ទម្លាប់អសកម្មចំនួន នាំឲ្យអ្នកខាតបង់ពេលវេលាឥតប្រយោជន៍!
ការគ្រប់គ្រងពេលវេលា គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប ព្រោះថា ក្នុងមួយថ្ងៃៗគឺពេលវេលាដើរលឿនខ្លាំងណាស់ ហើយវាកាន់តែលឿនទៅទៀតនៅពេលអ្នកមិនបានធ្វើអ្វីឲ្យមានប្រយោជន៍សោះ។ ខាងក្រោមនេះ ជាចំណុចអសកម្មមួយចំនួនធ្វើឲ្យខាត់បង់ពេលវេលា៖
១) គ្មានទម្លាប់ធ្វើផែនការប្រចាំថ្ងៃ៖ មនុស្សមួយចំនួនប្រហែលជាមិនសូវចាប់អារម្មណ៍ ក្នុងការធ្វើផែនការប្រចាំថ្ងៃនោះទេ ដោយគិតថា ចាំដល់ពេលសឹមគិត ហើយធ្វើវាតែម្តង។ ទម្លាប់បែបនេះ នាំឲ្យច្របូកច្របល់ ជាពិសេសនៅពេលមានបញ្ហាច្រើនកើតឡើងក្នុងពេលតែមួយនាំឲ្យ បាត់បង់ម្ចាស់ការ ព្រោះមិនដឹងថា ត្រូវចាប់មួយណាមុនឡើយ។ ដូច្នេះហើយ អ្នកគួរតែទម្លាប់ធ្វើផែនការប្រចាំថ្ងៃ ដើម្បីជាផែនទីមួយសំខាន់សម្រាប់ នាំផ្លូវអ្នកទៅបំពេញការងារប្រកបដោយប្រសិទ្ធភាព។
២) ចូលចិត្តពន្យារពេល៖ ការពន្យារពេល ជាសត្រូវដ៏ខ្លាំងមួយក្នុងការគ្រប់គ្រងពេលវេលាឲ្យបានល្អ។ កិច្ចការខ្លះមិនមែនវាមានលក្ខណៈលំបាក ហើយធ្វើមិនកើតនោះទេ ប៉ុន្តែដោយសារតែមនុស្សមួយចំនួនមានទម្លាប់ពន្យារពេល ពីមួយពេលទៅមួយពេល ដែលប្រការនេះនាំឲ្យខាតពេលវេលា ក្នុងការធ្វើកិច្ចការផ្សេងៗទៀត។
៣) មិនធ្វើទៅតាមលទ្ធភាពរបស់ខ្លួន៖ មនុស្សណាក៏ដោយ គឺសុទ្ធតែមានកម្រិតទាំងអស់ ជាពិសេសគឺលទ្ធភាពក្នុងការធ្វើអ្វីមួយ។ ចំពោះអ្នកខ្លះ មុនពេលសម្រេច ឬ ព្រមជាមួយនរណាម្នាក់ក្នុងការងារផ្សេងៗ គឺមិនគិតលើលទ្ធភាពជាក់ស្តែងរបស់ខ្លួនទេ តែបែរជាព្យាយាមធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ ដែលវាលើសពីលទ្ធភាពទៅហើយ ដូច្នេះហើយ បានជាមិនអាចសម្រេចកិច្ចការណាមួយ ហើយនាំឲ្យខាតពេលវេលាថែមទៀត។
៤) ទម្លាប់គេងទ្រមក់៖ តាមពិតទៅ ការគេងគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ប៉ុន្តែអ្នកខ្លះមិនមែនគេងត្រឹមគ្រប់គ្រាន់ទេ ថែមទាំងលើសច្រើនម៉ោងទៅទៀត ដែលនាំឲ្យមានផលប៉ះពាល់ទៅវិញ។ ការគេងទ្រមក់ជាច្រើនម៉ោងបែបនេះ នាំឲ្យអ្នកខាតបង់ពេលវេលាសំខាន់ៗក្នុងការធ្វើកិច្ចការផ្សេងៗ ដូចជាហាត់ប្រាណ ការរៀបចំផែនការការងារ និង ការទទួលទានអាហារពេលព្រឹកជាដើម។ ដូច្នេះត្រូវតែលុបបំបាត់ចោល ទម្លាប់អាក្រក់នេះ៕
ដោយ៖ អ៊ុន ភក្តី