វិធីសាស្ត្រងាយៗ៣យ៉ាង ដែលអ្នកអាចប្រើសម្រាប់សម្អាតស្នាមប្រឡាក់នៅលើសម្ភារប្រើប្រាស់ក្នុងផ្ទះបាន​



តើ​អ្នក​ចង់​ដឹង​ពី​វិធី​ងាយៗ​ដែល​អ្នក​អាច​កម្ចាត់​ស្នាម​ប្រឡាក់​ផ្សេងៗ​ដែល​មាន​នៅ​លើ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ដោយ​មិន​ចាំបាច់​អស់​ប្រាក់​ច្រើន និង​ទទួល​បាន​ប្រសិទ្ធភាព​ទេ ? ខាងក្រោម​នេះ​គឺជា​វិធី​៣​យ៉ាង​ដែល​អ្នក​អាច​សាកល្បង​យក​ទៅ​ពិសោធន៍​ដោយ​ខ្លួនឯង​បាន៖ ១) លាយ​ទឹក​ជាមួយ​ទឹក​ខ្មេះ៖ ទឹកខ្មេះ​មាន​អត្ថប្រយោជន៍​ច្រើន​បែប​ច្រើន​យ៉ាង ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរ​នូវ​ប្រយោជន៍​សម្រាប់​ប្រើប្រាស់​ជា​ទឹក​លាង​សម្អាត​កម្ទេច​ធូលី​នៅ​លើ​ផ្ទាំង​កញ្ចក់​ឬ​បង្អួច​ផ្សេងៗ​នៅ​ក្នុង​ផ្ទះ​សម្បែង​ឬ​កន្លែង​ធ្វើការ​របស់​អ្នក​បាន។ អ្នក​គ្រាន់តែ​លាយ​ទឹកខ្មេះ​បន្តិច​ចូល​ទៅ​ក្នុង​ទឹក​ស​ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ដប​បាញ់​មួយ បន្ទាប់​មក​អ្នក​អាច​ប្រើប្រាស់​វា​ប្រចាំ​ថ្ងៃ​សម្រាប់​លាង​សម្អាត​បាន​ដោយ​អស់​ប្រាក់​តិចតួច​បំផុត មិន​បំពុល​បរិស្ថាន និង​មាន​ប្រសិទ្ធភាព​ទៀត​ផង។ ២) ប្រើ​អំបិល​សម្រាប់​កម្ចាត់​ស្នាម​ពណ៌​ប្រឡាក់៖ បើ​អ្នក​ធ្វើឲ្យ​កំពប់​ទឹក​ពណ៌​ផ្សេងៗ​ដែល​បាន​ប្រឡាក់​ដល់​ក្រណាត់​របស់​អ្នក នោះ​អ្នក​មិន​បាច់​ព្រួយបារម្ភ​ឡើយ ព្រោះ​ភ្នាក់ងារ​កម្ចាត់​ស្នាម​ប្រឡាក់​ដ៏​សាមញ្ញ​បំផុត​ដែល​អាច​រក​បាន​នៅ​ក្នុង​ផ្ទះ​បាយ​របស់​អ្នក​នោះ​គឺ​អំបិល​នេះ​ឯង។ ដោយ​គ្រាន់តែ​ចាក់​អំបិល​នៅ​ពី​លើ​តំបន់​ដែល​បាន​ប្រឡាក់​ស្នាម​ពណ៌​ភ្លាមៗ​បន្ទាប់​ពី​ស្នាម​ប្រឡាក់​បាន​ជ្រាប​ដល់​ក្រណាត់ នោះ​អំបិល​នឹង​បឺត​ស្រូប​យក​ស្នាម​ប្រឡាក់​របស់​ពណ៌​នោះ​ជា​មិនខាន។ ៣) សម្អាត​ក្រណាត់​ស្បែក៖ បើ​សិន​ជា​អ្នក​ចង់​សម្អាត​សាឡុង​ដែល​ធ្វើ​ពី​ក្រណាត់​ស្បែក នោះ​អ្នក​គ្រាន់តែ​យក​ក្រណាត់​មក​ជ្រលក់​ទឹក​សាប៊ូ​ហើយ​ជូត​សម្អាត​វា​គឺជា​ការ​ស្រេច​ហើយ។ ប៉ុន្តែ​បើ​មាន​ស្នាម​ប្រឡាក់​ពណ៌​ដែល​មិន​អាច​សម្អាត​ឲ្យ​ជ្រះ​ដោយ​ងាយៗ​បាន នោះ​អ្នក​អាច​ត្រដុស​តំបន់​ដែល​ប្រឡាក់​នោះ​ឲ្យ​ខ្លាំង​ជាង​មុន ហើយ​ប្រើ​សំឡី​ជ្រលក់​ជាមួយ​អ៊ីដ្រូហ្សែន​ពែអុកស៊ីត​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ទឹក​អុកស៊ីហ្សែន ដើម្បី​សម្អាត​ស្នាម​នោះ​ឲ្យ​បាត់​បាន៕ ប្រភព៖ quickanddirtytips.com ប្រែសម្រួល៖ ស្រីពៅ
X
5s