តើ​អ្នក​យល់​ថា​ អតិថិជន​របស់​អ្នក​មាន​អ្វីខ្លះ​ដែល​ជា​តម្រូវការ​​​មូលដ្ឋាន​របស់​ពួកគេ?​



ការ​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន ​គឺជា​ស្នូល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​កំណត់​ទៅលើ​ភាព​ជោគជ័យ​របស់​អាជីវកម្ម​អ្នក។ តើ​អ្នក​យល់​ថា​ អតិថិជន​របស់​អ្នក​មាន​អ្វីខ្លះ​ដែល​ជា​តម្រូវការ​ដ៏​មូលដ្ឋាន​របស់​ពួកគេ ?

១) ដាក់​ចិត្ត​ក្នុង​ការ​ស្វែងយល់​ពី​ពួកគេ៖ កេរ្តិ៍ឈ្មោះ​នៃ​អាជីវកម្ម​របស់​អ្នក​មិនមែន​ស្ថិត​តែ​ម្យ៉ាង​នៅ​ត្រង់​គុណភាព​ខ្ពស់​ដាច់​គេ​នៃ​ផលិតផល​អ្នក​នោះ​ទេ។ ស្នូល​ដ៏​សំខាន់​មួយ​ទៀត​ដែល​ជួយ​ទ្រទ្រង់​និង​រុញ​ច្រាន​ភាព​រីកចម្រើន​នៅ​ក្នុង​អាជីវកម្ម​អ្នក ក៏​ស្ថិត​នៅ​ត្រង់​ឥរិយាបថ​របស់​អ្នក​ដែល​ជា​អ្នក​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ផង​ដែរ។ អ្នក​ត្រូវ​ព្យាយាម​ស្វែងយល់​អតិថិជន​របស់​អ្នក​ពី​មូលហេតុ​ដែល​ពួកគេ​មក​រក​អ្នក និង​ថា​តើ​ពួកគេ​រំពឹង​ចង់​បាន​អ្វី​ពី​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក។

២) ភាព​យុត្តិធម៌៖ ទាំង​អ្នក​ទាំង​គេ​សុទ្ធតែ​មិន​ចង់​ទទួល​បាន​ភាព​អយុត្តិធម៌។ បើ​អ្នក​ប្ដេជ្ញា​ចិត្ត​ថា​ចង់​ក្លាយ​ជា​អ្នក​ផ្ដល់​សេវាកម្ម​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​របស់​អ្នក​និង​ចង់​ទទួល​បាន​នូវ​ការ​ជឿ​ទុកចិត្ត​ពី​ពួកគេ​មក​លើ​អ្នក ខណៈ​ពេល​ដែល​ពួកគេ​អាច​មាន​ជម្រើស​ច្រើន​បែប​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ប្រកួត​របស់​អ្នក នោះ​អ្នក​ត្រូវ​តែ​បម្រើ​ពួកគេ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ស្មើ​ភាព​គ្នា ដោយ​មិន​មាន​នូវ​ការ​ប្រកាន់​វណ្ណៈ បក្សពួក យសស័ក្ដិ ពណ៌​សម្បុរ ឬ​ទ្រព្យសម្បត្តិ​អ្នក​មាន​អ្នក​ក្រ​អ្វី​នោះ​ឡើយ។

៣) ការ​ផ្ដល់​ជូន​ព័ត៌មាន​ប្រកប​ដោយ​ភាព​កក់ក្ដៅ៖ អ្នក​អាច​មាន​គេហទំព័រ​ជា​ផ្លូវ​ការ​សម្រាប់​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក ឬ​ក៏​អ្នក​អាច​នឹង​បាន​ផ្សព្វផ្សាយ​តាមរយៈ​វិធី​ផ្សេង​ៗ​ដូចជា​តាម​បណ្ដាញ​សង្គម ទស្សនាវដ្ដី ឬ​ក៏​តាម​កាសែត​ជាដើម ប៉ុន្តែ​អ្នក​មិន​គួរ​គិត​ថា​ដោយ​ហេតុ​តែ​អ្នក​បាន​ផ្ដល់​ជូន​ព័ត៌មាន​ទាំងឡាយ​ដែល​មាន​អំពី​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​រួច​តាម​វិធី​ដូច​រៀបរាប់​ខាងលើ​មក​ហើយ នោះ​អ្នក​មិន​ចាំបាច់​រៀបរាប់​ផ្ដល់​ព័ត៌មាន​អ្វី​ទៀត​នោះ​ទេ នៅ​ពេល​ដែល​អតិថិជន​បាន​មក​ដល់​កន្លែង​អ្នក​ដើម្បី​ជាវ​ផលិតផល​របស់​អ្នក​យក​ទៅ​ប្រើប្រាស់។ យ៉ាងណាមិញ អ្នក​ត្រូវ​យល់​ថា​មនុស្ស​ភាគច្រើន​ចង់​បាន​ព័ត៌មាន​ទាំងនោះ​ដោយ​ផ្ទាល់​ពី​អ្នក​ព្រោះ​បែប​នេះ​ទើប​ពួកគេ​មាន​ភាព​កក់ក្ដៅ​និង​ជឿជាក់​បាន៕

ដោយ៖ ស្រីពៅ

X
5s