អ្នកដែលកំពុងធ្វើការឲ្យគេ គួរអនុវត្តតាមក្បួន ៥ ដើម្បីមានលុយច្រើននៅថ្ងៃក្រោយ
លោកអ្នកប្រហែលជាធ្លាប់ឮសេដ្ឋីជោគជ័យជាច្រើន ជាពិសេសអ្នកមានជំនួញខ្លួនឯងធ្លាប់បានលើកឡើងថា ធ្វើការឲ្យគេមិនងាយឲ្យលោកអ្នកក្លាយជាអ្នកមាននោះឡើយ។ បើសិនជាលោកអ្នក ជាអ្នកកំពុងធ្វើការឲ្យគេមែននោះ វាជាទស្សនៈមួយដ៏គួរឲ្យឈឺចាប់។ ក៏ប៉ុន្តែ លោកអ្នកមិនឆ្ងល់ទេថា ពួកគេទាំងនោះ កើតមកចេញរកស៊ី ដោយខ្លួនឯង ដោយមិនបានឆ្លងកាត់ការសិក្សា បណ្តុះបណ្តាល ឬ ធ្លាប់ធ្វើការឲ្យគេ?
មើលទៅខ្សែជីវិតរបស់អ្នកជោគជ័យមួយចំនួនក៏ធ្លាប់ឆ្លងកាត់ដូចលោកអ្នកដែរ មុននឹងពួកគេមានថ្ងៃនេះ។ នេះហើយជាអ្វី ដែលលោកអ្នកគួរតែជំរុញលើកទឹកចិត្តខ្លួនឯងថា តើគួរធ្វើអ្វីខ្លះដើម្បីឲ្យក្លាយជាអ្នកមាននៅពេលខាងមុខ ខណៈដែលយើងកំពុងធ្វើការឲ្យគេ? ខាងក្រោមនេះ អាចជាគន្លឹះដ៏សំខាន់មួយជួយត្រួសត្រាយផ្លូវលោកអ្នក ក្នុងការសម្រេចក្តីសុបិន្ដមួយនេះបាន៖
១.វិនិយោគលើខ្លួនឯងមុនវិនិយោគអ្វីៗទាំងអស់ អ្វីទៅជាការវិនិយោគលើខ្លួនឯង? សម្រាប់បុគ្គលជោគជ័យ ការវិនិយោគលើខ្លួនឯងរបស់ពួកគេគឺការចំណាយពេលវេលា ថាមពល និងប្រាក់កាសដើម្បីលើកកម្ពស់ចំណេះដឹងរបស់ខ្លួន។ លោកអ្នកប្រហែលជាធ្លាប់ស្រមៃចង់ជួយអ្នកដទៃឲ្យបានច្រើន។ ក៏ប៉ុន្តែរឿងនេះ វាមិនមែនជារឿងអាទិភាពនោះទេ។ អ្វីដែលអ្នកត្រូវធ្វើមុនគេ មុនជួយអ្នកដទៃ គឺត្រូវជួយខ្លួនឯងឲ្យមានចំណេះដឹង មានសមត្ថភាពជំនាញ រៀនសូត្រអភិវឌ្ឍខ្លួនពីសាលារៀន សិក្ខាសិលាផ្សេងៗ ឬ រៀនសូត្រពីបុគ្គលជោគជ័យជាច្រើនជាមុនសិន ដែលពាក់ព័ន្ធទៅនឹងមុខជំនាញរបស់លោកអ្នក។
២.ធ្វើការងារត្រូវជំនាញរបស់ខ្លួន តើលោកអ្នកមិនឃើញទេ មានបុគ្គលមួយចំនួនគិតតែធ្វើការដើម្បីតែប្រាក់ខែ ទាំងខ្លួនឯងមិនពេញចិត្តនឹងការងារនោះ? នេះមិនមែនជាជម្រើសដ៏ឆ្លាតវ័យនោះឡើយ។ អ្នកមានដែលជោគជ័យក្នុងលោកមួយចំនួនធំ មុននឹងគេមានលុយចេញរកស៊ីបើកក្រុមហ៊ុន ឬ មានលុយច្រើនដូចថ្ងៃនេះ ពួកគេបានចំណាយពេលជាច្រើនឆ្នាំ សុខចិត្តធ្វើការឲ្យគេនៅក្នុងក្រុមហ៊ុនមួយ ទោះតូចក៏ដោយ ប្រាក់ខែតិចក៏ដោយ ឲ្យតែបានចំណេះ ជំនាញ ស្របតាមសមត្ថភាពរបស់ពួកគេ។ កាលណាបើគេមានចំណេះ ជំនាញ និងបទពិសោធន៍ហើយនោះ ការងារនឹងរត់ទៅរកគេ ហើយទីបំផុតលុយនឹងរត់ទៅតាមក្រោយ។
