ប្រទេសទាំង៩ក្នុងលោក ដែលធ្វើការបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅឆ្នាំ២០១៥
តើលោកអ្នកមានឆ្ងល់ទេថា ប្រទេសណាដែលមានតម្លៃពលកម្មខ្ពស់បំផុត? ក្នុងប្រទេសទាំង៩នោះ តើអ្នកកំពុងធ្វើការនៅក្នុងប្រទេសណាមួយ?
៩) ប្រទេសបារាំង៖ ជាការពិតណាស់ បារាំងជាប្រទេសទី៩ដែលមានតម្លៃពលកម្មខ្ពស់នៅក្នុងបញ្ជី ហើយបារាំងក៏ជាប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងបំផុតរបស់ពិភពលោក។ តាមការពន្យល់របស់សេដ្ឋវិទូ លោក Paul Krugman បានអោយដឹងថា ប្រទេសបារាំងមាន GDP ទាបជាងសហរដ្ឋអាមេរិក ដោយសារតែម៉ោងធ្វើការមានតិច។ នៅឆ្នាំ១៩៩៩ បារាំងបានកំណត់ច្បាប់ធ្វើការ ៣៥ម៉ោងក្នុងមួយសបា្តហ៍។ បន្ទាប់ពីការបង់ពន្ធ ប្រជាជនបារាំង ទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ២៨ ៧៩៩ ដុល្លារ ក្នុងមួយឆ្នាំ ។
៨) ប្រទេសស៊ុយអែត៖ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក ស៊ុយអែត គឺជាប្រទេសដែលមានជាងគេបំផុតទី៦នៅក្នុងពិភពលោក។ ប្រទេសស៊ុយអែត មានសេដ្ឋកិច្ច ពឹងផ្អែកលើការនាំចេញ ចម្រុះ ដូចជាឈើ វារីអគ្គិសនី និងរ៉ែដែក ហើយមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ គឺផ្ដោតជាសំខាន់ទៅលើពាណិជ្ជកម្មអន្តរជាតិ។ ប្រជាជនស៊ុយអែត ទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណជា ២៩ ១៨៥ដុល្លារក្នុងមួយឆ្នាំ។
៧) ប្រទេសកាណាដា៖ កាណាដា គឺជាប្រទេសដែលផ្គត់ផ្គង់ប្រេងដ៏ធំបំផុតលំដាប់ទី៣នៅលើពិភពលោក បន្ទាប់ពីប្រទេសវេណេហ្ស៊ុយអេឡា និងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ប្រទេសកាណាដាសម្បូរទៅដោយ រ៉ែស័ង្កសី អ៊ុយរ៉ាញ៉ូម មាស នីកែល អាលុយមីញ៉ូម និងផលិតផលនាំចេញដ៏សំខាន់បំផុតនោះ គឺស្រូវសាលី និងធញ្ញជាតិផ្សេងៗទៀត។ ជាធម្មតា ប្រជាជនកាណាដាធ្វើការ ៣៦ម៉ោងក្នុងមួយសប្តាហ៍។ ក្នុងមួយឆ្នាំៗប្រជាជនកាណាដា ទទួលបានប្រាក់ចំណូលប្រមាណជា ២៩ ៣៦៥ ដុល្លារ រួមនឹងការបង់ពន្ធប្រមាណជា៣១% ទៅលើការថែរក្សាសុខភាព និងការអប់រំជាសាធារណៈ។
៦) ប្រទេសអូទ្រីស៖ អូទ្រីស ជាប្រទេសមួយនៅកណ្តាលទ្វីបអឺរ៉ុបដែលមានសម្រស់ស្រស់ស្អាត។ អូទ្រីស មានការអភិវឌ្ឍលើវិស័យឧស្សាហកម្មខ្ពស់។ ក្រៅពីនេះ វិស័យទេសចរណ៍អូទ្រីស រកចំណូលបានជិត៩%នៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន។ បន្ទាប់ពីការបង់ពន្ធ ប្រជាជនអូទ្រីស ទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ ៣១ ១៧៣ដុល្លារក្នុងមួយឆ្នាំ និង ការបង់ពន្ធប្រមាណជា៤៩,៤ ភាគរយទៅលើសន្តិសុខសង្គម សុខភាពនិងវិស័យអប់រំអោយកាន់តែខ្ពស់។
