គតិដ៏មានអត្ថន័យចំនួន ៨អំពីការតស៊ូនៅក្នុងជីវិតរបស់លោកស្រីអ្នកនិពន្ធរឿងភាគនិទាន Harry Potter
លោកស្រី J.K. Rowling ជាអ្នកនិពន្ធរបស់អង់គ្លេស ដែលត្រូវបានគេស្គាល់គាត់តាមរយៈខ្សែរឿងភាគនិទាន Harry Potter ដ៏ល្បីល្បាញ ធ្លាប់មានដំណើរជីវិតដែលត្រូវឆ្លងកាត់ការលំបាកជាច្រើនរាប់មិនអស់ ប៉ុន្តែនៅតែអាចតស៊ូរហូតក្លាយជាអ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះមួយរូបរបស់ពិភពលោក ហើយក៏ធ្លាប់ជាប់ឈ្មោះជាអ្នកនិពន្ធដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។
មុនពេលដែលសៀវភៅភាគទី ១ នៅក្នុងខ្សែរឿងភាគនិទានទាំងអស់របស់គាត់ត្រូវបានបោះពុម្ពផ្សាយចេញមក លោកស្រីត្រូវជួបនឹងការស្លាប់របស់ម្ដាយ ការលែងលះជាមួយស្វាមី និងភាពក្រីក្រ។ មកទល់ពេលនេះ គាត់គឺជាស្ត្រីដ៏មានឥទ្ធិពលមួយរូបដែលតែងតែដក់ជាប់នៅក្នុងចិត្តរបស់ប្រជាជនអង់គ្លេសរហូតមកជានិច្ច។ ខាងក្រោមនេះដែរគឺជាសម្ដីដកស្រង់ចំនួន៨របស់លោកស្រី៖
១) "ជីវិតគឺជាការលំបាកនិងពោរពេញដោយភាពស្មុគស្មាញ ហើយវាក៏ហួសពីដែនកំណត់ដែលមនុស្សអាចគ្រប់គ្រងបានទាំងអស់នោះដែរ ប៉ុន្តែការដាក់ខ្លួនយល់ពីការពិតមួយនេះ នឹងធ្វើឲ្យអ្នកអាចឆ្លងផុតរំលងពីការលំបាកនោះបាន"។
២) "អ្វីដែលសំខាន់ពិតប្រាកដមិនស្ថិតនៅត្រង់ថាតើមនុស្សម្នាក់នោះកើតមកជានរណានោះទេ តែគឺថាតើពួកគេបានធំធាត់ឡើងជាមនុស្សបែបណាទៅវិញទេ"។
៣) "ខ្ញុំមិនដែលអៀនខ្មាសទៅនឹងការកើតទុក្ខបាក់ទឹកចិត្តដែលខ្ញុំធ្លាប់មាននោះឡើយ។ តើមានអ្វីទៅដែលត្រូវឲ្យអៀនខ្មាសនោះ ? ខ្ញុំបានឆ្លងកាត់ពេលវេលាលំបាកជាច្រើន ហើយខ្ញុំក៏មានមោទនភាពដែរដែលខ្ញុំអាចឆ្លងកាត់វាបាន"។
៤) "ពួកយើងមិនត្រូវការវេទមន្តអស្ចារ្យមកពីណាដើម្បីអាចផ្លាស់ប្ដូរពិភពលោកនោះឡើយ។ ពួកយើងទាំងអស់គ្នាសុទ្ធតែមានអំណាចដ៏មានឥទ្ធិពលខ្លាំងក្លានៅខាងក្នុងខ្លួនយើងរួចមកហើយ។ ពួកយើងសុទ្ធតែមានអំណាចនៅក្នុងការស្រមៃនូវអ្វីដែលល្អប្រសើរ"។
៥) "បើសិនជាមាននរណាម្នាក់សួរខ្ញុំពីរូបមន្តសម្រាប់នាំទៅរកសេចក្ដីសុខក្នុងជីវិត នោះខ្ញុំនឹងឆ្លើយថាទី១ត្រូវស្វែងរកអ្វីដែលពេញចិត្តនឹងធ្វើបំផុតនៅលើលោកនេះ បន្ទាប់មកទី២អ្នកត្រូវស្វែងរកនរណាដែលនឹងជួលអ្នកឲ្យធ្វើវា"។
៦) "ពិភពលោកពោរពេញដោយរឿងរ៉ាវអស្ចារ្យជាច្រើនដែលអ្នកនៅមិនទាន់បានឃើញនៅឡើយ។ ហេតុនេះហើយចូរអ្នកកុំឆាប់បោះបង់ចោលឱកាសក្នុងការបានឃើញវាឲ្យសោះ"។
៧) "វាគឺជាជម្រើសរបស់អ្នកដែលត្រូវជ្រើសថាតើអ្នកគឺជានរណាយ៉ាងពិតប្រាកដ ដែលមានលើសពីសមត្ថភាពដែលអ្នកមាន"។
៨) "អ្នកនឹងគ្មានថ្ងៃដឹងទេថាតើអ្នកគឺជានរណាពិតប្រាកដ ព្រមទាំងភាពរឹងមាំនៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយខ្លួនឯងផងដែរ លុះត្រាតែទាំងពីរយ៉ាងនេះត្រូវបានពិសោធន៍ដោយការតស៊ូប្រឹងប្រែងរបស់អ្នកនៅក្នុងការឆ្លងកាត់ការលំបាកទាំងឡាយ"៕