លោក Robert Kiyosaki៖ ការវិនិយោគដ៏ល្អបំផុតនៅពេលអ្នកជំពាក់បំណុលគេ គឺដោះបំណុលមិនល្អទាំងអស់ឲ្យអស់ជាមុនសិន
ប្រិយមិត្តមួយចំនួនអាចនឹងបានដឹងរួចមកហើយពីប្រភេទនៃបំណុល។ បើតាមការលើកឡើងរបស់លោក Robert Kiyosaki ដែលជាសេដ្ឋីអចលនទ្រព្យដ៏ល្បីល្បាញរបស់អាមេរិក បំណុលគឺចែកចេញជាពីរគឺ បំណុលល្អ (Good Debt) និងបំណុលមិនល្អ (Bad Debt)។
សម្រាប់លោក Robert បំណុលល្អនៅទីនេះ សំដៅលើបំណុលដែលលោកអ្នកយកមកប្រើប្រាស់ធ្វើឲ្យវាមានប្រយោជន៍ បង្កើតបានប្រាក់ចំណូលហូរចូលក្នុងហោប៉ៅរបស់អ្នក។ ដោយឡែកសម្រាប់បំណុលមិនល្អ គឺវាផ្ទុយពីនេះ ពោលគឺសំដៅលើបំណុលទាំងឡាយណាដែលមិនត្រឹមតែធ្វើឲ្យលោកអ្នកមិនអាចរកលុយចូលផ្ទះនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យលោកអ្នកត្រូវបញ្ចេញលុយបន្ថែមទៀត ដូចជា ខ្ចីលុយទិញទូរស័ព្ទទំនើបៗ ទិញរថយន្ត និង សម្ភារៈបង់រំលោះផ្សេងៗទៀតជាដើម។
ដូច្នេះ នៅក្នុងចំណោមបំណុលទាំងពីរនេះ លោកអ្នកអាចដឹងច្បាស់ហើយថា លោកអ្នកស្ថិតនៅក្នុងប្រភេទបំណុលណាមួយ។ បើលោកអ្នកមានបំណុលល្អ គឺជារឿងមួយដែលគួរឲ្យអបអរសាទរ។ ប៉ុន្តែ បើលោកអ្នកស្ថិតនៅក្នុងបំណុលមិនល្អនោះ វាគឺជារឿងមួយដែលគួរឲ្យសោកស្តាយនៅពេលនេះ។ តើលោកអ្នកធ្លាប់មានក្តីស្រមៃថា ចង់សន្សំលុយទុកសម្រាប់វិនិយោគ ឬ បង្កើតមុខរបរ ល្អមួយនៅពេលអនាគតដែរឬទេខណៈដែលលោកអ្នកកំពុងជំពាក់បំណុលគេរុំកោះ? ចំពោះលោក Robert Kiyosaki បានផ្តល់ដំបូន្មានថា បើលោកអ្នកមានស្ថានភាពធ្លាក់ខ្លួននៅក្នុងបំណុលមិនល្អ (Bad Debt) ការវិនិយោគដ៏ល្អបំផុតមិនបាច់ទៅចាំគិត សន្សំលុយទុកទៅធ្វើអ្វីផ្សេងនោះទេ។
លោកបានបន្តថា ការវិយោគដ៏ល្អបំផុតនៅពេលនេះ គឺការដោះបំណុលអាក្រក់ទាំងអស់ដែលលោកអ្នកមាននៅក្នុងដៃឲ្យអស់ជាមុនសិនទៅ៕
ប្រភព៖ Richdad.com ដោយ៖ សូរ៉ាណា