​៥​ ចំណុច​​ដែល​អ្នក​គ្រប់គ្រង ​ធ្វើ​ឱ្យ​បុគ្គលិក​​ល្អ​​ៗ​រត់​ចោល​​​



​​នៅ​ពេល​ដែល​បុគ្គលិក​ល្អ​ៗ​ដើរ​ចេញ​ពី​ក្រុមហ៊ុន​ ច្បាស់​ណាស់​ថា​ ​​ក្រុមហ៊ុន​​មិន​មែន​បាត់​បង់​មនុស្ស​ពូកែ​តែ​ម្យ៉ាង​នោះ​ទេ​ ប៉ុន្តែ​​អាច​នឹង​ខាត​បង់​លុយ​​កាក់​​មិន​តិច​នោះ​ទេ​ព្រោះ​ថា​ ​ដំណើការ​​នៅ​ក្នុង​ក្រុមហ៊ុន​ជាប់​គាំង​​​នៅ​ពេល​ខ្លះ​។ ​ហេតុ​អ្វី​បាន​ជា​បុគ្គលិក​ល្អ​ៗ​រត់​ចោល​​​មេ​ដឹក​នាំ?​

១) បុគ្គលិក​ល្អ​ៗ​ធ្វើ​ការ​ងារ​ច្រើន​ជ្រុល​ពេក​៖ មិន​មែន​ជា​រឿង​សាមញ្ញ​នោះ​ទេ​ ហើយ​ក៏​មិន​មែន​តែ​កើត​មាន​នៅ​​ស្រុក​ខ្មែរ​ដែរ​ នៅ​ប្រទេស​គេ​ផ្សេង​ក៏​ដូច​គ្នា។ បុគ្គលិក​ល្អ​ៗ​ភាគ​ច្រើន​តែង​តែ​មាន​ការ​ងារ​ច្រើន​​ពេក។ ​​ច្រើន​ក្នុង​ន័យ​នេះ​ ​គឺ​ថា​ច្រើន​ពេក​តែ​ម្ដង​​រហូត​ដល់​​ទ្រាំ​លែង​ចង់​បាន (overload)។ ​នៅ​ពេល​ដែល​ពួក​គេ​បំពេញ​ការងារ​ច្រើន​ពេក​ ​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ ពួក​គេ​​កំពុង​ធ្វើ​ការ​ដូច​គេ​ដាក់​ពិន័យ​ដែល​នាំ​ឱ្យ​កើត​មាន​អារម្មណ៍​ធុញថប់​​ដែល​ធ្វើ​ឱ្យ​គេ​​ឈប់​នៅ​ជា​មួយ​ក្រុមហ៊ុន​តែ​ម្ដង។

២) ​មេ​ដឹក​នាំ​មិន​ដែល​ទទួល​ស្គាល់​ចំណែក​​របស់​គេ​ ហើយ​ក៏​គ្មាន​ផ្ដល់​រង្វាន់​ដល់​គេ៖ បើ​គ្មាន​ការ​ទទួល​ស្គាល់​ និង​គ្មាន​ការ​ផ្ដល់​តម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​នោះ​ទេ​​ ​មិន​ថា​យើង​មិន​ថា​គេ​ ច្បាស់​ជា​គ្មាន​អារម្មណ៍​អ្វី​នឹង​បំពេញ​ការងារ​​ឡើយ​ ហើយ​ច្បាស់​ជា​រត់​ចោល​​ក្រុមហ៊ុន​ជា​មិនខាន។ ​ការ​ទទួល​ស្គាល់​អាច​ជា​​ការ​ផ្ដល់​ប័ណ្ណ​សរសើរ​ និយាយ​សរសើរ​ ​​តំឡើង​ប្រាក់​ខែ​ ​ដំឡើង​​មុខ​តំណែង​ និង​ផ្ដល់​រង្វាន់​លើក​​ទឹក​ចិត្ត​ផ្សេងៗ។

៣) ​ពួក​គេ​ជួល​ និង​ដំឡើង​តំណែង​មនុស្ស​ខុស៖​ នៅ​ពេល​ដែល​មេ​ដឹក​នាំ​មើល​មិន​ឃើញ​ចំណុច​ល្អ​របស់​បុគ្គលិក​ល្អ​ ហើយ​បែរ​ជា​មើល​ឃើញ​បុគ្គលិក​​មិន​សូវ​ល្អ​ ហើយ​ដំឡើង​តំណែង​មនុស្ស​ខុស​នោះ។ នេះ​ជា​មូលហេតុ​ធំ​​មួយ​ដែល​​​ធ្វើ​​ឱ្យ​បុគ្គលិក​​ល្អ​​​លែ​ឈប់។

៤) មិន​ខ្វល់​នឹង​បុគ្គលិក​ និង​​បុគ្គលិក​មិន​​អាច​រៀន​សូត្រ​អ្វី​បាន​៖ បើ​មេ​ដឹក​នាំ​មិន​ខ្វល់​ថា​បុគ្គលិក​​​ល្អ​​ធ្វើ​អ្វី​ មិន​ប្រាប់​ទិសដៅ​ គ្មាន​ផែនការ​ច្បាស់​លាស់​ ​ហើយ​ពួក​គេ​មិន​អាច​រៀន​សូត្រ​​​បាន​​ពី​ការងារ​ ក៏​ដូច​ជា​មេ​ដឹក​នាំ​របស់​គេ​នោះ​ទេ​ នោះ​​ក៏​គេ​មិន​បន្ត​អាជីព​យូរ​អង្វែង​ដែរ។ ​ត្រូវ​ចាំ​ថា​ បុគ្គលិក​ល្អ​មិន​មែន​ធ្វើ​ការ​យក​តែ​ប្រាក់​ខែ​នោះ​ទេ​ តែ​គេ​ចង់​បាន​បទ​ពិសោធន៍​​ និង​ចំណេះ​ដឹង​ថ្មី​ៗ​ផង​ដែរ។

៥)​ ស្ដី​បន្ទោស​ និង​មើល​ងាយ៖​ ​ការ​ស្ដី​បន្ទោស​ និង​​មើល​ងាយ​មើល​ថោក​​ គួរ​ត្រូវ​បាន​ប្រែ​​ក្លាយ​ទៅ​ជា​គំនិត​រិះគន់​ដើម្បី​ស្ថាបនា​ ដែល​អាច​ធ្វើ​​​​ឱ្យ​បុគ្គលិក​កែ​ប្រែ​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បាន​។ ​​ប៉ុន្តែ​ បើ​មេ​ដឹក​នាំ​​មិន​អាច​​ធ្វើ​​វា​ឱ្យ​ទៅ​ជា​មតិ​រិះគន់​ទេ បែរ​ជា​ស្ដី​បន្ទោស​ ឬ​បន្ទាបបន្ថោក​ទៅ​វិញ​នោះ​ ច្បាស់​ណាស់​ថា​ ​បុគ្គលិក​ល្អ​ៗ​ រត់​ចោល​ជា​មិន​ខាន។ ត្រូវ​ចាំ​ថា​ គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ធ្វើ​ខុស​នោះ​ទេ​ គ្រាន់​តែ​ថា​ គេ​ប្រព្រឹត្ត​កំហុស​នោះ​ដដែល​ជា​ដដែល​ឬ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​មេ​រៀន៕​

ដោយ៖ រតនៈ​វិភូ

X
5s