តើ Amazon មានរបៀបដឹកនាំយ៉ាងណាខ្លះ ដែលធ្វើឱ្យ Jeff Bezos ឡើងជាមហាសេដ្ឋីលេខ ១ក្នុងលោក?
នៅពេលចាប់ផ្ដើមដំបូងក្នុងឆ្នាំ១៩៩៤ Amazon ដែលមានលោក Jeff Bezos ជាស្ថាបនិក គ្រាន់តែជាក្រុមហ៊ុនដែលលក់សៀវភៅតាមអនឡាញប៉ុណ្ណោះ។ មកដល់បច្ចុប្បន្ន ពួកគេបានពង្រីកអាជីវកម្មរហូតទំនិញស្ទើរគ្រប់ប្រភេទត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ខ្លួន ហើយក្នុងឆ្នាំ២០១៧ត្រូវបានគេរកឃើញថាប្រាក់ចំណូលសរុបរបស់ពួកគេមានរហូតដល់ទៅ ១៧៨ពាន់លានដុល្លារហើយ លោក Jeff Bezos បានឈរលំដាប់លេខមួយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក។ ខាងក្រោមនេះគឺជាចំណុចពិសេសមួយចំនួនដែលមាននៅក្នុងរបៀបនៃការដឹកនាំរបស់ Amazon ដោយយោងតាមការចុះផ្សាយរបស់គេហទំព័រ entrepreneur.com។
១) គិតគូរសំខាន់ទៅលើអតិថិជនមុនគេ៖ ក្រុមហ៊ុន Amazon តែងផ្ដោតជាសំខាន់ទៅលើបទពិសោធន៍របស់អតិថិជន គឺខិតខំធ្វើយ៉ាងណាដើម្បីឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវបទពិសោធន៍ដ៏គួរជាទីគាប់ចិត្តបំផុតតាមតែអាចធ្វើបាន ដោយមិនគិតតែម្យ៉ាងចំពោះតែលុយចំណេញនោះឡើយ។ ត្រង់ចំណុចនេះឯងដែលបានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយដែលបានរួមចំណែកឲ្យក្រុមហ៊ុន Amazon ជោគជ័យដូចបច្ចុប្បន្ននេះ។
២) ផ្ដល់នូវភាពស្វយ័តដល់បុគ្គលិក៖ លក្ខណៈពិសេសមួយទៀតរបស់ក្រុមហ៊ុន Amazon ដែលបានអូសទាញអ្នកដឹកនាំល្អៗឲ្យចូលមកធ្វើការនៅក្នុងក្រុមហ៊ុនពួកគេ គឺនៅត្រង់ដែលពួកគេបានផ្ដល់នូវភាពស្វយ័តដល់បុគ្គលិក។ ថ្វីបើការផ្ដល់នូវភាពស្វយ័តដល់បុគ្គលិកអាចជាការបន្ធូរបន្ថយឬអាចជាការធ្វេសប្រហែសរបស់ក្រុមហ៊ុន ប៉ុន្តែAmazonក៏បានដាក់ការរំពឹងខ្ពស់ពីបុគ្គលិករបស់ខ្លួនដែរ ហេតុនេះពួកគេនឹងខិតខំធ្វើការរៀងៗខ្លួនដោយអស់ពីសមត្ថភាព ហើយភាពស្វយ័តនេះនឹងបានទុកចន្លោះឲ្យបុគ្គលិករិះរកសម្រេចការងារនោះទៅតាមគំនិតច្នៃប្រឌិតរបស់ខ្លួនផងដែរ។
៣) មានការអត់ធ្មត់៖ Amazonគឺជាក្រុមហ៊ុនលំដាប់ពិភពលោកដែលលក់ទំនិញតាមអនឡាញ ប៉ុន្តែការចាប់ផ្ដើមដំបូងនៅពេលនោះមនុស្សមិនទាន់សូវមានទម្លាប់ទិញឥវ៉ាន់តាមអនឡាញនិងទទួលទំនិញដែលខ្លួនបានទិញតាមរយៈmailនោះឡើយ។ ហេតុនេះហើយពួកគេត្រូវការអត់ធ្មត់ទម្រាំតែអាចធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលចូលចិត្តជាវទំនិញផ្សេងៗតាមវិធីបែបនោះបាន៕
ដោយ៖ ស្រីពៅ