អ្នកវិភាគ៖ iPhone X Plus នឹងមានលក់ក្នុងតម្លៃ $999 ចំណែក iPhone X ថ្មីឆ្នាំនេះលក់ត្រឹម $899
យើងបានឮដំណឹងជាច្រើនមិនចេះចប់ ដែលលើកឡើងថា ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple នឹងណែនាំទូរស័ព្ទ iPhone ស៊េរីថ្មីចំនួនដល់ទៅ ៣ម៉ូដែល គឺ iPhone X ជំនាន់ថ្មី, iPhone អេក្រង់ ៦,៥អ៊ីញដែលអាចត្រូវហៅឈ្មោះថា iPhone X Plus និងទី៣ គឺជា iPhone អេក្រង់ LCD ទំហំ ៦,១អ៊ីញ។ ប្រសិនជាអ្នកឆ្ងល់ចង់ដឹងថា តើ Apple នឹងចេញលក់ iPhone ស៊េរីថ្មីទាំងនេះក្នុងតម្លៃប៉ុន្មាន ដូច្នេះនេះជាការវិភាគរបស់អ្នកជំនាញនៅ RBC ដែលជាពន្លឺខ្លះៗអាចជាការពិត។
iPhone អេក្រង់ LCD មានតម្លៃធូរត្រឹមខ្ទង់ ៧០០ដុល្លារប៉ុណ្ណោះ ចំណែក iPhone X ស៊េរីថ្មីវិញនឹងមានតម្លៃចាប់ពី ៨៩៩ដុល្លារ ខណៈដែល iPhone X Plus នឹងមានតម្លៃប្រហែល $999 ពោលគឺជាតម្លៃ iPhone X នាពេលបច្ចុប្បន្ន។
iPhone X ទំហំអេក្រង់តូចជាងគេ នឹងមានលក់ក្នុងតម្លៃទាបជាងមុន ដែលអ្នកវិភាគរំពឹងថា វាអាចនឹងទទួលបានការពេញនិយម ហើយទាញយកចំណែកទីផ្សារអ្នកប្រើប្រាស់ខ្លាំងជាងមុន។ យ៉ាងណា រង់ចាំទាល់តែថ្ងៃប្រកាសមកដល់ទើបយើងបានដឹងច្បាស់ថា តើ Apple នឹងចេញលក់ iPhone ស៊េរីថ្មីឆ្នាំនេះ តម្លៃចាប់ពីប៉ុន្មានដល់ប៉ុន្មានខ្លះ ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena