តើជីវិតគ្រាន់តែជាការសម្រេចឲ្យបាននូវសមិទ្ធផលជោគជ័យតែម្យ៉ាងឬ?​



នៅលើលោកនេះគ្មានភាពល្អឥតខ្ចោះនោះទេ។ បើអ្នកចង់បានភាពល្អឥតខ្ចោះ នោះទាល់តែអ្នកកុំធ្វើអ្វីសោះ ដូច្នេះអ្នកនឹងមិនមានកំហុសអ្វីនោះឡើយ ហើយជីវិតរបស់អ្នកក៏មិនមានស្នាមរបួសអ្វីដែលអ្នកមិនចង់ឲ្យបន្សល់ស្លាកស្នាមទុកក្នុងជីវិតរបស់អ្នកនោះដែរ។

ប៉ុន្តែអ្នកសាកស្រមៃទៅមើល៍ថា តើជីវិតបែបនេះមានន័យអ្វីដែរទេ ? ពោលតើជីវិតមួយដែលម្ចាស់នៃជីវិតនេះមិនបានរស់នៅឲ្យអស់ពីលទ្ធភាពរបស់ខ្លួន ដោយរវល់តែខ្លាចនេះខ្លាចនោះ រំពឹងចង់បានតែភាពល្អឥតខ្ចោះនោះ តើវាមានន័យដែរទេ ?

ជីវិត​មិនមែន​តែជារឿងសមិទ្ធផលជោគជ័យដែលអ្នកត្រូវសម្រេចឲ្យបាននោះទេ តែអ្វីដែលសំខាន់ជាងនេះទៅទៀត វាគឺជាដំណើរផ្សងព្រេងមួយដែលអ្នកត្រូវរៀនសូត្រពីវារហូតគ្មានទីបញ្ចប់។ អ្នកនឹងកត់សម្គាល់ថា អ្នកដែលបានសម្រេចជោគជ័យពិតប្រាកដក្នុងជីវិតរបស់ពួកគេ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ដូចខាងក្រោមនេះនៅក្នុងខ្លួនជានិច្ច៖

_ កំណត់នូវគោលដៅថ្មីជាបន្ដបន្ទាប់ ក្រោយពីគោលដៅមួយបានសម្រេច ហើយផ្ដោតទៅលើការបំពេញភារកិច្ចនោះ មិនមែនប្រកាសពីវានោះទេ

_ ពួកគេមើលឃើញឱកាសពីភាពបរាជ័យរបស់ខ្លួនជាការរៀនសូត្រ

_ ពួកគេមានភាពក្លាហានក្នុងការប្រថុយប្រថានទៅនឹងការឈោងចាប់តាមក្ដីសុបិន្ដរបស់ខ្លួនដោយមិនរួញរា

_ ពួកគេមានវិន័យគ្រប់គ្រងចិត្តគំនិតរបស់ខ្លួនឲ្យមានភាពវិជ្ជមានជានិច្ច បើទោះជាមានការខកចិត្តនិងការបរាជ័យអ្វីក៏ដោយ

_ ពួកគេយល់ច្បាស់ពីកិច្ចការណាដែលត្រូវផ្ដល់អាទិភាពចម្បងទៅលើវា ព្រមទាំងមានចក្ខុវិស័យសម្លឹងមើលទៅឃើញភាពជោគជ័យដែលខ្លួនប្រាថ្នាចង់សម្រេចឲ្យបាននាពេលអនាគត ដែលធ្វើឲ្យពួកគេដៅនូវជំហានផ្លូវដើររបស់ខ្លួនពីកន្លែងដែលពួកគេកំពុងឈរ និងកន្លែងដែលពួកគេត្រូវទៅឲ្យដល់បានយ៉ាងត្រឹមត្រូវ។

ដូចលោកស្រី J.K. Rowling បាននិយាយឃ្លា​មួយ​ថា៖​ "វាមិនអាចទៅរួចនោះទេ​ក្នុងការរស់នៅជីវិតមួយដោយមិនមានការបរាជ័យទាល់តែសោះ លុះត្រាតែអ្នករស់នៅដោយប្រុងប្រយ័ត្នជាទីបំផុតរហូតទាល់តែអ្នកមិនបានរស់នៅបន្តិចសោះឡើយ។ បើ​ដូច្នេះមែន នោះ​អ្នកបានបរាជ័យពិតប្រាកដហើយ"៕

X
5s