សម្រង់សម្ដីអប់រំជីវិត ៧ឃ្លាពីស្ថាបនិកក្រុមហ៊ុន Apple លោក ​ស្ទីវចប​



អ្នក​ស្គាល់​រួច​មក​ហើយ​ថា​ស្ថាបនិក​ក្រុមហ៊ុន Apple ដែល​អាច​ជា​ផលិត​ទូរស័ព្ទ​ឬ​ឡេបថប​ដែល​អ្នក​កំពុង​តែ​ប្រើប្រាស់​នេះ​គឺជា លោក ស្ទីវចប ហើយ​អ្នក​ក៏​ប្រាកដ​ជា​ដឹង​ដែរ​ហើយ​ថា​កេរ្តិ៍ឈ្មោះ​របស់​គាត់​មាន​ភាព​ល្បីល្បាញ​ប៉ុណ្ណា។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ធ្លាប់​បាន​ដឹង​ទេ​ថា គាត់​បាន​បន្សល់​ទុក​នូវ​សម្ដី​ជាច្រើន​ដែល​ពោរពេញ​ដោយ​អត្ថន័យ​អប់រំ​ជីវិត​ដែល​មាន​ដូច​សម្ដី​៧​ឃ្លា​ខាងក្រោម​នេះ។

១) "បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ជាង​គេ​បំផុត​នៅ​ក្នុង​ផ្នូរ​មិន​សំខាន់​សម្រាប់​ខ្ញុំ​នោះ​ទេ។ ប៉ុន្តែ បើ​បាន​ចូល​គេង​យប់​ឡើង និង​បាន​និយាយ​ថា​ពួក​យើង​បាន​សម្រេច​រឿង​អ្វីមួយ​ដែល​អស្ចារ្យ នោះ​ទើប​វា​សំខាន់​សម្រាប់​ខ្ញុំ​ពិត​ប្រាកដ"។

២) "ភាព​ច្នៃប្រឌិត​គ្រាន់តែ​ជា​ការ​មើល​ឃើញ​អ្វីៗ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ប៉ុណ្ណោះ"។

៣) "កុំ​អនុញ្ញាត​ឲ្យ​សំឡេង​រំខាន​របស់​អ្នកដទៃ​លុប​បំបាត់​សំឡេង​នៅ​ខាងក្នុង​របស់​អ្នក​បាន​ឲ្យ​សោះ"។

៤) "ភាព​សាមញ្ញ​អាច​ពិបាក​ជាង​ភាព​ស្មុគស្មាញ​សាំញ៉ាំ​ទៅ​ទៀត។ អ្នក​ត្រូវ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ជ្រះ​ស្រឡះ​ស្អាត នោះ​ទើប​អ្នក​អាច​ធ្វើ​នូវ​រឿង​ដ៏​សាមញ្ញ​បាន។ ប៉ុន្តែ​វា​គឺជា​រឿង​ដ៏​មាន​តម្លៃ​សម្រាប់​អ្នក​គួរ​ធ្វើ ព្រោះ​ថា​បើ​កាលណា​អ្នក​ធ្វើ​វា​បាន​ហើយ នោះ​អ្នក​នឹង​អាច​រំកិល​ភ្នំ​បាន​ជាមិនខាន"។

៥) "ពេលវេលា​របស់​អ្នក​មាន​ដែន​កំណត់ ហេតុនេះ​ហើយ​អ្នក​មិន​គួរ​ខ្ជះខ្ជាយ​វា​ដើម្បី​រស់នៅ​ជីវិត​អ្នកដទៃ​នោះ​ឡើយ"។

៦) "ចងចាំ​ជានិច្ច​ថា​ចុងក្រោយ​បំផុត​ទៅ​អ្នក​គង់​នឹង​ត្រូវ​ស្លាប់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​គេច​ចេញ​ពី​អន្ទាក់​នៃ​ការ​គិត​ដែល​យល់​ថា​អ្នក​នឹង​មាន​អ្វី​ដែល​នឹង​ត្រូវ​បាត់បង់។ អ្នក​ទទេ​ស្អាត​ស្រាប់​ទៅ​ហើយ ដូច្នេះ​វា​គ្មាន​ហេតុផល​អ្វី​នោះ​ឡើយ​ដែល​អ្នក​មិន​គួរ​ដើរ​តាម​បេះដូង​របស់​ខ្លួនឯង​នោះ។

៧) "នៅ​ពេល​អ្នក​ធំ​ឡើង អ្នក​នឹង​តែងតែ​ត្រូវ​បាន​គេ​ប្រាប់​ថា​ពិភពលោក​ដែល​អ្នក​រស់នៅ​នេះ​គឺ​តែងតែ​បែប​នេះ​រហូត​មក​ហើយ ហើយ​ឆាក​ជីវិត​របស់​អ្នក​គ្រាន់តែ​ជា​ការ​រស់នៅ​ជីវិត​របស់​អ្នក​នៅ​ក្នុង​ពិភពលោក​បែប​នេះ​ទៅ។ កុំ​ព្យាយាម​ជល់​ក្បាល​ខ្លួនឯង​ទៅ​នឹង​ជញ្ជាំង​ខ្លាំង​ពេក​អី។ តែ​ព្យាយាម​កសាង​គ្រួសារ​ដ៏​ល្អ​មួយ មាន​ភាព​សប្បាយ​រីករាយ និង​សន្សំ​លុយ​កាក់​បន្តិចបន្តួច​ទៅ​បាន​ហើយ។ ការ​រស់នៅ​បែប​នេះ​គឺជា​ជីវិត​មួយ​ដែល​មាន​ដែន​កំណត់​ជាទី​បំផុត។ ឆាក​ជីវិត​អាច​ធំធេង​ជាង​នេះ​ទៅ​ទៀត ដរាប​ណា​អ្នក​រក​ឃើញ​នូវ​ការ​ពិត​មួយ​ថា អ្វី​គ្រប់​យ៉ាង​នៅ​ជុំវិញ​ខ្លួន​អ្នក​ដែល​អ្នក​ហៅ​ថា​ជីវិត​នេះ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ទាំងឡាយ​ដែល​ពួកគេ​មិន​ឆ្លាត​ជាង​អ្នក​ប៉ុន្មាន​នោះ​ទេ ហើយ​អ្នក​អាច​ផ្លាស់ប្ដូរ​វា​បាន អ្នក​អាច​បង្កើត​ឥទ្ធិពល​របស់​អ្នក​ទៅលើ​វា​បាន។ នៅ​ពេល​មួយ​ដែល​អ្នក​បាន​យល់​ពី​ការ​ពិត​មួយ​នេះ​ហើយ នោះ​អ្នក​នឹង​មិនមែន​ជា​មនុស្ស​ដូច​កាល​ពី​មុន​ទៀត​នោះ​ឡើយ"។

ប្រភព៖ goalcast ប្រែសម្រួល៖ ស្រីពៅ

X
5s