អ្វីខ្លះដែលអាចជាមូលហេតុនៃការចាកចេញរបស់បុគ្គលិក?​



គ្មាន​នរណា​ម្នាក់​អាច​បំពេញ​ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ទាំងអស់​នោះ​ទេ ហើយ​វា​ក៏​ជា​រឿង​ឥត​បាន​ការ​នោះ​ដែរ​ដែល​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​បែប​នោះ។ បុគ្គលិក​សុំ​លា​ឈប់​ពី​ក្រុមហ៊ុន​របស់​អ្នក ហើយ​អ្នក​ក៏​ត្រូវ​ជួល​បុគ្គលិក​ថ្មី​មក​ទៀត គឺជា​រឿង​ធម្មតា​សម្រាប់​គ្រប់​ក្រុមហ៊ុន​នោះ​ទេ។ យ៉ាងណាមិញ​បើ​សិន​ជា​បុគ្គលិក​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​អ្នក​មាន​ច្រើន​ខុស​ពី​ធម្មតា នោះ​អ្នក​ប្រហែល​ជា​បាន​សាង​នូវ​កំហុស​ណាមួយ​ដែល​អ្នក​មិន​បាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​មើល​បញ្ហា​នោះ​ឲ្យ​បាន​ដិតដល់​ហើយ។ តើ​បញ្ហា​ទាំងនោះ​អាច​ជា​បញ្ហា​អ្វីខ្លះ ?

១) អ្នក​មិន​បាន​ផ្ដល់​ឱកាស​សម្រាប់​ឲ្យ​បុគ្គលិក​ទទួល​បាន​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ៖ វា​អាច​មាន​ឫសគល់​ចេញ​មក​ពី​របៀប​ដែល​អ្នក​ដឹកនាំ​គ្រប់គ្រង​ពួកគេ។ អ្នក​អាច​នឹង​គ្រប់គ្រង​ត្រួតត្រា​ពួកគេ​ជ្រុល​ហួសហេតុ​ពេក​រហូត​ទាល់តែ​មិន​មាន​សេសសល់​ចន្លោះ​អ្វី​សោះ​សម្រាប់​ឲ្យ​ពួកគេ​បាន​បញ្ចេញ​នូវ​សក្ដានុពល​ពិត​ប្រាកដ​របស់​ខ្លួន។ អ្នក​អាច​នឹង​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​ចូលចិត្ត​បង្គាប់បញ្ជា​ឲ្យ​បុគ្គលិក​ធ្វើការ​ទៅ​តាម​របៀប​របស់​ខ្លួន​ពី​ដើម​រហូត​ដល់​ចប់ ដោយ​មិន​មាន​ចន្លោះ​សម្រាប់​ភាព​ច្នៃប្រឌិត​របស់​បុគ្គលិក​លេច​ឡើង​មក​បាន។ នៅ​ពេល​អ្នក​ដោះស្រាយ​បញ្ហា​ទៅ​តាម​របៀប​ចាស់​កំរិល​ដដែលៗ ដោយ​រំពឹង​ទុក​នូវ​លទ្ធផល​ជា​សមិទ្ធផល​អស្ចារ្យ នោះ​វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ នៅ​ពេល​បុគ្គលិក​មិន​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន នោះ​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​អ្នក​ក៏​មាន​ការ​ប៉ះពាល់​ដូចគ្នា​ដែរ។

២) អ្នក​មិន​ខ្វាយខ្វល់​ពី​សុខទុក្ខ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ៖ ថ្វីត្បិតតែ​ការងារ​និង​រឿង​ផ្ទាល់ខ្លួន​ត្រូវ​ចែក​ឲ្យ​ដាច់​នៅ​ពេល​អ្នក​ត្រូវ​បំពេញ​បេសកកម្ម​សំខាន់ៗ ប៉ុន្តែ​ឥរិយាបថ​ដែល​អ្នក​មិន​ខ្វាយខ្វល់​ពី​សុខទុក្ខ​កូនចៅ​អ្នក នឹង​បង្កើត​នូវ​ភាព​ល្អក់កករ​នៅ​ក្នុង​ទំនាក់ទំនង​អ្នក​ជាមួយ​នឹង​ពួកគេ។ នៅ​ពេល​រឿង​នេះ​កើតឡើង វា​ក៏​ប៉ះពាល់​ដល់​ទឹកចិត្ត​និង​កម្លាំង​ចិត្ត​ដែល​ពួកគេ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​សម្រេច​ភាព​ជោគជ័យ​ឲ្យ​អ្នក​ផង​ដែរ។ អ្នក​អាច​ជា​មេដឹកនាំ​ដ៏​មាន​ទេពកោសល្យ​និង​ឈ្លាសវៃ​មួយ​រូប​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ប៉ុន្តែ​បើ​សិន​ជា​អ្នក​មិន​អាច​សូម្បី​តែ​យល់​ពី​អ្នកដទៃ​ផង​នោះ នោះ​វា​ក៏​នឹង​ទាញ​ទម្លាក់​នូវ​ភាព​អស្ចារ្យ​របស់​អ្នក​ដែល​មាន​នៅ​ក្នុង​សមត្ថភាព​ណាមួយ​នោះ​ដែរ។

៣) អ្នក​មិន​ចេះ​ស្ដាប់​អ្នកដទៃ៖ មនុស្ស​ជាច្រើន​គិត​ថា​មនុស្ស​ដែល​ពូកែ​វោហារ​ច្រើន សុទ្ធតែ​ជា​មនុស្ស​ឆ្លាត​និង​មាន​ការ​ចេះ​ដឹង​ច្រើន។ ប៉ុន្តែ​ការ​ពិត​គឺ​មិនមែន​សុទ្ធតែ​បែប​នេះ​ទាំងអស់​នោះ​ទេ។ មនុស្ស​ដែល​ចេះ​ដឹង​ស៊ីជម្រៅ​ច្រើន អាច​ជា​មនុស្ស​ដែល​មិន​ពូកែ​វោហារ​ច្រើន​ដូច​អ្នកដទៃ​ទៀត តែ​ពួកគេ​ជា​មនុស្ស​ពូកែ​ស្ដាប់​និង​ចាំ​រៀន​សូត្រ​ស្វែងយល់​ពី​គំនិត​របស់​អ្នកដទៃ​ទៅវិញ។ បើ​ទោះ​អ្នក​ជា​មេដឹកនាំ​គេ តែ​ក៏​មិន​ប្រាកដ​ថា​អ្នក​ចេះ​ជាង​ពួកគេ​គ្រប់​រឿង​ទាំងអស់ ឬ​ក៏​គំនិត​របស់​អ្នក​ល្អ​និង​ត្រឹមត្រូវ​ជាង​ពួកគេ​គ្រប់​កាលៈទេសៈ​ទាំងអស់​នោះ​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ស្ដាប់​គេ​ផង។ នៅ​ពេល​អ្នក​ចេះ​ស្ដាប់​ពួកគេ នោះ​អ្នក​មិន​ត្រឹមតែ​អាច​រៀន​អ្វី​ម្យ៉ាង​ពី​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ថែមទាំង​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ពួកគេ​ផង​ដែរ៕

ដោយ៖ ស្រីពៅ

X
5s