កើត​មក​ទទេ ស្លាប់​ទៅវិញ​ក៏​ទទេ​ដែរ​



នៅ​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ សុទ្ធតែ​ធ្លាប់​សួរ​ខ្លួនឯង​នូវ​សំណួរ​ថា តើ​អត្ថន័យ​ជីវិត​របស់​ខ្ញុំ​គឺជា​អ្វី ? គ្រប់​មនុស្ស​នៅ​លើ​លោក​ទាំងអស់ កើត​មក​ទទេ ស្លាប់​ទៅវិញ​ក៏​ទទេ​ដែរ។

នៅ​ពេល​អ្នក​កំពុង​សិក្សា គេ​នឹង​សួរ​នាំ​អ្នក​ថា​អ្នក​រៀន​និទ្ទេស​អ្វី មុខ​ជំនាញ​អ្វី លុះដល់​អ្នក​បញ្ចប់​ការ​សិក្សា​ពី​សាលា គេ​ក៏​នឹង​សួរ​អ្នក​បន្ត​ទៀត​ថា​តើ​អ្នក​មាន​ការងារ​អ្វី ហើយ​ប្រាក់ខែ​ប៉ុន្មាន មុខតំណែង​អ្វី បន្ទាប់​មក​នៅ​ពេល​អ្នក​ចាស់​ទុំ​បន្តិច​ទៅ ក៏​នឹង​មាន​សំណួរ​បន្ត​ទៀត​ថា​តើ​អ្នក​មាន​គ្រួសារ​ឬ​នៅ រហូត​ដល់​ចុង​បញ្ចប់​នៃ​ឆាក​ជីវិត​របស់​យើង​ម្នាក់ៗ។

មនុស្ស​យើង​ទោះ​ជា​បុគ្គល​នោះ​មាន​ទ្រព្យ​ច្រើន​ប៉ុណ្ណា មាន​បុណ្យស័ក្ដិ​អង់អាច​ប៉ុណ្ណា ក៏​គ្មាន​នរណា​អាច​គេច​ផុត​ពី​ច្បាប់​ធម្មជាតិ​កើត​ចាស់​ឈឺ​ស្លាប់​នេះ​ដែរ។ កើត​មក​ទទេ ស្លាប់​ទៅវិញ​ក៏​ទទេ​ដែរ។ តើ​អត្ថន័យ​ជីវិត​របស់​អ្នក​គឺជា​អ្វី ? តើ​អ្នក​រស់នៅ​ដើម្បី​អ្វី ? តើ​សេចក្ដី​សុខ​គឺជា​អ្វី​យ៉ាង​ពិត​ប្រាកដ ? ហេតុអ្វី​ក៏​មាន​ពេល​ខ្លះ​ជីវិត​លំបាក​ម្ល៉េះ ? មនុស្ស​យើង​មាន​រូប​គឺ​មាន​ទុក្ខ​ហើយ។ ប៉ុន្តែ អ្នក​ត្រូវ​ដឹង​ថា​ការ​គិត​របស់​អ្នក​មាន​អំណាច​ខ្លាំងក្លា​ណាស់។ ដូច​ព្រះពុទ្ធ​មាន​ពុទ្ធដីកា​ថា បើ​អ្នក​គិត​បែប​ណា អ្នក​នឹង​ក្លាយ​ជា​បែប​នោះ។

មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធតែ​មាន​ចំណង់​និង​កិលេស​តណ្ហា។ បើ​បាន​របស់​នេះ​មក​ផ្គាប់​ចិត្ត​ឥឡូវ​នេះ​ហើយ ក៏​នឹង​ចង់​បាន​អ្វី​ថ្មី​ផ្សេង​មក​ផ្គាប់​ចិត្ត​ចង់​របស់​ខ្លួន​ទៀត ហើយ​ចំណង់​របស់​ចិត្ត​នេះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ។ យើង​មិន​អាច​ចៀស​ផុត​ពី​កិលេស​តណ្ហា​ទាំងនោះ​បាន​ទាំងស្រុង​នោះ​ឡើយ។ ដូចជា​ទ្រព្យ​ជាដើម បើ​សិន​ជា​យើង​មិន​យកចិត្តទុកដាក់​ខិតខំ​រក​ប្រាក់​ទេ នោះ​យើង​ប្រាកដ​ជា​ដាច់​បាយ​ស្លាប់​មិនខាន។ ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​ឈ្លក់វង្វេង​ជាមួយ​នឹង​សេចក្ដី​សុខ​ក្លែងក្លាយ​អស់​ទាំងនោះ​ដែរ ហើយ​សូម​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​សុចរិត។

កើត​មក​ទទេ ស្លាប់​ទៅវិញ​ក៏​ទទេ តែ​បើ​អ្នក​បាន​ធ្វើ​នូវ​អំពើ​ល្អ បើ​ទោះ​ជា​មាន​គេ​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ យ៉ាងហោចណាស់​ក៏​អ្នក​ខ្លួនឯង​មាន​សេចក្ដី​ស្ងប់​សុខ​ក្នុង​ចិត្ត​ដែរ ហើយ​សេចក្ដី​សុខ​នេះ​នឹង​ចូលរួម​បំពេញ​នូវ​អត្ថន័យ​នៃ​ជីវិត​របស់​អ្នក។ ធ្វើ​ល្អ​កុំ​ដោយសារ​តែ​មាន​ការ​ភ័យខ្លាច​ឬ​តាម​គេ​ឯង​ទើប​ធ្វើ តែ​ចូរ​អ្នក​ធ្វើ​វា​ដោយ​សេចក្ដី​ស្មោះត្រង់​នឹង​ខ្លួនឯង ធ្វើ​អំពើ​ល្អ​ដោយសារ​តែ​អ្នក​ស្គាល់​ពី​តម្លៃ​នៅ​ខាងក្នុង​ចិត្ត​គំនិត​របស់​ខ្លួន នោះ​ទើប​ជា​ការ​ប្រសើរ​ខ្ពង់ខ្ពស់​បំផុត។ ដូច​អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ "ចូរ​កុំ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​ជោគជ័យ តែ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ដែល​មាន​តម្លៃ"។

បើ​អ្នក​យល់​ពី​ចំណុច​នេះ​បាន នោះ​អ្នក​នឹង​អាច​រក​ឃើញ​ថា​ខ្លួនឯង​ជា​នរណា​យ៉ាង​ពិត​ប្រាកដ ហើយ​សេចក្ដី​សុខ​របស់​អ្នក​គឺជា​អ្វី​យ៉ាង​ពិតប្រាកដ​មិនខាន៕

ដោយ៖ ស្រីពៅ

X
5s