តិចនិកដោះស្រាយជាមួយ ម្ដាយក្មេកពិបាកៗ!
ប្រសិនអ្នកមានសំណាង អ្នកបានស្វាមីល្អ តែវាក៏មិនប្រាកដថាអ្នកមានសំណាងបានម្ដាយក្មេកល្អគ្រប់យ៉ាងនោះទេ។ មានកូនប្រសាស្រីជាច្រើននាក់ តែងមានទំនាស់ជាមួយម្ដាយក្មេក មិនចុះសម្រុះគ្នាឡើយ ហើយនេះមិនមែនជារឿងល្អនោះទេព្រោះវាអាចធ្វើឲ្យគ្រួសាររបស់អ្នកបែកបាក់គ្នាក៏ថាបាន។ ប្រសិនអ្នកមានម្ដាយក្មេកដែលពិបាកចុះសម្រុងនឹងគ្នា ខាងក្រោមនេះ ជាតិចនិកដែលអ្នកអាចដោះស្រាយជាមួយគាត់ហើយមិនប៉ះពាល់ដល់មនោសញ្ចេតនាគ្រួសារអ្នកឡើយ៖
១) ស្វែងយល់ពីមូលហេតុ៖ ម្ដាយក្មេកខ្លះ មិនសូវពេញចិត្តជាមួយកូនប្រសាព្រោះគាត់ច្រណែន។ គាត់ធ្លាប់តែទទួលបានក្តីស្រឡាញ់ពេញលេញពីកូនគាត់មកពីមុន។ ម៉្យាងវិញទៀត គាត់អាចមានអារម្មណ៍ថា ខ្លួនឯងមិនសូវសំខាន់ចំពោះកូនរបស់គាត់ទៀតទេ ពោលគឺអ្នកសំខាន់ទី២បន្ទាន់ពីកូនប្រសាតែប៉ុណ្ណោះ។ ពេលខ្លះ ប្រសិនជាអ្នកអាចស្វែងយល់ពីមូលហេតុនេះ ហើយកុំសូវយកចិត្តទុកដាក់ពេក វាក៏ជួយដោះស្រាយបញ្ហាផ្លូវចិត្តផងដែរ។២) ផ្ដាច់ខ្លួនឲ្យឆ្ងាយបន្តិច៖ ប្រសិនជាអ្នករស់នៅជាមួយប្តីតែពីរនាក់ពោលគឺមិនរស់នៅផ្ទះជាមួយម្ដាយក្មេកនោះ ពេលមានកម្មវិធីនៅខាងប្តី ប្រសិនជាអាច អ្នកចូលរួមខ្លះនិងមិនចូលរួមខ្លះ។ មិនចូលរួមកម្មវិធីខាងប្តីមិនមែនមានន័យថាអ្នកមិនគោរពរាប់អានគ្រួសារខាងប្តីនោះទេ ប៉ុន្តែការធ្វើបែបនេះ ម្ដាយក្មេករបស់អ្នកអាចមានពេលវេលាខ្លះជាមួយកូនប្រុសគាត់ឡើងវិញ។
៣) ត្រៀមខ្លួនទុកមុន៖ ពេលអ្នកស្គាល់ម្ដាយក្មេកយូរទៅ ពិតណាស់ថា អ្នកយល់ច្បាស់ពីគាត់។ ដូច្នេះហើយ មុនពេលជួបគាត់ឬនិយាយអ្វីទៅគាត់ អ្នកអាចស្រមៃឬសាកល្បងគិតពីអ្វីដែលអ្នកគួរនិយាយឬមិនគួរនិយាយ ហើយវាមិនធ្វើឲ្យភាគីណាអន់ចិត្តឡើយប្រសិនអ្នកបានត្រៀមខ្លួនទុកជាមុន។
៤) គិតដល់គ្រួសារនិងកូន៖ ពេលខ្លះបើមានម្ដាយក្មេកពិបាកនិយាយ ទ្រាំបានចេះតែទ្រាំទៅ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់គ្រួសាររបស់អ្នក។ ពេលខ្លះ អ្នកត្រូវចេះទ្រាំដើម្បីសុភមង្គលនៃមនុស្សដែលអ្នកស្រឡាញ់។
៥) ប្រាប់ពីបញ្ហាទៅកាន់ប្តី៖ អ្នកគួរតែបង្ហាញពីអារម្មណ៍ឬបញ្ហាឲ្យប្ដីរបស់អ្នកបានដឹងឭផងឬប្រាប់ពីបញ្ហាដែលអ្នកមិនពេញចិត្តចំពោះម្ដាយក្មេកផង។ ប៉ុន្តែ ត្រូវចងចាំថាអ្នកបង្ហាញពីអារម្មណ៍របស់អ្នកមិនមែនរិះគន់ម្ដាយក្មេករបស់អ្នកនោះទេ ប៉ុន្តែសុំឲ្យប្តីសាកល្បងនិយាយ និងជួយនិយាយថ្លឹងថ្លែងរកហេតុផលជាមួយម្ដាយរបស់គាត់៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ wikihow.com