«គោលការណ៍៥វិនាទី» ជួយអ្នកបំបាត់ភាពខ្ជិលច្រអូសនិងធ្វើឲ្យអ្នកសម្រេចចិត្តបានកាន់តែលឿន
ដើម្បីជំរុញខ្លួនរបស់អ្នកឲ្យធ្វើសកម្មភាពអ្វីមួយមានភាពរហ័សរហួន អ្នកគួរតែសាកល្បងគោលការណ៍មួយនេះ ដោយអ្នកគ្រាន់តែរាប់ថយក្រោយ ៥ ៤ ៣ ២ ១ ហើយចាប់ផ្ដើមធ្វើសកម្មភាពដែលជាគោលដៅរបស់អ្នកជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់ញគេហទំព័រ addicted2success.com៖
ឧទាហរណ៍ថា បើអ្នកខ្ជិលងើបពីគេងពីព្រឹកព្រលឹម អ្នកគ្រាន់តែរាប់ ៥ ៤ ៣ ២ ១ ហើយស្ទុះងើបយ៉ាងលឿនទៅមុជទឹក ដុសធ្មេញ ស្លៀកសំលៀកបំពាក់ សិតសក់ជាការស្រេច។ វាគឺជាគោលការណ៍ដែលបង្ខំអ្នកឲ្យហ៊ានធ្វើការសម្រេចចិត្តនិងធ្វើសកម្មភាពក្នុងរយៈពេលតែ៥វិនាទីប៉ុណ្ណោះ។ គោលការណ៍សម្រេចចិត្តក្នុងរយៈពេល ៥វិនាទីនេះ គឺមិនមានជាប់ពាក់ព័ន្ធអ្វីជាមួយការគិតរបស់ខួរក្បាលអ្នកនោះទេ តែវាជាប់ពាក់ព័ន្ធជាមួយបេះដូងរបស់អ្នក ពាក់ព័ន្ធជាមួយសភាវគតិរបស់អ្នកទៅវិញទេ។ ប្រសិនបើអ្នករង់ចាំយូរជាង ៥វិនាទីក្នុងការសម្រេចចិត្ត អ្នកនឹងមិនអាចធ្វើការសម្រេចចិត្តបានឡើយ។
គោលការណ៍ ៥វិនាទី មានភាពលំអៀងទៅកាន់សកម្មភាពរបស់អ្នកជាជាងការគិតច្រើនជ្រុលដែលបណ្ដាលមកពីភាពភ័យខ្លាច និងការពន្យារពេល។ ក្នុងរយៈពេល ៥វិនាទីអ្នកមានឱកាសក្នុងការសម្រេចចិត្តយ៉ាងក្លាហាន។ វាជាការជំរុញលើកទឹកចិត្តមួយដែលអ្នកអាចប្រើប្រាស់វាដោយសេរី ដោយមិនចាំបាច់ចំណាយលុយសូម្បីតែមួយរៀលឡើយ៕
ដោយ៖ លង់ វណ្ណៈ