តើអាការចុករោយករអាចព្យាបាលតាមរបៀបណា ?
អាការចុករោយករតែងកើតមានឡើង នៅពេលឥរិយាបថក្នុងការអង្គុយរបស់អ្នកមិនស្រួលបួលដូចជាអង្គុយឈ្ងោកករអានសៀវភៅច្រើនម៉ោង ឬអង្គុយធ្វើការនៅមុខកុំព្យូទ័រច្រើនម៉ោង។ ប៉ុន្តែវាក៏មានមូលហេតុផ្សេងទៀតផងដែរដែលបណ្ដាលឲ្យរោគសញ្ញានេះកើតឡើងមកលើនេះ ដែលអាចមានលក្ខណៈធ្ងន់ធ្ងរជាងនេះ រហូតទាល់តែអ្នកត្រូវសម្រេចចិត្តពិគ្រោះជាមួយគ្រូពេទ្យទើបជាការប្រសើរ។
បើគ្រាន់តែចុករោយករដោយសារតែអង្គុយអោនច្រើនម៉ោង អ្នកអាចដោះស្រាយបញ្ហានេះដោយគ្រាន់តែស្អំទឹកកក ឬក៏អាចជារបស់ណាដែលមានកម្ដៅដែលវានឹងជួយសម្រួលដល់ដំណើរការណ៍សាច់ដុំរបស់អ្នក។ បន្ទាប់មកអ្នកអាចយកដុំទឹកកកឬរបស់ដែលមានកម្ដៅទាំងនេះមកឈ្លីនៅត្រង់តំបន់ដែលអ្នកចុករោយប្រមាណ២០នាទី នោះអ្នកនឹងទទួលអារម្មណ៍ថាបានធូរស្បើយជាងមុនមិនខាន។ ឬក៏បើសិនជាបញ្ហានេះធ្ងន់ធ្ងរនិងរំខានដល់អ្នកខ្លាំង នោះអ្នកអាចពិគ្រោះនៅតាមឱសថស្ថានផ្សេងៗដែលអ្នកទុកចិត្ត និងព្យាបាលដោយការប្រើប្រាស់ថ្នាំពេទ្យ។
ដោយឡែក បើសិនជាអ្នកធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឲ្យមានការប៉ះទង្គិចនៅត្រង់កររបស់អ្នក ឬក៏រោគសញ្ញានេះនៅតែបន្តមកអស់រយៈពេល៤ទៅ៥សប្ដាហ៍ហើយ ឬបើកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការនិយាយ មើល ញាណទទួលដឹងផ្សេងៗ ចលនារបស់អ្នក និងលំនឹងរបស់អ្នក នោះវាជាការដាស់តឿនដ៏សំខាន់មួយដែលអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំនិងពិនិត្យឲ្យបានច្បាស់លាស់ហើយ ព្រោះថាបើមិនដូច្នោះទេ អ្នកអាចនឹងត្រូវប្រឈមមុខនឹងបញ្ហាផ្សេងទៀតដែលអាចធ្ងន់ធ្ងរដល់សុខភាពអ្នកក្នុងរយៈពេលវែងបាន៕
ប្រភព៖ www.quickanddirtytips.com
ប្រែសម្រួល៖ ស្រីពៅ