់​អំពី​ខ្លួនឯង​នោះ​គឺជា​ព័ត៌មាន​ប្រឌិត​ឬ​មាន​លក្ខណៈ​បំផ្លើស​ពី​ការ​ពិត​ជាក់ស្ដែង​ក៏​ដោយ។ ហេតុនេះ វា​ជា​ការ​ចាំបាច់​ណាស់​ដែល​អ្នក​គួរតែ​ធ្វើការ​ត្រួតពិនិត្យ​បញ្ជាក់​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​សម្ភាស​សុំ​ការងារ​របស់​អ្នក​សរសេរ​ក្នុង​ពាក្យ​សុំ​ការងារ និង​អ្វី​ដែល​ពួកគេ​ប្រាប់​អ្នក​ក្នុង​ការ​សម្ភាស ដោយ​អាច​សាកសួរ​អ្នក​រួម​ការងារ​របស់​ពួកគេ​ឬ​ជា​គ្រូ​មក​ពី​សាលា​ដែល​ពួកគេ​ធ្លាប់​រៀន​ក៏​បាន។

៣) ផ្លាស់ប្ដូរ​សំណួរ​សម្ភាស​របៀប​ចាស់​ដដែលៗ​ពី​មុន​ចេញ៖ បើ​អ្នក​សួរ​តែ​សំណួរ​ដដែលៗ​តាម​ទម្លាប់​ដូច​គេ​ដូច​ឯង​ដែល​ធ្លាប់​តែ​មាន​ក្នុង​ការ​សម្ភាស​ការងារ​របស់​ក្រុមហ៊ុន​ដទៃ​ៗ​មក នោះ​អ្នក​អាច​នឹង​ទទួល​បាន​នូវ​ចម្លើយ​ដែល​មាន​លក្ខណៈ​ភូត​កុហក​បាន ព្រោះ​ថា​អ្នក​សម្ភាស​សុំ​ការងារ​របស់​អ្នក​នឹង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ចម្លើយ​ឆ្លើយតប​ទៅ​កាន់​ការ​សួរ​របស់​អ្នក​វិញ​បាន​យ៉ាង​ល្អ។ នេះ​នឹង​មិន​អាច​ធ្វើឲ្យ​អ្នក​ទាក់ទាញ​យក​បាន​នូវ​មនុស្ស​ដែល​ពិត​ជា​ស័ក្ដិសម​សម្រាប់​រួម​ផ្លូវ​ជាមួយ​គ្នា​ក្នុង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង​នោះ​ឡើយ។ ហេតុនេះ អ្នក​គួរតែ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​ចំពោះ​សំណួរ​ដែល​អ្នក​នឹង​ត្រូវ​សួរ​ទៅ​កាន់​ពួកគេ៕

ដោយ៖ ស្រីពៅ

X
5s