អ្នកយល់ស្របទេថា មនុស្សយើងមិនគ្រាន់បើជាងកង្កែបនៅក្នុងអណ្ដូងប៉ុន្មានឡើយ? ហេតុអ្វី?
មនុស្សយើងតែងតែគិតថាពួកយើងគឺជាសត្វថា្នក់ខ្ពស់លើសពីបណ្ដាសត្វដទៃៗនៅលើលោក ក៏ព្រោះតែពួកយើងមានវិចារណញ្ញាណ ចេះរិះគិតពិចារណារកហេតុផលនិងវែកញែកថ្លឹងថ្លែងរកការពិត។ ប៉ុន្តែនៅពេលយើងគិតឲ្យស៊ីជម្រៅទៅ មនុស្សយើងក៏មិនគ្រាន់បើជាងកង្កែបនៅក្នុងអណ្ដូងនោះដែរ ហើយមានតែកង្កែបគ្រាន់បើជាងមនុស្សវិញផងក៏មិនដឹង។
កង្កែបមានសមត្ថភាពអាចមើលឃើញភាគល្អិតរបស់ពន្លឺបាន ខណៈពេលដែលភ្នែករបស់មនុស្សមិនអាចមើលឃើញដល់ពិភពដ៏តូចបែបនោះរបស់ពន្លឺដែលបំភ្លឺពិភពរបស់យើងរហូតមកផងនោះ។ យើងថាមនុស្សគ្រាន់បើជាងកង្កែប ព្រោះភ្នែកមនុស្សអាចមើលឃើញពណ៌ចម្រុះគ្នាដ៏សម្បូរបែបជាច្រើននៅក្នុងធម្មជាតិរបស់ពន្លឺ ប៉ុន្តែភាពស្រស់ស្អាតទាំងនោះគ្រាន់តែជារូបភាពបំភ័ន្តភ្នែកមនុស្សតែប៉ុណ្ណោះ។
ពន្លឺដែលអ្នកមើលឃើញគ្រាន់តែជាផ្នែកដ៏តូចមួយរបស់រលកអេឡិចត្រូម៉ាញេទិចទាំងអស់នៅក្នុងចក្រវាលនេះតែប៉ុណ្ណោះ។ មានរលកអេឡិចត្រូម៉ាញេទិចដទៃៗទៀតដែលញាណរបស់មនុស្សមិនមានសមត្ថភាពអាចមើលឃើញដល់ ដូចជារលកកាំរស្មីស្វាយអ៊ុលត្រា រលកអាំងហ្វ្រា រលកវិទ្យុជាដើម។ ទោះជាយ៉ាងណា ពន្លឺដ៏ចម្រុះពណ៌សម្បូរបែបដែលអ្នកមើលឃើញនៅក្នុងជីវិតរបស់អ្នកនេះ គ្រាន់តែជាផលិតផលដែលកើតចេញមកពីទំនាក់ទំនងគ្នារវាងអាតូមដែលបង្កវត្ថុនីមួយៗនិងភាគល្អិតរបស់ពន្លឺ ដែលបន្ទាប់មកជះត្រឡប់ចូលមកភ្នែករបស់អ្នក ដែលមានកោសិកាចាំឆ្លើយតបនិងបកប្រែព័ត៌មានជាពណ៌ដែលអ្នកមើលឃើញប៉ុណ្ណោះឯង។
ដោយសារតែបែបនេះហើយ បានជាមានការលើកឡើងថា ភាពល្ងង់ខ្លៅរបស់មនុស្សឥតមានដែនកំណត់នោះឡើយ។ បណ្ដាមនុស្សដែលអួតក្អេងក្អាងពីចំណេះដឹងរបស់ខ្លួន គង់នឹងមានថ្ងៃណាមួយក្លាយជាទាសករនៃចំណេះដឹងដ៏មានដែនកំណត់របស់ខ្លួនឯងនោះទេ។ កុំមានភាពជឿជាក់ខ្លាំងពេកចំពោះរាល់អ្វីៗដែលអ្នកធ្លាប់បានរៀនសូត្រចេះកន្លងមក ព្រោះថាចំណេះដឹងដែលគេអះអាងថា ជាការពិតអំពីធម្មជាតិរបស់ចក្រវាលយើងនេះ គង់នឹងមានថ្ងៃណាមួយនឹងត្រូវបានគេកែសម្រួល បោះចោល និងពិសោធន៍រកឃើញថាខុសដោយអ្នកជំនាន់ក្រោយៗទៀតនោះទេ។
ដូច្នេះហើយអ្នកត្រូវដាក់ខ្លួននិងបើកចំហចិត្តគំនិតរបស់អ្នកចាំទទួលយកទៅរិះគិតនូវទស្សនយល់ឃើញថ្មីៗជានិច្ច។ ដរាបណាអ្នកមានអារម្មណ៍មួយថាអ្នកចេះដឹងអស់ហើយ នោះអ្នកនឹងធ្វើឲ្យខ្លួនឯងក្លាយជាកង្កែបក្នុងអណ្ដូងមិនខានឡើយ។ មានតែការងឿងឆ្ងល់សួរសំណួរច្រើន និងរៀនសូត្ររហូតដល់គ្មានទីបញ្ចប់តែប៉ុណ្ណោះ ទើបអ្នកអាចរំដោះខ្លួនឯងចេញពីភាពល្ងង់ខ្លៅបាន។ នៅពេលនោះអ្នកប្រហែលជា នឹងអាចស្វែងរកឃើញការពិតអំពីអ្វីៗនៅក្នុងចក្រវាលនេះមិនខាន៕
ដោយ៖ ស្រីពៅ