Oppo ទើបសម្ពោធស្មាតហ្វូនទំនើប ២ម៉ូដែល Oppo R15 និង R15 DME រចនាបថដូច iPhone X
យើងធ្លាប់បានឪចចាមអារ៉ាមខ្លះៗជុំវិញស្មាតហ្វូនថ្មីរបស់ Oppo កន្លងមកដែលស្ថិតក្នុងស៊េរី R15 ។ ចំណែកពេលនេះ ក្រុមហ៊ុនទូរស័ព្ទចិននេះ បានប្រកាសវាជាផ្លូវការហើយដែលចេញម្ដង ២ម៉ូដែលតែម្ដងគឺ Oppo R15 និង R15 Dream Mirror Edition ជាមួយរចនាបថស្អាតទាន់សម័យ ឌីហ្សាញគែមអេក្រង់ស្ដើង និងមានចំណុចឆក notch ខាងលើដូចទៅនឹង iPhone X របស់ Apple ដែរ។
ស្មាតហ្វូនទាំងពីរ បំពាក់ដោយអេក្រង់ទំហំ ៦,២៨អ៊ីញប្រភេទ OLED កម្រិត FHD+ នៅ 2280x1080px ។ ចំណែករចនាបថអេក្រង់របស់វា គឺមានគែមអេក្រង់ស្ដើង និងមានចំណុចឆក notch នៅផ្នែកខាងលើដូច iPhone X របស់ Apple ដែរ។ ស្មាតហ្វូនចេញថ្មីទាំងពីរម៉ូដែលរបស់ក្រុមហ៊ុនចិននេះ គឺមានការឌីហ្សាញដូចគ្នា ដោយប្រើស៊ុមលោហធាតុ និងមានខ្នងទូរស័ព្ទក្រាលដោយកញ្ចក់។
ស្មាតហ្វូន Oppo R15 បំពាក់ដោយអង្គប្រតិបត្តិ Octa-Core Helio P60 និងមាន RAM 6GB អង្គចងចាំទំហំ 128GB ។ វាមានកម្លាំងថ្ម 3450mAh និងមានកាមេរ៉ាសរុប ៣គ្រាប់។ កាមេរ៉ាមុខមានទំហំដល់ 20MP ឯកទេសសម្រាប់ថតរូប Selfie ។ ចំណែកកាមេរ៉ាភ្លោះខាងក្រោយវិញ មួយមានទំហំ 16MP និងមួយទៀតទំហំ 5MP។ R15 នឹងមានលក់ជាមួយជម្រើសពណ៌ក្រហម Hot Red, ស្វាយបែប Star Purple និងពណ៌សបែប Snow White ។
ងាកមកមើល R15 Mirror Edition វិញគឺបំពាក់ដោយឈីប Snapdragon 660 និងមាន RAM 6GB អមដោយកម្លាំងថ្ម 3400mAh ។ កាមេរ៉ាក្រោយរបស់វា មួយមានទំហំ 16MP និងមួយទៀតទំហំ 20MP។ ចំណែកកាមេរ៉ាមុខមានទំហំ 20MP ផងដែរ។ ស្មាតហ្វូន R15 DME នេះ មានជម្រើសពណ៌ក្រហមបែប Dram Red និងខ្មៅបែប Ceramic Black ។ Oppo R15 នឹងមានលក់រាយតម្លៃ ២៩៩៩យ័ន ឬប្រហែល ៤៧៤ដុល្លារ ខណៈម៉ូដែល Dream Mirror Edition វិញនឹងមានតម្លៃ ៣២៩៩យ័ន ឬប្រហែល ៥២១ដុល្លារ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Oppo, GSM Arena