បច្ចុប្បន្នភាពនៃចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ របស់កម្ពុជា
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញថាអង្គភាពមួយនេះបានសម្រេចនូវជោគជ័យជាច្រើនក្នុងការងាររបស់ខ្លួន។ ក្នុងនោះមានស្នាដៃសំខាន់ៗចំនួនពីរ ដែលជាដំណឹងដ៏ល្អ ត្រូវបានលើកមកបង្ហាញ។
១.ចំណូលពីការប្រមូលពន្ធ-អាករ គ្រប់ប្រភេទមានការកើនឡើង
បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ បង្ហាញថា ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងចំណូលអនឡាញ) មានចំនួន ៥៨៣ ៤១៧,១៣លានរៀន ស្មើនឹងប្រមាណ ១៤៥,៨៥លានដុល្លាអាមេរិច។ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០១៧ ដែលសម្រេចបាន ៤៩៧,០៩ពាន់លានរៀល ( ប្រមាណ១២៤,២៧លានដុល្លា ) ឃើញថាការប្រមូលពន្ធអាករគ្រប់ប្រភេទមានការកើតឡើងចំនួន ៨៩ ៣៣១,២៦លានរៀល( ប្រមាណ២៣,៣៣លានដុល្លា ) ស្មើនឹងអត្រាកំណើន ១៨,០៨%។
កំណើននេះនឹងចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើនចំណូលក្នុងកញ្ចប់ថវិការជាតិ ដែលអាចបង្កើនលទ្ធភាពក្នុងការតំឡើងប្រាក់បៀវត្សន៍ដល់មន្ត្រីរាជការជាដើម។
២.ការដាក់ឲ្យប្រើប្រាស់នូវកម្មវីធីទូរស័ព្ទដៃ “ត្រួតពិនិត្យសវនកម្មពន្ធដារ”
ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យប្រើប្រាស់នូវកម្មវីធីទូរសព្ទដៃមួយដែលមានឈ្មោះថា “GDT Audit Check”។ កម្មវីធីនេះផ្ដល់លទ្ធភាពដល់អ្នកជាប់ពន្ធអាចពិនិត្យលិខិតសវនកម្មដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារថា ពិត ឬក្លែងក្លាយ។ អ្នកជាប់ពន្ធទាំងអស់អាចទាញយកកម្មវីធីនេះពី Appstore ឬ Playstore បាន ដោយគ្រាន់តែបំពេញតាមព័ត៌មានណែនាំ។ GDT Audit Check ក៏អាចជួយអ្នកប្រើប្រាស់ចៀស ពីការឆបោករបស់ជនខិលខូចនៅពេលបង់ពន្ធ និងជួយដល់អគ្គនាយកដ្ឋានពន្ធដារក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញត្តិស្ដីពីសារពើពន្ធ។ លើសពីអគ្គនាយកដ្ឋានពន្ធដារក៏បានជំរុញនិងលើកទឹកចិត្តឲ្យអ្នកជាប់ពន្ធប្រើប្រាស់កម្មវីធីនេះផងដែរ។
ក្រៅពីសមិទ្ធិផលទាំងពិខាងលើនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានសម្រេចនូវជោគជ័យជាផ្លែផ្កាជាច្រើនទៀតក្នុងកិច្ចការប្រមូលចំណូលពន្ធនេះផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈឆ្នាំ២០១៨ ដែលបានចេញផ្សាយកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨៕
ដោយ៖ រឿន វាសនា