​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​នៅ​ស្រុក​ស្វាយជ្រំ​៖ ​សង្ក្រាន្ត​ដូនស​​



នា​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​​ នឹង​មាន​ការ​រៀប​ចំ​កម្មវិធី​ដ៏​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​ គឺ​​​ព្រឹត្តិការណ៍​ សង្ក្រាន្ត​ដូនស​ ដែល​ជា​ការ​រៀប​ចំ​ដំបូង​ នៅ​ទឹកដី​​​វិទ្យាល័យ​ហ៊ុន​សែន​សាមគ្គី​ដូនស​ ស្រុក​ស្វាយ​ជ្រុំ​​ ដែល​មាន​ចម្ងាយ​ប្រមាណ​តែ ១៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្វាយរៀង។ សង្ក្រាន្ត​ដូនស​​ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​កម្លាំង​សាមគ្គី​ ទាំង​ថវិកា​ ទាំង​សម្ភារៈ និង​កម្លាំង​ ​​ពី​ប្រជា​ពលរដ្ឋ​នៅ​​ឃុំ​ដូនស​ ​និង​ ​អតីត​សិស្ស​និង​សិស្ស​កំពុង​សិក្សា​នៅ​​វិទ្យាល័យ​ហ៊ុន​សែន​សាមគ្គី​ដូនស យុវជន​យុវនារី​ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​យុវជន​ ម៉ៅ សុភ័ណ្ឌ​ អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​សាមគ្គី​ដូនស​ ​ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​នៅ​ធានាគារមួយ​​នា​ទីក្រុង​ភ្នំពេញ។ ​​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ជា​លើក​ដំបូង​ក្នុង​ទឹកដី​​ដូនស​ នេះ​ យុវជន​ ម៉ៅ សុភ័ណ្ឌ បាន​លះបង់កម្លាំង​កាយ​ចិត្ត​យ៉ាង​ច្រើន​ដើម្បី​រៀប​ចំ​ឱ្យ​ទទួល​បាន​ជោគជ័យ​។ «នេះ​ជា​ការ​រៀប​ចំ​ដំបូង​នៅ​ទឹកដី​អតីត​សាលា​វិទ្យាល័យ​ក្នុង​​ឃុំ​របស់​យើង ហើយ​ខ្ញុំ​សុខចិត្ត​​​សុំ​ច្បាប់​ពី​កន្លែង​ការងារ​ ដើម្បី​រៀប​ចំ​កម្មវិធី​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ»។ ​នេះ​ជា​ការ​ថ្លែង​បញ្ជាក់​បន្ថែម​ពី យុវជន ម៉ៅ សុភ័ណ្ឌ។ បើ​តាម​ការ​​ឱ្យ​ដឹង​ពី​អ្នក​រៀប​ចំ​ខាង​លើ​ កម្មវិធី​សង្ក្រាន្ត​ដូនស​ នឹង​រៀប​ចំ​រយៈពេល​ បី​ថ្ងៃ​ពេញ​តែ​ម្ដង​ គឺ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​ ដោយ​មាន​​​កម្មវិធី​ចម្រុះ​សម្បូរ​បែប​ដូច​ជា​ ការ​ប្រកាស​បើក​ពី​គណៈ​ដឹក​នាំ​ឃុំ​ កម្មវិធី​ចែក​រំលែក​បទ​ពិសោធន៍​ពី​ភាព​ជោគជ័យ​នៃ​ការ​សិក្សា​ និង​ការងារ​ពី​​អតីត​សិស្ស​​ កម្មវិធី​ព្រះពុទ្ធសាសនា​​​ឧទ្ទិសកុសល​ជូន​ដល់​លោក​គ្រូ​អ្នក​គ្រូ​ដែល​បាន​ទទួល​មរណភាព​ ព្រះសង្ឃ​និមន្ត​ចម្រើន​ព្រះបរិត្ត​ និង​បួងសួង​សុំ​ក្ដី​សុខ​ កម្មវិធី​ដឹង​​គុណ​​ និង​សូម​ខមាទោស​​លោក​គ្រូ​អ្នក​គ្រូ​ ​កម្មវិធី​ផ្សព្វផ្សាយ​ និង​អបអរសាទរ​ក្រមា​ខ្មែរ​វែង​ជាង​គេ​បំផុត​ក្នុង​លោក​​​ដែល​​ទើប​តែ​ជាប់​ឯតទគ្គកម្មពិភពលោក (World Guinness Record)​​ កម្មវិធី​បាញ់និង​គប់​ទឹក​ និង​កម្មវិធី​លេង​ល្បែង​ប្រជា​ប្រិយ​ចម្រុះ​ជា​​ច្រើន​មុខ​ទៀត។ ​ដោយ​ឡែក នៅ​ថ្ងៃ​ទី​៣​ នឹង​មាន​រៀប​ចំ​កម្មវិធី​ស្រង់ព្រះ​ ក្រោម​ប្រធាន​បទ​ «ស្រង់​ព្រះ​ត្រជាក់​ចិត្ត»។ ​​ ​ យុវជន ម៉ៅ សុភ័ណ្ឌ បាន​រៀប​រាប់​បន្ត​ថា​ ៖«​យើង​សង្ឃឹម​ថា​ បង​ប្អូន​​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​សាមគ្គី​ដូនស​ ​បង​ប្អូន​ប្រជាពលរដ្ឋ​​នៅ​​ក្នុង​ឃុំ​របស់​យើង ​ក៏​ដូច​ជា​​សប្បុរសជន​មក​ពី​ទី​ជិត​ឆ្ងាយ​ចូលរួម​ឧបត្ថម្ភ​​​ជា​ថវិកា​ ឬ​សម្ភារៈ​ផ្សេងៗ​ ដល់​ការ​រៀប​ចំ​ កម្មវិធី​សង្ក្រាន្ត​ ក្នុង​ទឹកដី​ឃុំដូនស​ និង​​មក​ចូលរួម​​ទាំង​បី​ថ្ងៃ​ដោយ​ក្ដី​សប្បាយ​រីករាយ​ប្រកប​ដោយ​កម្លាំង​សាមគ្គី​ និង​​ជា​ភាតរភាព។ ខ្ញុំ​សូមអរគុណដល់​ការ​ចូលរួម​ទាំង​ថវិកា និង​សម្ភារៈ ជា​ពិសេស​អរគុណ​ដល់​​បង​ប្អូន​និង​យុវជន​យុវនារី​ដែល​បាន​ជួយ​រៀប​យ៉ាង​សស្រាក់សស្រាំប៉ុន្មាន​ថ្ងៃ​មក​នេះ»។ ចំពោះ​ការ​ចូលរួម​ឧបត្ថម្ភទាំង​សម្ភារៈ​និង​ថវិកា​​ និង​ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទង​​មក​ យុវជន ម៉ៅ សុភ័ណ្ឌ​ ដែល​មាន​លេខ​ទូរស័ព្ទ 077 314 731៕ ​​​​ ​​​​​​​ឧបត្ថម្ភ​ការ​ផ្សាយ​៖ BizKhmer ​ ​
X
5s