តើគួរ​គ្រប់គ្រងហិរញ្ញវត្ថុរបស់អាជីវកម្មយ៉ាងណា នៅក្នុងស្ថានភាពដែលកំពុងតែកាក់កប?​



ជា​ការ​ប្រសើរ​ណាស់​ដែល​អាជីវកម្ម​របស់​អ្នក​កំពុងតែ​ជួប​ភាព​រីកចម្រើន និង​រក​ចំណូល​បាន​កាក់កប។ យ៉ាងណាមិញ ក្នុង​ពេល​នេះ​ដែរ​អ្នក​ក៏​ត្រូវ​ជួប​បញ្ហា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ហិរញ្ញវត្ថុ​របស់​អ្នក​ដែរ។ តើ​បញ្ហា​ទាំងនោះ​ជា​អ្វីខ្លះ ហើយ​ថា​តើ​ដំណោះស្រាយ​គួរតែ​មាន​យ៉ាង​ដូចម្ដេច​ចំពោះ​វា​វិញ ?

១) ដើរ​តាម​គម្រោង​ចំណាយ​របស់​អ្នក៖ នៅ​ពេល​អាជីវកម្ម​របស់​អ្នក​កំពុងតែ​កាក់កប ស្ថានភាព​បែប​នេះ​អាច​នឹង​ងាយ​អូសទាញ​អ្នក​ឲ្យ​ចំណាយ​បន្ថែម​ក្រៅ​ពី​អ្វី​ដែល​អ្នក​បាន​កំណត់​ទុក​រួច​ជា​ស្រេច​នៅ​ក្នុង​គម្រោង​ចំណាយ​ពី​ដំបូង​របស់​អ្នក​បាន។ បើ​ទោះ​ជា​គម្រោង​ចំណាយ​មាន​ពេល​ខ្លះ​ត្រូវ​បត់បែន​កែសម្រួល​អាស្រ័យ​ទៅ​តាម​កាលៈទេសៈ ស្រប​ពេល​ដែល​ប្រាក់​ចំណូល​របស់​អ្នក​ក៏​រក​បាន​កាក់កប​ជាង​មុន​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ពិចារណា​ល្អិតល្អន់​ជា​មុន​សិន​ដែរ​ថា​តើ​អ្វី​ដែល​អ្នក​ចង់​ចំណាយ​ទៅលើ​នោះ​គឺជា​ការ​ចាំបាច់​ឬ​ក៏​អត់។

២) កត់ត្រា​វិក្កយបត្រ​បង់​ប្រាក់​ឲ្យ​បាន​ច្បាស់លាស់៖ នៅ​អំឡុង​ពេល​ដែល​មាន​អតិថិជន​ច្រើន​បែប​នេះ អ្នក​អាច​នឹង​ជួប​ភាព​ស្មុគស្មាញ​នៅ​ក្នុង​ការ​កត់ត្រា​តាមដាន​ថា​តើ​អតិថិជន​ណា​ខ្លះ​នៅ​ជំពាក់​មិន​ទាន់​បង់​ប្រាក់ ហើយ​អតិថិជន​ណា​ខ្លះ​ដែល​បាន​បង់​ប្រាក់​រួច​រាល់​អស់​ហើយ។ ហេតុនេះ​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​កត់ត្រា​ឲ្យ​បាន​ច្បាស់លាស់​នូវ​វិក្កយបត្រ​ទិន្នន័យ​របស់​អ្នក។

៣) ជួល​អ្នក​ធ្វើការ​ក្រៅ​ក្រប​ខណ្ឌ៖ បើ​អ្នក​យល់​ថា​អ្នក​មិន​អាច​ធ្វើ​កិច្ចការ​កត់ត្រា​តាមដាន​ទិន្នន័យ​ចំណូល​និង​ការ​ជំពាក់​បាន​ទេ នោះ​វា​ក៏​ជា​ការ​ប្រសើរ​ដែរ​ដែល​អ្នក​ជួល​បុគ្គលិក​ធ្វើការ​ក្រៅ​ក្រប​ខណ្ឌ​មក​ធ្វើ​កិច្ចការ​នេះ​ជំនួស​អ្នក​នៅ​ក្នុង​អំឡុង​ពេល​នេះ​បាន៕

ប្រភព៖ success.com ប្រែសម្រួល៖ ស្រីពៅ

X
5s