៥) ប្រទេសអាល្លឺម៉ង់៖អាល្លឺម៉ង់ គឺជាប្រទេសដែលមានភាពលេចធ្លោខ្លាំងបំផុតនៅទ្វីបអឺរ៉ុប ខាងផ្នែកសេដ្ឋកិច្ច។ ប្រជាជនអាល្លឺម៉ង់ បង់ពន្ធចូលរដ្ឋប្រមាណជា៤៩,៨ ភាគរយ នៃប្រាក់ចំណូលរបស់ខ្លួន។ ចំពោះការបង់ពន្ធចូលរដ្ឋស្ទើរតែជិតពាក់កណ្តាលនៃប្រាក់ចំណូលរបស់ខ្លួន។ ប្រជាជនអាល្លឺម៉ង់ ទទួលបានសេវាលើការថែរក្សាសុខភាព និង អប់រំគ្រប់កម្រិតដោយមិនបង់ប្រាក់។ ប្រាក់ចំណូលរបស់ប្រជាជនអាល្លឺម៉ង់ទទួលបានជាមធ្យមប្រមាណ៣១ ២៥២ដុល្លារក្នុងមួយឆ្នាំ។ នេះគឺពិតជាមិនតិចនោះទេ។
៤)ប្រទេសអូស្ត្រាលី៖ អូស្រ្តាលី ជាប្រទេសមួយមានសេដ្ឋកិច្ចរឹងមាំបំផុតនៅក្នុងពិភពលោក និងជាប្រទេសនាំចេញគ្រឿងឧបភោគបរិភោគដ៏ធំមួយ ព្រមទាំង ប្រេងនិងរ៉ែ ផងដែរ តែនាំចូលតិច។ នៅក្នុងឆ្នាំ២០១៣ ប្រទេសអូស្ត្រាលី ជាប្រទេសទី២ ដែលមានទ្រព្យសម្បត្តិច្រើនលើពិភពលោក បន្ទាប់ពីប្រទេសស្វីស។ ប្រជាជនអូស្ត្រាលីធ្វើការ២៣៦ម៉ោងក្នុងមួយសប្តាហ៍។ ចំណូលជាមធ្យមប្រមាណជា៣១ ៥៨៨ដុល្លារក្នុងមួយឆ្នាំបង់ពន្ធប្រមាណជា២៧, ៧% ទៅលើសេវាកម្មសុខភាព និងការអប់រំ។
៣)ប្រទេសស្វីស៖ ស្វីសជាប់ចំណាត់ថ្នាក់ល្អៗជាច្រើននៅក្នុងពិភពលោក ទៅលើផ្នែកអភិបាលកិច្ច សេរីភាពសង្គមស៊ីវិល ការរស់នៅ សេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។ ផលិតផលរបស់ប្រទេសស្វីស ត្រូវបានប្រើប្រាស់ច្រើននៅតំបន់អឺរ៉ុប ក្នុងនោះរួមមានផលិតផលថែរក្សាសុខភាព ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងតន្ត្រី។ ប្រជាជនស្វីសទទួលបានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំ៣៣ ៤៩១ដុល្លារ ហើយធ្វើការតែ35ម៉ោងក្នុងមួយសបា្តហ៍។
២) ប្រទេសន័រវែស៖ ន័រវេស គឺជាប្រទេសដែលសម្បូរសម្បត្តិធម្មជាតិបំផុតដូចជាធនធានប្រេង វារីអគ្គិសនី ផលនេសាទ និងធនធានរ៉ែ។ ដូចគ្នាទៅនឹងប្រទេសស៊ុយអែតដែរ ប្រទេសន័រវែស តម្រូវអោយប្រជាជនបង់ពន្ធជាង៣៧% ទៅលើសេវាសុខភាពសាធារណៈនិងការអប់រំ។ ជាមធ្យមប្រចាំឆ្នាំប្រជាជនន័រវែស ទទួលបានប្រាក់ចំណូលប្រមាណជា ៣៣ ៤៩២ដុល្លារ។
១) ប្រទេសលុចហ្សំបួរ៖ ប្រទេសលុចហ្សំបួរ គឺជាមជ្ឈមណ្ឌលផ្នែកហិរញ្ញវត្ថុរបស់តំបន់អឺរ៉ុប។ លុចហ្សំបួរ ជាប្រទេសដែលផ្គត់ផ្គង់ដែកថែបដំបូងគេមួយនៅតំបន់អឺរ៉ុប។ បច្ចុប្បន្ននេះ ទីផ្សារនាំចេញដ៏ធំរបស់លុចហ្សំបួរ រួមមានសារធាតុគីមី កៅស៊ូ និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម ព្រមទាំងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ។ ប្រជាជនលុចហ្សំបួរ ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូលប្រមាណជា៣៨ ៩៥១ដុល្លារ និងមានការបង់ពន្ធ៣៧,៧%។
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ topmensmagazine.com