ហេតុផលដែលអ្នកត្រូវមើលខ្លួនឯង ជាដើមហេតុនៃបញ្ហានៅក្នុងជីវិត
ពិភពលោកដែលអ្នករស់នៅគឺជាកន្លែងដែលពោរពេញដោយសេចក្ដីល្អឬសេចក្ដីអាក្រក់ នោះគឺអាស្រ័យទៅលើការគិតដែលអ្នកមានចំពោះវា។ ហេតុអ្វីមនុស្សដែលធ្លាប់បានឆ្លងកាត់បទពិសោធន៍លំបាកជូរចត់ជាច្រើននៅក្នុងជីវិត តែនៅតែអាចតស៊ូរហូតជួបនឹងភាពជោគជ័យនិងសេចក្ដីសុខនៅក្នុងជីវិតរបស់ពួកគេបាន ?
មូលហេតុដ៏សំខាន់មួយនោះគឺ ពួកគេមិនមើលឃើញថារឿងរ៉ាវនៅខាងក្រៅគឺជាបញ្ហាដែលនាំឲ្យជីវិតរបស់ពួកគេលំបាកវេទនានោះទេ ផ្ទុយទៅវិញពួកគេមើលឃើញថាខ្លួនឯងនោះទេគឺជាបញ្ហា។ ហេតុអ្វី ? ព្រោះពួកគេដឹងថាការគិតរបស់ខ្លួនឯងមានអំណាចខ្លាំងក្លាប៉ុណ្ណានៅក្នុងការកំណត់ជោគវាសនាជីវិតរបស់ពួកគេ។ ហេតុនេះហើយពួកគេចាប់ផ្ដើមផ្លាស់ប្ដូរជោគវាសនាជីវិតរបស់ខ្លួនចេញពីការផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនឯងជាមុនសិន។ អាល់ប៊ឺត អាញស្តាញ ធ្លាប់និយាយថា៖ "ចូរកុំព្យាយាមធ្វើជាបុគ្គលដែលជោគជ័យ តែចូរព្យាយាមធ្វើជាបុគ្គលមួយរូបដ៏មានតម្លៃវិញ"។
តម្លៃរបស់មនុស្សគឺស្ថិតនៅត្រង់អត្តចរិត ចំណេះដឹងនិងគតិបណ្ឌិតដែលពួកគេមាន ដែលរបស់ទាំងនេះសុទ្ធតែជាតម្លៃនៅខាងក្នុងដែលមិនមែននរណាៗសុទ្ធតែអាចវាយតម្លៃដឹងបានពីសម្បកក្រៅនោះឡើយ។ តម្លៃរបស់មនុស្សមិនមែនអស្ចារ្យនៅត្រង់របស់ខាងក្រៅដែលបុគ្គលនោះយកមកតុបតែងលម្អខ្លួនឯងឲ្យល្អមើលដើម្បីអួតមហាជននោះឡើយ។
សេចក្ដីសុខដែលទទួលបានមកពីជោគជ័យបែបនោះនឹងមិនស្ថិតស្ថេរគង់វង្សឡើយ ព្រោះវាគ្រាន់តែជាសេចក្ដីសុខក្លែងក្លាយដើម្បីឲ្យមនុស្សឈ្លក់វង្វេងទៅតាមភាពអវិជ្ជាល្ងង់ខ្លៅនិងតណ្ហារបស់ខ្លួនតែប៉ុណ្ណោះឯង។ សេចក្ដីល្អនៅតែមាន ដរាបណាអ្នកនៅតែជឿជាក់ទៅលើវា។ បន្ទាប់បានឆ្លងកាត់រឿងរ៉ាវលំបាកវេទនាក្នុងជីវិតជាច្រើនរួចមក អ្នកនិពន្ធសៀវភៅរឿងភាគនិទាន Harry Potter ដែលមានភាពល្បីល្បាញទូទាំងពិភពលោកគឺលោកស្រី J.K. Rowling បាននិយាយថា៖ "ពិភពលោកគឺពោរពេញដោយរឿងរ៉ាវអស្ចារ្យជាច្រើនដែលអ្នកនៅមិនទាន់បានឃើញនៅឡើយ។ ហេតុនេះហើយអ្នកមិនគួរឆាប់បោះបង់ចោលនូវឱកាសក្នុងការបានមើលឃើញវាឲ្យសោះ"។
បើនៅស្រណុកសុខស្រួល នោះអ្នកមិនដឹងថាតើអ្នកអាចធ្វើអ្វីបានខ្លះ ហើយអ្នករឹងមាំខ្លាំងក្លាប៉ុណ្ណានោះឡើយ ទាល់តែអ្នកជួបនឹងបញ្ហាលំបាកត្រូវដោះស្រាយ នោះទើបអ្នកអាចស្គាល់ថាខ្លួនឯងជានរណាពិតប្រាកដបាន។ នេះក៏មិនខុសពីដើមឈើនោះដែរ ដើមឈើដែលជួបព្យុះភ្លៀង នឹងលូតលាស់ចាក់ឫសរបស់វាកាន់តែរឹងមាំ រីឯដើមឈើដែលមិនធ្លាប់បានត្រូវព្យុះភ្លៀងសោះ វានឹងមិនអាចទ្រាំទ្រជាមួយនឹងកម្លាំងដ៏ខ្លាំងក្លារបស់ខ្យល់នោះឡើយ៕
ដោយ៖ ស្រីពៅ