តើអាហារអ្វីខ្លះដែលអាចជួយអ្នកក្នុងបញ្ហាទល់លាមកបាន?
បញ្ហាទល់លាមកអាចមានមូលហេតុមកពីទម្លាប់ក្នុងការរស់នៅរបស់អ្នកដូចជារបបអាហារប្រចាំថ្ងៃ និងមិនសូវធ្វើលំហាត់ប្រាណ ឬក៏មកពីប្រព័ន្ធរំលាយអាហាររបស់អ្នកប្រែជាដំណើរការណ៍យឺតជាងមុន នៅពេលអ្នកមានអាយុច្រើន ហើយបញ្ហានេះក៏អាចកើតមានចំពោះស្ត្រីនៅពេលមានពពោះដែរ ដែលបណ្ដាលមកពីមានបម្រែបម្រួលអ័រម៉ូន។ ទោះជាយ៉ាងណា អាហារទាំង៤ប្រភេទខាងក្រោមនឹងអាចជួយដោះស្រាយបញ្ហាទល់លាមកនេះបើយោងតាមការចុះផ្សាយរបស់ powerofpositivity។
១) សណ្ដែកខ្មៅ៖ សណ្ដែកខ្មៅសម្បូរដោយជាតិសរសៃ ដែលមានប្រយោជន៍យ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ចលនាពោះវៀនរបស់អ្នកឲ្យមានភាពសកម្មប្រក្រតីវិញ។ ម្យ៉ាងទៀតសណ្ដែកខ្មៅក៏ជាប្រភពនៃប្រូតេអ៊ីនដ៏ល្អបំផុតសម្រាប់ធ្វើជាអាហារសម្រាប់សុខភាពរបស់អ្នកដែរ។
២) យ៉ាអ៊ួ៖ ដោយសារតែយ៉ាអ៊ួសម្បូរដោយបាក់តេរីដែលល្អ ការទទួលទានវានៅពេលមានបញ្ហាលំបាកក្នុងការបន្ទោបង់ នឹងជួយដោះស្រាយបញ្ហានេះដល់អ្នកយ៉ាងមានប្រសិទ្ធភាពមិនខាន។
៣) ផ្លែចេកទុំ៖ ផ្លែចេកទុំឬក៏ផ្លែស្ត្រប៊ឺរី សុទ្ធតែជាផ្លែឈើដែលជាប្រភពនៃជាតិសរសៃដែលចាំបាច់បំផុតសម្រាប់សម្រួលដល់ចលនាពោះវៀនរបស់អ្នក ដើម្បីឲ្យអ្នកបន្ទោបង់បានស្រួល។
៤) ផ្កាខាត់ណាប្រូកូលី៖ កង្វះការទទួលទានបន្លែនិងផ្លែឈើឲ្យបានច្រើនក៏ជាមូលហេតុចម្បងមួយដែលនាំឲ្យអ្នកមានបញ្ហាក្នុងការបន្ទោបង់ដែរ។ ហេតុនេះហើយការផ្លាស់ប្ដូររបបអាហារដោយងាកមកបញ្ចូលបន្លែផ្លែឈើនិងទឹកឲ្យបានច្រើន ដូចជាផ្កាខាត់ណាប្រូកូលីនេះជាដើម នឹងជួយសម្រួលដល់ការបន្ទោបង់របស់អ្នកឲ្យត្រឡប់មកប្រក្រតីវិញមិនខាន៕
ដោយ៖ ស្រីពៅ