តើការចំណាយអ្វីខ្លះ ដែលអ្នកមិនគួររារែកសម្រាប់ដំណើរការអាជីវកម្មរបស់​អ្នកក្នុងដំណាក់កាលដំបូង?​



ចង់​ដំណើរការ​អាជីវកម្ម​មួយ​ឲ្យ​ដើរ​ទៅ​មុខ​បាន ម្ចាស់​អាជីវកម្ម​នោះ​ប្រាកដ​ជា​ដឹង​ហើយ​ថា​មាន​ចំណុច​ចម្បង​ៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើការ​ចំណាយ​ទៅលើ។ ប៉ុន្តែ ខ្វះខាត​ដើម​ទុន​តែងតែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​រាល់​អាជីវកម្ម​ទាំងឡាយ។ ដូច្នេះ​ហើយ​នៅ​ពេល​ដំណើរការ​ដំបូង អ្នក​ប្រាកដ​ជា​ត្រូវ​ជ្រើសរើស​ថា​តើ​អ្វី​ខ្លះ​ដែល​គួរ​ចំណាយ​និង​អ្វីខ្លះ​ដែល​គួរតែ​ទុក​ចោល​មួយ​ឡែក​សិន។

ទោះជាយ៉ាងណាក៏ដោយ ៣​ចំណុច​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​នៅ​ក្នុង​អាជីវកម្ម​ដែល​អ្នក​មិន​គួរ​រំលង​ការ​ចំណាយ​ទៅលើ​វា​នោះ​ឡើយ៖

១) ផលិតផល​របស់​អ្នក៖ ផលិតផល​របស់​អ្នក​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​នឹង​កំណត់​ទៅលើ​ជោគវាសនា​របស់​អាជីវកម្ម​អ្នក ដែល​ហេតុនេះ​ហើយ​ទើប​អ្នក​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការ​សម្រេចចិត្ត​នានា​ចំពោះ​ផលិតផល​របស់​អ្នក ជាពិសេស​គឺ​ការ​សម្រេចចិត្ត​ចំពោះ​ការ​ចំណាយ​ប្រាក់​ទៅលើ​វា​នេះ​ឯង។ បើ​សិន​ជា​អ្នក​គិត​ថា​ការ​ចំណាយ​ណា​មួយ​នោះ​នឹង​ធ្វើឲ្យ​ផលិតផល​របស់​អ្នក​មាន​គុណភាព​និង​ភាព​ទាក់ទាញ នោះ​អ្នក​មិន​គួរ​រារែក​នឹង​ក្នុង​ការ​ចំណាយ​នោះ​ឡើយ។

២) ការ​ធ្វើ​តេស្ត​សាកល្បង​ចំពោះ​ផលិតផល​របស់​អ្នក៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​ផលិតផល​របស់​អ្នក​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ផ្ដល់​នូវ​មតិយោបល់​ល្អៗ​ជាច្រើន​ដែល​នឹង​ជួយ​កែលំអ​ដល់​ផលិតផល​របស់​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​ប្រើប្រាស់។ ហេតុនេះ វា​ក៏​ជា​ការ​ចំណាយ​ដ៏​សំខាន់​មួយ​ទៀត​ដែរ ដែល​អ្នក​មិន​គួរ​រារែក​សម្រាប់​ចាយវាយ​ទៅលើ​វា។

៣) គេហទំព័រ​វេបសាយ​របស់​អ្នក៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ដូច​ពេល​ឥឡូវ​នេះ អ្នក​អាច​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​វា​សម្រាប់​មក​ប្រើប្រាស់​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ការ​មាន​គេហទំព័រ​វេបសាយ​ផ្លូវការ​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ជាវ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​យក​ទៅ​ប្រើប្រាស់។ ម្យ៉ាងទៀត បច្ចុប្បន្ន​នេះ​ក៏​មាន​មនុស្ស​ជាច្រើន​ដែរ​ដែល​មាន​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​កុំព្យូទ័រ​និង​ទូរស័ព្ទ​ស្មាតហ្វូន ដែល​អាច​ឲ្យ​ពួកគេ​រក​អ្នក​បាន​នៅ​លើ​គេហទំព័រ​វេបសាយ​ដោយ​ងាយស្រួល​បាន៕

ប្រភព៖ lifehack.com ប្រែសម្រួល៖ ស្រីពៅ

X
5s