បើគ្មានគម្រោងដើរលេងចូលឆ្នាំខ្មែរនេះទេ អ្នកអាចអនុវត្តចំណុចដែលមានប្រយោជន៍ខាងក្រោមនេះបាន
ចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ហើយ។ ប្រសិនជាគ្មានគម្រោងដើរលេងទេទៅណាទេ អ្នកក៏ពុំគួរទុកពេលវេលាទំនេរចោល អត់ប្រយោជន៍ដែរ។ ម៉្យាងវិញទៀត ប្រសិនជាមិនធ្វើអ្វីសោះ អ្នកច្បាស់ជាធុញជាពុំខាន។ អ៊ីចឹងហើយ កុំខ្ជះខ្ជាយពេលវេលាអស់ប្រយោជន៍អី។ នេះបើតាមគេហទំព័រWikihow អ្នកអាចធ្វើរឿងដែលមានប្រយោជន៍និងមានន័យសម្រាប់ខ្លួនឯងបានដូចខាងក្រោម៖
១) ស្រូបយកខ្យល់បរិសុទ្ធ៖ ត្រឹមដើរលេងជិតៗ ទៅលេងសួនច្បារឬមាត់ទន្លេក៏ល្អដែរ។ អ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ម៉្យាងវិញទៀត វាជួយកាត់បន្ថយស្រ្តេសដែលអ្នកមានរាល់ថ្ងៃ។ លើសពីនេះ វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។
២) ធ្វើអ្វីដែលអ្នកពុំធ្លាប់មានឱកាសធ្វើ៖ ប្រសិនអ្នកធ្លាប់មានអ្វីដែលចង់ធ្វើ ប៉ុន្តែគ្មានពេលធ្វើ នោះអ្នកអាចឆ្លៀតឱកាសពេលទំនេរចូលឆ្នាំនេះ។ វាអាចជាទៅពិសាម្ហូបដែលអ្នកចង់ញាំកន្លងមកឬក៏ទៅទស្សនាកន្លែងដែលអ្នកចង់ទៅ។ល។
៣) ទៅដើរលេងជាមួយមិត្ត៖ អ្នកអាចរកមិត្តជិតស្និទ្ធស្នាលហើយទៅដើរលេងជាមួយគ្នា សាកល្បងអ្វីថ្មីជាមួយគ្នា។ វាមានន័យសម្រាប់ជីវិត។
៤) ពង្រីកចំណេះដឹង៖ ពេលវេលាឈប់សម្រាកគឺជាឱកាសដ៏ល្អដែលអ្នកអាចរៀនអ្វីថ្មី ពង្រីកចំណេះដឹង។ល។ កុំទុកពេលវេលាចោលអស់ប្រយោជន៍។ រៀនអ្វីថ្មី ចេះកាន់តែច្រើន ឱកាសក្នុងជីវិតក៏កាន់តែច្រើនផងដែរ។ វាអាចតបស្នងនាថ្ងៃខាងមុខ។
៥) មានកម្មវិធីជួបជុំ៖ ប្រសិនជាអ្នកមិនទៅណានោះទេ អ្នកក៏អាចរៀបចំកម្មវិធីនៅផ្ទះរបស់អ្នកហើយអញ្ជើញមនុស្សជិតស្និទ្ធមកចូលរួមផងដែរ។ ជជែកគ្នាលេង បង្កើនទំនាក់ទំនង បង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សដែលសំខាន់ក្នុងជីវិត៕
ដោយ៖ មុយយូ