តើផ្នែកធនធានមនុស្សកំពុងធ្វើអ្វីខ្លះនៅក្នុងក្រុមហ៊ុន?​



កត្តាជាច្រើនដែលអាចធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើន ឬក៍អាចធ្វើឲ្យក្រុមហ៊ុនជួបវិបត្តិដល់ថ្នាក់ប្រឈមនិងការបិទក្រុមហ៊ុនក៏មាន។ ក្នុងរឿងនេះផ្នែកដែលសំខាន់ជាងគេគឺ ផ្នែកធនធានមនុស្ស ដែល ស្វែងរកនិងជ្រើសរើសបុគ្គលិក គ្រប់គ្រង លើកទឹកចិត្ត និងអភិវឌ្ឍន៍ ជួយដល់អគ្គនាយកក្នុងការគ្រប់គ្រងបុគ្គលិកទាំងមូល។ ជាបញ្ហាចោទ ក៍មានសំណួរពីអគ្គនាយកមួយចំនួនបានចោទសួរថា តើផ្នែកធនធានមនុស្សបាននឹងកំពុងធ្វើអ្វីខ្លះ? ផ្នែកនេះគិតតែពីចំណាយ ដែលខុសពីផ្នែកដទៃ ដូចជាផ្នែកលក់តែងតែរកប្រាក់ចំណូលឲ្យក្រុមហ៊ុន។ ជាការពិតណាស់សំណួរនេះ ពេលខ្លះអាចធ្វើឲ្យបុគ្គលិកមួយចំនួនដែលធ្វើការងារនៅផ្នែកធនធាន មានការបាក់ទឹកចិត្ត និងគិតថាខ្លួនគួរតែចាកចេញពីក្រុមហ៊ុនផងដែរ។ ដោយសំណួរមានការចាក់ដោតខ្លាំងដល់បុគ្គលិក ឬផ្នែកធនធានមនុស្ស ដូច្នេះហើយ យើងបានធ្វើបទសម្ភាសន៍ និងមានការបកស្រាយខ្លីមួយពី អ្នកស្រី ឡេង សុម៉ាលី ដែលជាវាគ្មិនមួយរូបក្នុងវេទិការ ធនធានមនុស្សកម្ពុជា។ តាមប្រសាសន៍របស់អ្នកស្រី ឡេង សុម៉ាលី នាយកប្រតិបត្ត ក្រុមហ៊ុន ប្រូវិតា អ៊ីនសួរេនប្រុកឃើរ បានមានប្រសាសន៍ថា ផ្នែកធនធានមនុស្សអាចដើរតួជាសេនាធិការដ៍សំខាន់ក៏បាន ឬមិនសំខាន់ក៏បាន វាអាស្រ័យលើគុណសម្បត្តិ និងឥទ្ឋិពលនៃការដឹកនាំរបស់អ្នកគ្រប់គ្រងធនធានមនុស្សផ្ទាល់ ព្រមទាំងការរំពឹងទុករបស់អគ្គនាយកចំពោះផ្នែកធនធានមនុស្ស។ ឧទាហរណ៍ ប្រសិនបើផ្នែកធនធានមនុស្សធ្វើការងារត្រឹមជា អ្នកបើកប្រាក់ខែ គ្រប់គ្រងឯកសារប្រវត្តិបុគ្គលិក គ្រប់គ្រងវត្តមាន ជ្រើសរើសបុគ្គលិក បញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលនានា នោះផ្នែកធនធានមនុស្សមិនបានផ្តល់គុណតម្លៃគ្រប់គ្រាន់ចំពោះក្រុមហ៊ុននោះទេ។ តែប្រសិនបើផ្នែកធនធានមនុស្សគិតអំពីគម្រោងផែនការយុទ្ឋសាស្រ្តប្រតិបត្តិការ គិតពីយុទ្ឋសាស្ត្រគាំទ្រផែនការវិនិយោគរយៈពេលវែង និង ដើរតួនាទីក្នុងការផ្លាស់ប្តូរ រៀបចំរចនាសម្ព័ន្ឋក្រុមហ៊ុន នោះផ្នែកធនធានមនុស្ស នឹងផ្តល់គុណតម្លៃកាន់តែសំខាន់ក្នុងស្ថាប័ន។ អ្នកស្រីក៏បានបង្ហើបឲ្យដឹងដែរថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ នឹងមានការពិភាក្សា យ៉ាងស៊ីជម្រៅ និងផុសផុល ដោយមានការតទល់រវាងផ្នែកធនធានមនុស្ស និងអគ្គនាយកក្រុមហ៊ុនស្តីពី ប្រធានបទ “តើអ្នកគ្រប់គ្រងធនធានមនុស្សផ្តល់គុណតម្លៃអ្វីខ្លះដល់ស្ថាប័ន?”។ ប្រសិនបើចង់ជ្រាបច្បាស់ សូមទំនាក់ទំនងចូលរួមតាមរយៈទូរស័ព្ទលេខ 012 846 222 | 069 900 995
X
5s