តំបន់៣កន្លែងនៅលើរាងកាយ ដែលអាចដាស់តឿនអ្នកពីបញ្ហាសុខភាពដែលអ្នកគួរយកចិត្តទុកដាក់
សភាពនៃតំបន់ណាមួយនៅលើរាងកាយរបស់អ្នកអាចប្រាប់អ្នកពីព័ត៌មានសុខភាពរបស់អ្នកបាន។ ខាងក្រោមនេះគឺជាតំបន់៣កន្លែងដែលអាចដាស់តឿនអ្នកពីបញ្ហាសុខភាពដែលអ្នកគួរយកចិត្តទុកដាក់៖
១) ភ្នែក៖ ស្នាមខ្មៅដក់នៅក្រោមភ្នែក អាចជាសញ្ញាមួយដែលកំពុងតែចង់បង្ហាញអ្នកពីទម្លាប់ដែលអ្នកទទួលទានអាហារដែលមានជាតិប្រៃច្រើនពេក ឬអាចមកពីអ្នកទទួលទានជាតិអាល់កុលច្រើនពេក ដែលអាចបង្កជាបញ្ហាសុខភាពផ្សេងទៀតដូចជាក្រពេញទីរ៉ូអ៊ីតដំណើរការមិនប្រក្រតីឬផលិតអ័រម៉ូនមិនគ្រប់គ្រាន់ និងអាចជាបញ្ហាផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងតម្រងនោម។ ហេតុនេះអ្នកគួរតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួនឯងដោយទទួលទានអាហារល្អៗ ផឹកទឹកឲ្យបានច្រើន ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីឲ្យភ្នែករបស់អ្នកភ្លឺថ្លាមានសុខភាពល្អវិញ។
២) ស្បែក៖ មានសភាពមិនប្រក្រតីជាច្រើនរបស់ស្បែកដែលជាសញ្ញាបង្ហាញអ្នកអំពីសុខភាពរបស់អ្នក។ សភាពស្បែកប្រែជាជ្រីវជ្រួញភាគច្រើនគឺជាលទ្ធផលមកពីវ័យរបស់អ្នកកាន់តែចាស់ជាងមុន ប៉ុន្តែស្បែកជ្រីវជ្រួញក៏អាចមានមូលហេតុបណ្ដាលមកពីការពុកឆ្អឹងបានដែរ។ ម្យ៉ាងទៀត សភាពស្បែកដែលស្ងួតហើយរមាស់ អាចគ្រាន់តែជាលទ្ធផលមកពីអាកាសធាតុដែលចុះត្រជាក់ ប៉ុន្តែបើសិនជាអាការរមាស់នេះមានសភាពធ្ងន់ធ្ងរខុសប្រក្រតី នេះក៏អាចជាសញ្ញាបញ្ជាក់ពីបញ្ហាសុខភាពដែលធ្ងន់ធ្ងរជាងនេះដែលអាចជាបញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺតម្រងនោម ឬក៏អាចជាបញ្ហាមហារីកបានដែរ។
៣) សក់៖ សក់ជ្រុះមិនមែនគ្រាន់តែជាបញ្ហាដែលកើតមានតែចំពោះមនុស្សដែលមានវ័យចំណាស់នោះទេ តែបញ្ហានេះក៏បានកើតមានចំពោះបុរសនិងស្ត្រីដែលស្ថិតនៅក្នុងវ័យក្មេងនៅឡើយដែរ។ សក់ជ្រុះអាចមានមូលហេតុមកពីកត្តាជាច្រើនដែលមានដូចជា កង្វះជីវជាតិបំប៉ន ស្ត្រេស ស្ត្រីដែលកំពុងមានផ្ទៃពោះ ទទួលទានឱសថផ្សេងៗ ប្រើប្រាស់ថ្នាំពន្យារកំណើត ចុះទម្ងន់ និងបញ្ហាដទៃៗទៀត៕
ប្រភព៖ powerofpositivity.com
ប្រែសម្រួល៖ ស្រីពៅ