​ចំណុច​​ទាំង​៤​នេះ ​បញ្ជាក់​ថា លោក​អ្នក​​​គួរ​ធ្វើ​ជំ​នួញ​ក្នុង​វ័យ​ខ្ទង់ ​២០​ឆ្នាំ​​​​​



ភាព​ជោគជ័យ​​​​ក្នុង​ការ​បើក​ជំនួញ​ គឺ​ជា​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​ជាច្រើន​ ​ព្រោះ​ថា​​វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​។ ​​​ជា​ការ​ពិត​ណាស់​ ការ​ធ្វើ​ជំនួញ​ មិន​មែន​ជា​ការ​ងាយ​នោះ​ឡើយ​ ព្រោះ​ថា ទម្រាំ​ទទួល​បាន​ជោគជ័យ​នោះ​ប្រាកដ​ជា​ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ឬ ពេល​ខ្លះ​ត្រូវ​បរាជ័យ​ច្រើន​ដង​ក៏​ថា​បាន។

​ដោយសារតែ​បែបនេះ​ហើយ ​​បាន​ជា​មនុស្ស​វ័យ​ក្មេង​មួយ​ចំនួន​ គិត​ថា​​នឹង​បើក​ជំនួញ​​នៅ​ពេល​ដែល​ ពួកគេ​មាន​វ័យ​ចាស់​បន្តិច​​​ ប៉ុន្តែ​ភាព​ជោគជ័យ​ មិន​អាច​កំណត់​ដោយ​អាយុ​តែ​ម្យ៉ាង​នោះ​ទេ ពោល​គឺ​មាន​កត្តា​រួម​ផ្សំ​ជាមួយ​ទៀត​ ដែល​សហគ្រិន​ត្រូវ​មាន​។ ដូច្នេះ​បើ​អ្នក​ចង់​ បើក​ជំនួញ​ សូម​កុំ​រារែក​​ពោល​គឺ​ត្រូវ​តាំង​ចិត្ត​ធ្វើ​វា បើ​ទោះ​បី​ជា​អ្នក​ស្ថិត​ក្នុង​វ័យ​​ខ្ទង់​ ២០​ប្លាយ​ក៏​ដោយ។

ខាងក្រោម​នេះ​ គឺ​ជា​ហេតុផល​ដែល​អ្នក​គួរ​បើក​ជំនួញ​ក្នុង​វ័យ​២០​ឆ្នាំ​ប្លាយ៖ ​

១) ​​កំពុង​ស្ថិត​ក្នុង​វ័យ​ស្រេកឃ្លាន​ជ័យជំនះ​

​វ័យ​នេះ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ចង់​បង្ហាញ​ទៅ​កាន់​​អ្នក​ដទៃ​ថា ជា​​ខ្លួន​មនុស្ស​អស្ចារ្យ​។​ ដូច្នេះ​ហើយ ប្រសិនបើ​អ្នក​ចង់​រកស៊ី​មែន​ សូមកុំ​រារែក​ចិត្ត​អី​ ​ហើយ​គួរតែ​ព្យាយាម​រក​វិធីសាស្ត្រ​យ៉ាងណា​ដើម្បី​អាច​ធ្វើ​ឲ្យ​ក្តី​សុបិន្ដ​ក្លាយ​ជា​ការពិត​បាន​។

២) ​មាន​ពេល​គ្រប់គ្រាន់​

​ថ្វីត្បិត​តែ​ ​ស្ថិត​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​ គឺ​មិន​សូវ​មាន​បទពិសោធន៍​មែន​ ប៉ុន្តែ​វា​ជា​វ័យ​ដ៏​សំខាន់​មួយ​ ក្នុង​ការ​រៀនសូត្រ​​ ហើយ​បើ​ទោះបី​ជា​អ្នក​ត្រូវ​បរាជ័យ​ក៏ដោយ​ ប៉ុន្តែ​អ្នក​នៅ​មាន​ពេល​វេលា​វែងឆ្ងាយ​ទៅទៀត​។ ​ចំពោះ​អ្នក​ដែល​គិត​ថា ចាំ​ដល់​វ័យ​ច្រើន​សឹម​បើក​ជំនួញ​នោះ​ គឺ​អាច​នឹង​មិន​មាន​កម្លាំង និង​ ពេលវេលា​គ្រប់គ្រាន់​នោះ​​ឡើយ​ ជាពិសេស​នៅ​ពេល​​ជួប​ការ​បរាជ័យ​ច្រើន​ដង​។

៣) ​មិន​សូវ​មាន​បញ្ហា​គ្រួសារ​ស្មុគស្មាញ

មនុស្ស​ដែល​ស្ថិត​ក្នុង​វ័យ​នេះ​ គឺ​មាន​ភាគរយ​​មិន​​មាន​គ្រួសារ​ច្រើន​គួរសម​។ ​ភាព​នៅ​ទំនេរ​មិនទាន់​មាន​​គ្រួសារ​នេះ ក៏​ជា​ផ្នែក​ល្អ​មួយ​​ក្នុង​ការ​បើក​ជំនួញ​ផង​ដែរ​ ព្រោះ​អ្នក​មិន​ចាំ​បាច់​ខ្វល់ខ្វាយ​ ពី​រឿង​នៅ​ផ្ទះ​ច្រើន​ដូច​អ្នក​មាន​គ្រួសារ​នោះ​ឡើយ​។ ​ប្រការ​នេះ​ អាច​ជួយ​ឲ្យ​អ្នក​អាច​ មាន​ការ​ផ្ដោត​អារម្មណ៍​ និង តាំងចិត្ត​ធ្វើការ​បាន​ល្អ ​ដើម្បី​សម្រេច​គោលដៅ​​​។

​​​៤) ​ស្គាល់​​បច្ចេកវិទ្យា និង ​មាន​បណ្ដាញ​ច្រើន​

​ចំពោះ​អ្នក​ដែល ​ស្ថិត​ក្នុង​វ័យ​នេះ ភាគច្រើន​គឺ​​ស្គាល់​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ​ដែល​អាច​បម្រើ​ដល់​ ប្រយោជន៍​នៃ​ការ​ធ្វើ​ជំនួញ​។ ​ហើយ​ម្យ៉ាង​វិញ​ទៀត​ ​ក៏​មាន​មិត្តភក្ដិ​ និង​ បណ្ដាញ​ជាច្រើន​ផង​ដែរ​។ ការ​មាន​បណ្ដាញ​ច្រើន​បែបនេះ​ ​វា​អាច​ជួយ​ឲ្យ​អាជីវកម្ម​របស់​អ្នក​អាច​ឆាប់​ដំណើរ​ការ​ទៅ​បាន​រហ័ស​ ​តាម​រយៈ​ការ​ណែនាំ​ទៅ​កាន់​អ្នក​ទាំង​នោះ​​ ហើយ​ពេល​ខ្លះ​ក៏​អាច​ទទួល​បាន​ដំបូន្មាន​ល្អៗ​ផង​ដែរ​៕

​​ដោយ៖ អ៊ុន ភក្តី ប្រភព៖ addicted2success.com, www.businessinsider.com & yfsmagazine.com

X
5s