ហេតុផលសំខាន់ៗ៤យ៉ាងនេះ ល្មមដល់ពេលដែលអ្នកត្រូវសុំឈប់ពីការងាររបស់អ្នកហើយ!
ថ្វីបើគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានការងារល្អ ប៉ុន្តែភាពជាក់ស្តែងគឺមិនងាយស្រួលឡើយ។ ជាមួយគ្នានោះ ប្រសិនបើអ្នកយល់ឃើញថា កន្លែងការងាររបស់អ្នក គឺមិនល្អនោះទេ វាល្មមដល់ពេលដែលត្រូវចាក់ចេញហើយ ព្រោះបើបន្តធ្វើ អ្នកនឹងជួបតែបញ្ហាប៉ុណ្ណោះ។ ខាងក្រោមនេះជាហេតុផលសំខាន់ៗ ៤យ៉ាងដែលអ្នកគួរចាក់ចេញ៖
១) ថ្នាក់លើដែលគ្មានសមត្ថភាព៖ មិនមែនគ្រប់ថ្នាក់គ្រប់គ្រងទាំងអស់សុទ្ធតែមាន សមត្ថភាពក្នុងការធ្វើការនោះ ជាពិសេសការដឹកនាំតែម្តង។ កាលណាថ្នាក់លើរបស់អ្នកជាមនុស្សដែលគ្មានសមត្ថភាព ពោលគឺបានតែនិយាយឡូយ តែធ្វើមិនកើតនោះ អ្នកមិនគួរបន្តធ្វើការនៅក្រុមហ៊ុនបែបនេះទៀតឡើយ ព្រោះវាមានតែបង្កបញ្ហាដល់អ្នកប៉ុណ្ណោះ ដោយសារការងារក្នុងក្រុមហ៊ុន គឺគ្មានសណ្ដាប់ធ្នាប់។
២) គ្មានអ្វីដែលអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកបាន៖ ចំពោះកន្លែងការងារមួយចំនួន ហាក់ដូចជាមិនមានអ្វីដែលអាចផ្តល់ចំណេះដឹង និង អាចពង្រឹងសមត្ថភាពរបស់បុគ្គលិកនោះទេ ក្រៅតែពីប្រាក់ខែ។ ដូច្នេះបើអ្នកយល់ឃើញថា កន្លែងការងារនោះ គឺមិនអាចជួយឲ្យអ្នកក្លាយជាមនុស្សជោគជ័យម្នាក់នៅពេលអនាគតតាមការចង់បានទេ គឺគួរតែដល់ពេលដែលត្រូវចាក់ចេញហើយ។
៣) បក្សពួកនិយម៖ បើកាលណាកន្លែងការងារមួយ ពោរពេញទៅដោយទិដ្ឋភាពបក្សពួកនិយមហើយ នោះការងារក៏មិនអាចរីកចម្រើនបានដែរ ហើយអ្នកក៏គ្មានថ្ងៃអាចទទួលបានអ្វីឲ្យសមនឹងសមត្ថភាពជាក់ស្តែង ក៏ដូចជាការខិតខំប្រឹងប្រែងដែរ។ ដូច្នេះមិនគួរបន្តនៅកន្លែងបែបនេះទៀតទេ។
៤) មានតែសម្ពាធ តែគ្មានការលើកទឹកចិត្ត៖ គ្មានបុគ្គលិកណាមួយចង់បំពេញខុសនោះទេ ប៉ុន្តែវាជារឿងជៀសមិនផុត។ ជាមួយគ្នានោះក្រុមហ៊ុនមួយចំនួន តែងដាក់សម្ពាធខ្លាំងណាស់ ទៅលើបុគ្គលិករបស់ខ្លួន ដើម្បីបង្កើនផលិតភាពការងារ និង ជៀសផុតពីបញ្ហា។ ប៉ុន្តែនៅពេលធ្វើខុសវិញ គឺបន្ទោសគ្មានប្រណី ហើយក៏មិនដែលលើកទឹកចិត្តបុគ្គលិកដែរ៕
ដោយ៖ អ៊ុន ភក្តី