សហគ្រិន​កម្ពុជា​ នឹង​ចូលរួម​ក្នុង​សមាជ​សហគ្រិន​ពិភព​លោក (Global Entrepreneurship Congress)​



អ្នក​ឧកញ៉ា សុខ ពិសិទ្ធ ប្រធាន​បណ្ដាញ​សហគ្រិនភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និងជា​​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ផ្នែក​ពិគ្រោះ​យោបល់​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) នឹង​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​​ក្នុង​សមាជ​សហគ្រិន​ពិភព​លោក(GEC)លើកទី១០។ សមាជ​នេះនឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៦ ដល់១៩ ខែ​មេសា ឆ្នាំ ២០១៨ ​នៅ​ទីក្រុង អ៊ីស្តាន់ប៊ុល ប្រទេស​តួគី។ នេះ​បើ​តាម​​ការ​ចុះផ្សាយ​ពី​គេហៈ​ទំព័រ​ផ្ទាល់ របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា។ សមាជ​​សហគ្រិនភាព​ពិភពលោក​គឺ​ជា​កម្មវិធី​មួយ ដែល​រៀបចំ​​ឡើង​ដើម្បី ឲ្យ​មាន​ការ​ជួបជុំ​គ្នា​រវាង អាជីវកម្ម​បង្កើត​ថ្មី លំដាប់​កំពូល​ពី​ជុំវិញ​ពិភពលោក ហើយក៏​ជា​កន្លែង​សម្រាប់ សហគ្រិន វិនិយោគិន​ អ្នក​សរសេរ​ផែនការ​នយោបាយ និង អ្នកដឹក​នាំ​កំពូល​ៗ ជួប​ពិភាក្សា​គ្នា​ដើម្បី បង្កើត​គំនិតក្នុង​ការ​រក្សា និង លើកកម្ពស់​នូវ​កំណើន​សេដ្ឋកិច្ច​ និង​សុខុមាលភាព​ប្រជាជន។ ​​​​​​​​​​​​​​​​ជំនួប​នេះ​ នឹង​មាន​ការ​ចូល​រួ​ម​ពី​​​គណៈប្រតិភូ មកពី ១៧០ ​ប្រទេស​ ដើម្បី​ពិភាក្សា​ពី បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង នយោបាយ​ដែល​កើត​ចេញ​អំពី​ការ​រីកចម្រើន​នៃ ប្រព័ន្ធ​អេកូឡូស៊ី​បែប​សហគ្រិនភាព។ ចំពោះខួបលើកទី១០​នេះ​ (GEC) នឹងធ្វើឡើងនៅទីក្រុង អ៊ីស្តាន់ប៊ុល ខណៈ​ដែលជំនួបមុនៗ ធ្វើ​នៅ​ទី​ក្រុង​ល្បី​ៗ​ដូចជា៖ កាន់សាស់(2009), ឌូបៃ (2010), សៀងហៃ (2011), Liverpool (2012), Rio de Janeiro (2013), មូស្គូ (2014), Milan (2015), Medellin (2016) និង Johannesburg (2017) ដោយ៖ វាសនា
X
5s