៣.ប្រឹងប្រែងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យបានល្អលើសគេ អ្វីដែលលោកអ្នកត្រូវធ្វើនៅចំណុចទី៣នេះ គឺការប្ដេជ្ញាចិត្តធ្វើជាមនុស្សអស្ចារ្យប្រកបដោយសក្ដានុពលមួយរូបលេចធ្លោជាងគេក្នុងតំណែងការងារ ឬ មុខជំនាញរបស់អ្នក។ លោកអ្នកមិនត្រឹមតែធ្វើការងារចំជំនាញនោះទេ ប៉ុន្តែក៏ត្រូវប្រឹងប្រែងអភិវឌ្ឍមុខជំនាញនោះឲ្យកាន់តែមុតស្រួចថែមទៀតលើសពីអ្នកដទៃ។ ដូចលោកអ្នកដឹងស្រាប់ហើយ អ្នកដែលគ្មានសមត្ថភាព គ្មានជំនាញច្បាស់លាស់ គឺមិនអាចយកមកធ្វើការបានទេ។ បើធ្វើ ក៏មិនសូវប្រសព្វ គឺបានត្រឹមតែដូចគេដូចឯងប៉ុណ្ណោះ។ ប៉ុន្តែកុំភ្លេចថា លុយវាដើរស្វែងរកតែអ្នកណាម្នាក់ដែលមានមានជំនាញច្បាស់លាស់ និងមានសមត្ថភាពអាចយកវាបានតែប៉ុណ្ណោះ។
៤.រកប្រភពចំណូលឲ្យបានលើសពី១ឡើងទៅ បើលោកអ្នកជ្រើសរើសវិធីមួយធ្វើការឲ្យគេ ការដេកពឹងលើប្រាក់ខែតែមួយមុខវាមិនគ្រប់គ្រាន់នោះទេ។ លោកអ្នកត្រូវស្វែងរកប្រភពចំណូលផ្សេងទៀតក្រៅពីការងារបច្ចុប្បន្ន ដើម្បីឲ្យចរន្តប្រាក់ចំណូលរបស់អ្នកមានកាន់តែច្រើន។ ប្រការនេះ គឺអាចជួយឲ្យលោកអ្នកនៅតែមានប្រាក់ចំណូលហូរចូលផ្ទះឥតដាច់ បើទោះបីជាបាត់បង់ការងារណាមួយក៏ដោយ។ក្រៅពីការងារ ៨ម៉ោង លោកអ្នកអាចឆ្លៀតធ្វើការងារ Part-time ឬ ធ្វើភ្នាក់ងារបម្រើសេវាកម្មអ្វីផ្សេងទៀត ដែលមិនប៉ះពាល់ការងារបច្ចុប្បន្ន។
៥.សន្សំលុយទុកដើម្បីវិនិយោគ ឬ បើកមុខជំនួញផ្ទាលខ្លួន នេះជាក្បួនដ៏មានប្រសិទ្ធភាពរបស់អ្នកមាន ដែលធ្វើឲ្យពួកគេកាន់តែមានៗឡើង។ អ្នកមានពូកែសន្សំប្រាក់ តែមិនមែនគិតតែពីសន្សំរហូតតែមួយមុខនោះឡើយ។ វិធីសាស្ត្រឆ្លាតវៃមួយទៀតរបស់ពួកគេ គឺការចេះប្រើលុយឲ្យរកលុយ។ ការប្រើលុយទៅរកលុយនេះ គឺមានន័យថា ពួកគេយកលុយពីការសន្សំទៅវិនិយោគ បណ្ដាក់ទុនលើមុខជំនាញផ្សេងទៀត ដែលអាចជួយឲ្យពួកគេបង្កើនប្រាក់ចំណូលកាន់តែច្រើន។ កន្លងមក ការវិនិយោគដ៏ពេញនិយមរបស់អ្នកមាន គឺការវិនិយោគលើវិស័យ អចលនទ្រព្យ ទិញ-លក់ ដីធ្លី ភាគហ៊ុន និងបើកក្រុមហ៊ុនអាជីវកម្មខ្នាតតូច ឬ ធំទៅតាមលទ្ធភាពរបស់ពួកគេ។ ក្បួនទាំងនេះលោកអ្នកសុទ្ធតែអាចធ្វើបាន ហើយបើលោកអ្នកមិនទាន់ធ្វើនៅឡើយទេ ថ្ងៃដែលល្អបំផុតសម្រាប់លោកអ្នក គឺថ្ងៃនេះ!
ប្រភព៖ cnbc