iPhone X clone ដើរដោយ Android ដែលបង្កប់ fingerprint ក្រោមអេក្រង់នឹងបង្ហាញខ្លួននៅ MWC 2018 នេះហើយ
Doogee V ដែលទើបបង្ហាញខ្លួន តែមិនទាន់ច្បាស់អំពីលក្ខណៈសម្បត្តិនៅឡើយនោះ ពេលនេះមានសេចក្ដីរាយការណ៍មកថា នឹងត្រូវណែនាំក្នុងព្រឹត្តិការណ៍ MWC 2018 ថ្ងៃទី២៧ កុម្ភៈខាងមុខនេះ។ Doogee V ជាស្មាតហ្វូនមានរចនាបថរូបរាងស្រដៀងខ្លាំងទៅនឹង iPhone X ដែលមានគែមអេក្រង់ស្ដើង ស្លីម និងមានផ្នែកខាងលើរាងឆក។ ចំណុចពិសេសលើស iPhone X គឺ Doogee V នេះត្រូវបានបង្កប់មុខងារស្កេនក្រយៅដៃក្រោមកញ្ចក់អេក្រង់តែម្ដង។
https://youtu.be/GIKOYOLPLeU
តាមពិតក្រុមហ៊ុន Vivo បានដើរមុនមួយជំហានទៅលើការអភិវឌ្ឍស្មាតហ្វូនមាន fingerprint បង្កប់ក្រោមអេក្រង់គឺស្មាតហ្វូន X20 Plus UD ចំណែកពេលនេះ គឺជាពេល Doogee បង្ហាញសាច់ដុំនឹងដែរ ជាមួយស្មាតហ្វូនទី២ ដែលមានបច្ចេកវិទ្យាទំនើបបែបនេះ។ Doogee នឹងត្រូវបង្ហាញផ្លូវការក្នុងព្រឹត្តិការណ៍ថ្ងៃទី២៧ កុម្ភៈនៅព្រឹត្តិការណ៍ MWC 2018 ដែលប្រារព្ធធ្វើនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។
Doogee V នឹងមានអេក្រង់ប្រភេទ AMOLED ទំហំ ៦,២១អ៊ីញ និងសមាមាត្រអេក្រង់នៅ 18:9 ratio ហើយមានកម្រិត Full HD+ (2160x1080)px។ វាជាស្មាតហ្វូនមានផ្ទៃមុខលាត ពុំមានប្រើប៊ូតុងនៅផ្នែកខាងមុខឡើយ ក្រៅតែពីចំណុចចាប់អារម្មណ៍នៅត្រង់ក្បាលឆករបស់វា។ កាមេរ៉ាខាងមុខរបស់វា ត្រូវគេរំពឹងថា នឹងគាំទ្រមុខងារ FaceID ផងដែរ។
ក្រឡេកមើលកាមេរ៉ាក្រោយវិញ គឺជា dual camera អមដោយភ្លើងជំនួយប្រភេទ dual-LED flash។ ក្រុមហ៊ុន Doogee បានបញ្ជាក់ថា ប្រព័ន្ធកាមេរ៉ាភ្លោះនៅលើ Doogee V គឺមានទំហំ 16MP និង 8MP ប៉ុន្តែមិនបានបញ្ជាក់អំពីសមត្ថភាពយ៉ាងណានៅឡើយ តែគេជឿថា នឹងមានលទ្ធភាពក្នុងការកែផ្ទៃ background ឱ្យមានលក្ខណៈព្រាល ដូចជា bokeh effect ផងដែរ។
Doogee V មានរន្ធតំណភ្ជាប់ USB-C ហើយមានកម្លាំងថ្ម 4000mAh ។ ក្រុមហ៊ុនមិនបានប្រាប់ឱ្យដឹងនូវប្រភេទឈីប RAM ឬអង្គចងចាំរបស់វានៅឡើយ គ្រាន់តែបង្ហើបថា អាចនឹងប្រព័ន្ធ AI ។ រង់ចាំមើលទាំងអស់គ្នាតើ iPhone X clone ដើរដោយ Android នេះ នឹងមានអ្វីពិសេសខ្លះ?
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ gsmarena