ហាមនិយាយពាក្យទាំង ៤ ឃ្លានេះ ប្រសិនបើអ្នកធ្វើការជាអ្នកលក់ (sales)
ប្រសិនបើអ្នកធ្វើការជាអ្នកលក់ (sales) ពាក្យសម្ដី គឺជាអាវុធដ៏មុតស្រួចដើម្បីអន្ទងចិត្តអតិថិជនឱ្យទិញទំនិញរបស់អ្នក។ ដូច្នេះ បើប្រសិនបើអ្នកកំពុងធ្វើការងារជាអ្នកលក់ សូមកុំនិយាយពាក្យទាំង ៤ឃ្លានេះឱ្យសោះបើមិនចង់ឱ្យអតិថិជនឈប់មករកអ្នកទៀត។
១) ខ្ញុំមិនទាន់ ឬមិនធ្លាប់ប្រើវាទេ សាកគិតទៅមើល បើអ្នកលក់ផលិតផលអ្វីមួយ ហើយបែរជាប្រាប់អតិថិជនថា មិនធ្លាប់ប្រើផលិតផលនោះទេ អ្នកធ្វើឱ្យអតិថិជនទុកចិត្តមកលើផលិតផលរបស់អ្នកយ៉ាងម៉េចទៅ។ ដូច្នេះបើអ្នកធ្វើការជាអ្នកលក់ផលិតផល ឬសេវាអ្វីក៏ដោយ គឺត្រូវតែដឹងច្បាស់ពីផលិតផលនោះ ហើយត្រូវប្រើវាផងដែរដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត។
២) នេះជាគោលការណ៍របស់ក្រុមហ៊ុន «នេះជាគោលការណ៍របស់ក្រុមហ៊ុន» គឺប្រហែលជាពាក្យដែលលោកអ្នកមិនគួរនិយាយទៅកាន់អតិថិជនរបស់អ្នកនោះទេ។ អតិថិជនច្បាស់ណាស់ថា មិនខ្វល់ពីគោលការណ៍របស់ក្រុមហ៊ុនអ្នកយ៉ាងណានោះទេ តែគេខ្វល់ពីសេវាកម្មដែលក្រុមហ៊ុនរបស់អ្នកផ្ដល់ជូនអតិថិជន។ ប្រសិនបើពេលខ្លះ លោកអ្នកពិបាកក្នុងការដោះស្រាយជាមួយអតិថិជនដោយសារតែការចង់បានច្រើនពេកនោះ គឺមិនត្រូវបោះបង់ឱកាសនោះចោលទេ ពោលគឺត្រូវគិតពីដំណោះស្រាយមិនមែនផ្ដោតតែទៅលើបញ្ហានោះទេ។
៣) វាមិនមែនជាកិច្ចការរបស់ខ្ញុំទេ លោកអ្នកត្រូវតែចេះទទួលខុសត្រូវចំពោះអ្វីក៏ដោយដែលជាទង្វើរបស់ខ្លួនបានប្រព្រឹត្តទៅ មិនថាជីវិតផ្ទាល់ខ្លួន ឬបំពេញការងារនោះទេ។ មិនត្រូវបន្ទោសអ្នកណាម្នាក់ ឬកត្តាអ្វីផ្សេងដើម្បីគេចផុតពីការទទួលខុសត្រូវនោះឡើយ។ ដូច្នេះ បើអតិថិជនសួរឬចង់ដឹងពីអ្វីមួយដែលទាក់ទងទៅនឹងបញ្ហាពាក់ព័ន្ធនឹងក្រុមហ៊ុន/ផលិតផល/សេវាកម្ម របស់អ្នក កុំពោលពាក្យដូច្នេះ តែលោកអ្នកត្រូវតែចេះនឹករកឃ្លាផ្សេងដែលជំនួសឱ្យពាក្យមួយឃ្លានេះដូចជា ៖«សូមទោស គ្នាឬមេរបស់ខ្ញុំដឹងច្បាស់ជាង! ឬ ខ្ញុំនឹងឱ្យអ្នកទទួលខុសត្រូវផ្នែកនេះទាក់ទងបងភ្លាមៗ...!»។
៤) ខ្ញុំសម្រាកថ្ងៃនេះ ពាក្យមួយឃ្លានេះ គឺមិនអាក្រក់ពេកនោះទេ ប៉ុន្តែប្រសិនបើអតិថិជនរបស់អ្នកសួរអ្នកពីបញ្ហាអ្វីមួយដែលចង់ដឹងព័ត៌មានភ្លាមៗ លោកអ្នកមិនគួរនិយាយថា «ខ្ញុំសម្រាកថ្ងៃនេះ» នោះទេ។ នេះជាពេលដែលអតិថិជនរត់រកអ្នក ដូច្នេះគឺត្រូវក្ដាប់ឱកាសទាញគាត់ឱ្យមកទិញទំនិញ ឬសេវាកម្មរបស់លោកអ្នកឱ្យបាន៕
ដោយ៖ រតនៈវិភូ