សម្រង់គតិចំនួន ១០សម្រាប់ផ្លាស់ប្ដូរការគិតដែលអ្នកមានចំពោះសក្ដានុពលរបស់ខ្លួនឯង
ការគិតរបស់អ្នកមានអំណាចខ្លាំងក្លាហួសពីអ្វីដែលអ្នកធ្លាប់គិតដល់ទៅទៀត។ វាគឺជាអ្វីៗទាំងឡាយដែលគ្រប់គ្រងជីវិតរបស់អ្នកពិតប្រាកដ។ អ្នកមិនអាចគ្រប់គ្រងរឿងរ៉ាវគ្រប់ផ្នែកទាំងអស់នៅក្នុងជីវិតរបស់អ្នក ប៉ុន្តែតើអ្នកមានដឹងទេថា ការគិតរបស់អ្នកគឺជាអ្វីដែលអ្នកអាចគ្រប់គ្រងបាន។ នៅពេលអ្នកអាចគ្រប់គ្រងការគិតរបស់អ្នក និងតម្រង់ការគិតរបស់ខ្លួនឯងទៅរកផ្នត់គំនិតនិងជំនឿបែបណាដែលនាំអ្នកទៅរកភាពរីកចម្រើន នោះហើយគឺជាអំណាចរបស់អ្នកក្នុងការគ្រប់គ្រងជោគវាសនាជីវិតរបស់ខ្លួនឯង។ ខាងក្រោមនេះគឺជាសម្រង់សម្ដីដ៏មានខ្លឹមសារទាំង១០ សម្រាប់ផ្លាស់ប្ដូរការគិតរបស់អ្នកសារជាថ្មីឡើងវិញ៖
១) "អ្នកមានអំណាចទៅលើការគិតរបស់អ្នក មិនមែនទៅលើហេតុការណ៍នៅខាងក្រៅនោះទេ។ ដឹងច្បាស់ពីចំណុចនេះ នោះអ្នកនឹងរកឃើញនូវភាពខ្លាំងក្លារបស់ខ្លួនឯង"។ Marcus Aurelius
២) "ឆាកជីវិតមិនមែនជាការទន្ទឹងរង់ចាំឲ្យព្យុះភ្លៀងបក់បោកទៅឲ្យផុតអស់នោះទេ ផ្ទុយទៅវិញវាគឺជាការរៀនរាំលែងសប្បាយនៅក្នុងព្យុះភ្លៀងបក់បោកទៅវិញទេ"។ Vivian Greene
៣) "គ្មានអ្វីដែលអាចធ្វើឲ្យពន្លឺដែលបំភ្លឺចេញមកពីខាងក្នុងខ្សោយបាននោះទេ"។ Maya Angelou
៤) "មនុស្សដែលរឹងមាំពិតប្រាកដនឹងមិនត្រូវការការទទួលស្គាល់ពីអ្នកដទៃ មិនខុសអ្វីពីសត្វតោដែលមិនត្រូវការការទទួលស្គាល់ពីសត្វចៀមដូច្នោះដែរ"។ Vernon Howard
៥) "អ្នកនឹងមិនដឹងថាខ្លួនឯងរឹងមាំខ្លាំងប៉ុណ្ណានោះឡើយ រហូតទាល់តែដល់ដំណាក់កាលមួយនៅក្នុងជីវិតអ្នកដែលការធ្វើខ្លួនឯងឲ្យរឹងប៉ឹងគឺជាជម្រើសតែមួយគត់ដែលអ្នកមាន"។ Bob Marley
៦) "គ្មានអ្វីមានតម្លៃនៅក្នុងការខ្លាំងពូកែជាងមនុស្សដទៃនោះទេ។ ភាពថ្លៃថ្នូរមានតម្លៃពិតប្រាកដគឺជាការខ្លាំងពូកែជាងខ្លួនឯងកាលពីមុននេះឯង"។ Ernest Hemingway
៧) "អ្នកនឹងចាប់ផ្ដើមហោះហើរនៅពេលមួយដែលអ្នកបានទម្លាក់ចោលនូវជំនឿទាំងឡាយដែលបានដាក់ដែនកំណត់ទៅលើខ្លួនឯង ហើយអនុញ្ញាតឲ្យចិត្តគំនិតនិងមហិច្ឆតាខ្លាំងក្លារបស់អ្នកកើនឡើងទៅដល់កម្ពស់ដ៏ខ្ពស់"។ Brain Tracy
៨) "កុំដាក់ដែនកំណត់ឲ្យខ្លួនឯងឲ្យសោះ។ មានមនុស្សច្រើនណាស់ដែលបានដាក់ដែនកំណត់ទៅលើអ្វីដែលពួកគេគិតថាខ្លួនគេអាចធ្វើទៅរួច។ អ្នកអាចទៅបានឆ្ងាយដល់ណាដែលការគិតរបស់អ្នកបានអនុញ្ញាត។ អ្នកត្រូវចាំថា អ្វីដែលអ្នកបានជឿជាក់ហើយ នោះអ្នកនឹងអាចសម្រេចវាបាន"។ Mary Kay Ash
៩) "ធ្វើត្រឹមតែអ្វីមួយដែលអ្នកដទៃតែងគិតថាអ្នកនឹងមិនអាចធ្វើបាន នៅពេលនោះអ្នកនឹងលែងខ្វាយខ្វល់ពីដែនកំណត់ដែលពួកគេបានដាក់ឲ្យអ្នកតទៅទៀតហើយ"។ James Cook
១០) "បើអ្នកព្រមទទួលយកនូវជំនឿដែលដាក់ដែនកំណត់ឲ្យអ្នក នោះវានឹងក្លាយជាការពិតសម្រាប់អ្នកយ៉ាងប្រាកដ"។ Louise Hay
ប្រភព៖ success ប្រែសម្រួល៖ ស្រីពៅ