មេរៀន​ជំនួញ​ដ៏​មាន​តម្លៃ​ទាំង​៣​យ៉ាង​ដែល​អ្នក​អាច​សិក្សា​បាន​ពី​លោក​មហាសេដ្ឋី​ Jim Koch​



លោក​មហាសេដ្ឋី​ Jim Koch គឺ​ជា​អ្នក​ជំនួញ​ផង អ្នក​និពន្ធ​ផង​និង​មាន​ក្រុមហ៊ុន​លក់​ស្រាបៀ​ដ៏​ជោគជ័យ​មួយ​ផង​ដែរ។ លោក​បាន​កសាង​ក្រុមហ៊ុន​លក់​ស្រាបៀ​​តាំង​ពី​បាត​ដៃ​ទទេ​រហូត​ដល់​វា​​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​​ម៉ា​យីហោ​ដ៏​ល្បី​នៅ​សហរដ្ឋ​អាមេរិក។ ​​ខាង​ក្រោម​នេះ​​ជា​មេរៀន​ជំនួញ​ដ៏​មាន​តម្លៃ​ទាំង​៣​យ៉ាង​ដែល​អ្នក​អាច​សិក្សា​បាន​ពី​លោក​មហាសេដ្ឋី​ Jim Koch ៖ ១) ធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់៖ លោក​មហាសេដ្ឋី​ Jim Koch បាន​បញ្ចប់​ការ​សិក្សា​ច្បាប់​និង​ពាណិជ្ជកម្ម​ពី​សាលារៀន Harvard។ ក្រោយ​លោក​បញ្ចប់​ការ​សិក្សា លោក​ក៏​រក​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ។ ប៉ុន្តែ​ លោក​ដឹង​ច្បាស់​ថា​វា​មិន​មែន​ជា​អ្វី​ដែល​លោក​ស្រឡាញ់​និង​ចង់​បាន​នៅ​ក្នុង​ជីវិត​នោះ​ទេ ដែល​នេះ​ជា​ហេតុផល​មួយ​ដែល​លោក​លាឈប់​ពី​ការងារ​និង​ប្រឡូក​ក្នុង​​ជំនួញ​វិញ។ ២) ​​​ធ្វើ​អ្វី​ក៏​ដោយ វា​មិន​ខាត​បង់​នោះ​ទេ៖ ប្រសិន​ជា​អ្នក​ធ្វើ​ជំនួញ​យូរ​ឆ្នាំ​​​ហើយ​ទើប​ដឹង​ថា​វា​មិន​មែន​ជា​អ្វី​ដែល​អ្នក​ស្រឡាញ់ នោះ​ក៏​មិន​អី​ដែរ​ព្រោះ​ថា​​​ថ្វី​ត្បិត​តែ​អ្នក​ខាត​ពេលវេលា​មែន ​ប៉ុន្តែ​បទពិសោធន៍​​ក្នុង​ជំនួញ​មួយ​នេះ​​នឹង​ជួយ​អ្នក​សម្រាប់​ជំនួញ​ដែល​អ្នក​ធ្វើ​បន្ទាប់​ទៀត។ ៣) បើ​ចង់​ នឹង​មាន​ផ្លូវ៖ នៅ​ពេល​ដែល​លោក​ទើប​​ចាប់​ផ្ដើម​ជំនួញ​លក់​ស្រាបៀ​ដំបូង ​​បើ​ទោះ​បី​ជា​លោក​ដឹង​ជា​ច្រើន​អំពី​ទី​ផ្សារ ជំនួញ​​ក្តី ប៉ុន្តែ​លោក​មិន​ចេះ​លក់​នោះ​ទេ។ ដូច្នេះ​ហើយ​ លោក​ត្រូវ​​ការ​មនុស្ស​មក​ជួយ​លក់​ផលិតផល​របស់​គាត់។ ​ប៉ុន្តែ​ លោក​រក​មនុស្ស​ពុំ​បាន​សោះ​​។ ដូច្នេះ​ហើយ លោក​ក៏​សម្រេច​ធ្វើ​ដោយ​ខ្លួន​ឯង​ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​រហូត​ដល់​គាត់​ជោគជ័យ​ផង​ដែរ៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ addicted2success.com​​​​
X
5s