នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន ប្រូវិតាអ៊ីនសូរេន៖ ចង់ធ្វើជាអ្នកគ្រប់គ្រងធនធានមនុស្ស (HR) ដ៏ពូកែគួរតែធ្វើរឿង ៣យ៉ាងនេះ
ការងារជាអ្នកគ្រប់គ្រងធនធានមនុស្ស (HR) មិនមែនជារឿងងាយស្រួលនោះទេ ជួនកាលត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជា បញ្ហាជាមួយថៅកែ និងការមិនពេញចិត្តពីបុគ្គលិកជាដើម។ នេះជាការលើកឡើងរបស់ អ្នកស្រី ឡេង សុម៉ាលី នាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន ប្រូវិតាអ៊ីនសូរេន ក្នុងកម្មវិធីវេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១៦ មីនា ២០១៨ នៅសណ្ឋាគារភ្នំពេញ។
អ្នកស្រីលើកឡើងថា ដើម្បីធ្វើជា កគ្រប់គ្រងធនធានមនុស្ស (HR) ដ៏ល្អម្នាក់ អ្នកគ្រប់គ្រងធនធានមនុស្សគួរធ្វើរឿង ៣យ៉ាងនេះគឺ៖
១. ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន
អ្នកគ្រប់គ្រងធនធានមនុស្ស (HR) ត្រូវតែជាអ្នកគ្រប់គ្រង និង ថែទាំសមត្ថភាពរបស់ក្រុមហ៊ុនដែលសម្ដៅដល់ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដឲ្យចូលមកធ្វើការ លើសពីនេះគេត្រូវមានបទពិសោធន៍អាជីវកម្ម ចេះផ្តល់តម្លៃរវាងបុគ្គលិក អ្នកគ្រប់គ្រង និងធ្វើយ៉ាងណាឲ្យមានកំណើនវិនិយោគទុន និងអតិថិជន ដល់ក្រុមហ៊ុន។
២. ធ្វើជាអ្នកជ្រោមជ្រែងរបស់បុគ្គលិក
អ្នកគ្រប់គ្រងធនធានមនុស្ស (HR) អាចជួយបុគ្គលិកតាមរយៈការបង្កើតបរិយាកាសការងារមួយដែលល្អសម្រាប់ពួកគេ និងការលើកទឹកចិត្តឬផ្ដល់តម្លៃដល់អ្នកមានសមត្ថភាពជាដើម។ អ្នកស្រីបន្ថែមថា អ្នកគ្រប់គ្រងធនធានមនុស្ស (HR) ល្អគឺចេះធ្វើឲ្យបុគ្គលិកចាត់ទុកការងារក្រុមហ៊ុនថាជាការងាររបស់ខ្លួន។
៣. ធ្វើជាអ្នកដឹកនាំក្នុងការផ្លាស់ប្តូរ
ចំណុចនេះអ្នកស្រីចង់មានន័យថា ក្រុមហ៊ុនមួយមិនអាចនៅដដែលបានទេ គឺត្រូវមានការអភិវឌ្ឍ ឬផ្លាស់ប្តូរ ដូច្នេះអ្នកគ្រប់គ្រងធនធានមនុស្ស (HR) ត្រូវមានទួលនាទីចេះផ្លាស់ប្តូរទម្លាប់ ឬឥរិយាបថមួយចំនួនរបស់បុគ្គលិកដើម្បីឲ្យទាន់សភាពការជាក់ស្តែង៕
អត្ថបទ៖ វាសនា និងស្រីរ័ត្ន