មេរៀនជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំង​ ១០យ៉ាង របស់លោក ស្ទីវ ចប ដែលអ្នកត្រូវរៀនសូត្រ​



លោក ស្ទីវ ចប គឺជាមនុស្សម្នាក់ដែលមានទស្សន: វិស័យច្បាស់លាស់ និងជាបុគ្គលម្នាក់ដែលត្រូវបានគេចាត់ទុកថាជាបិតាបច្ចេកវិទ្យា និងជាអ្នកត្រួសត្រាយផ្លូវដល់បដិវត្តន៍បច្ចេកវិទ្យាក្នុងសតវត្សទី ២១នេះផងដែរ។ លោក ស្ទីវ ចប មិនមែនជាអ្នកវិស្វករ ហើយលោកក៏ជាបុគ្គលម្នាក់ដែលរៀនមិនចប់ថ្នាក់មហាវិទ្យាល័យផងដែរ តែអ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺលោកអាចប្រែក្លាយក្រុមហ៊ុន Apple ដែលស្ទើរតែក្ស័យធុនដួលរលំឲ្យក្លាយជាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយលើលោករហូតដល់សព្វថ្ងៃ។  ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង១០របស់លោកស្ទីវ ចប ដែលមនុស្សគ្រប់រូបអាចរៀនសូត្រ ហើយយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ៖

១) ត្រូវមានគំនិតវិជ្ជមាន​​​​​៖​ លោក ស្ទីវ ចប បានពើបប្រទះនឹងភាពជូរចត់ ឧបសគ្គ ភាពរីករាយ និងបញ្ហាជាច្រើនក្នុងជីវិតរបស់លោក។ តែលោកក៏បានព្យាយាមរកវត្ថុដែលធ្វើឲ្យលោកមានភាពរីករាយ និងមានគំនិតវិជ្ជមានក្នុងជីវិតរបស់លោក។ ដូចនេះ អ្នកគួរតែចេះប្រើប្រាស់អំណាចនៃគំនិតវិជ្ជមានរបស់អ្នក។ កុំធ្វើជាមនុស្សទឹកពេញកែវ តែត្រូវធ្វើជាមនុស្សដែលមានគំនិតវិជ្ជមានដែលមើលឃើញអ្វីៗក្នុងផ្លូវវិជ្ជមាន។ ប្រសិនបើអ្នកគិតអវិជ្ជមាន ភាពអវិជ្ជមាននឹងធ្វើឲ្យអ្នកទន់ខ្សោយ ហើយអ្នកនឹងមិនអាចរស់នៅក្នុងជីវិតមួយឲ្យមានន័យបានឡើយ។

២) ធ្វើដំណើរកម្សាន្តហើយរៀនពីអ្វីដែលថ្មី ៖​​​ កាលពីលោក ស្ទីវ ចប នៅអាយុ ១៩ឆ្នាំ លោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា លោកក៏បាននិយាយថា ការដើរកម្សាន្តធ្វើឲ្យលោកមានការយល់ឃើញកាន់តែទូលំទូលាយ ធ្វើឲ្យការគិតរបស់លោកកាន់តែរីកធំ និងធ្វើឲ្យគាត់អាចបើកខួរក្បាលមើលឃើញអ្វីៗដែលអាចទៅរូចកាន់តែច្រើន។ អ្នកគួរតែធ្វើដំណើរកំសាន្តដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីវប្បធម៍ និងជីវិតរស់នៅរបស់ជាតិសាសន៍ផ្សេងៗក្នុងពិភពលោក។ អ្នកមិនត្រឹមតែទទួលបានបទពិសោធន៍ថ្មីៗនោះទេ តែអ្នកថែមទាំងអាចបើកចំហជើងមេឃនៃគំនិត និងចំណេះដឹងរបស់អ្នកកាន់តែទូលំទូលាយថែមទៀតផង។

៣) ហ៊ានប្រថុយប្រថាននឹងហានិភ័យ៖​  លោក ស្ទីវ ចប គឺជាមនុស្សដែលហ៊ានប្រថុយប្រថាននឹងហានិភ័យ។ នេះហើយជាអ្វីដែលធ្វើឲ្យលោកខុសឆ្ងាយពីគូរប្រជែងរបស់លោក។ កំម្រមាននាយកប្រតិបត្តិណាហ៊ានផលិតផលិតផលដែលធ្វើឲ្យការលក់របស់ក្រុមហ៊ុនធ្លាក់ចុះណាស់។ ប៉ុន្តែលោក ស្ទីវ ចប ហ៊ានប្រឈមមុខនឹងហានិភ័យក្នុងការផលិត iPhone ខណៈដែលពេលនោះ iPod គឺជាផលិតផលដែលលក់ដាច់ខ្លាំងជាងគេរបស់ក្រុមហ៊ុន Apple។ iPhone អាចនឹងទាញទម្លាក់ការលក់របស់ iPod ប៉ុន្តែ iPhone អាចរកចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈការក្ដោបក្ដាប់ទីផ្សារ Smart Phone ជាច្រើនផ្សេងទៀត។ ដើម្បីអាចឈានទៅមុខបាន អ្នកត្រូវតែហ៊ានប្រឈមមុខនឹងហានិភ័យ។ ប៉ុន្តែអ្នកត្រូវតែប្រាកដថាហានិភ័យនោះគឺមានការគ្រងទុកយ៉ាងប្រយ័ត្នប្រយែងជាមុនរួចហើយ។

៤) មានភាពឆ្លាតវៃ៖  លោក ស្ទីវ ចប​ តែងតែនៅក្បែរមនុស្សពូកែៗ។ លោកបានជួល លោក Wozniak ដោយសារតែលោក Wozniak ពូកែខាងផ្នែកតំឡើងកុំព្យូទ័រ។ ហើយមានមនុស្សពូកែៗមួយចំនួនទៀតដូចជា លោក John Lasseter និងលោក​ Tim Cook ដែលបានធ្វើការជាមួយលោកស្ទីវ ចប។ អ្នកទាំងនោះហើយដែលបានជួយលោក ស្ទីវ ចប ឲ្យសម្រេចបានជោគជ័យដ៏មហាអស្ចារ្យ ដែលធ្វើឲ្យក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាល្បីល្បាញរហូតដល់សព្វថ្ងៃ។ អ្នកគួរតែរៀនសម្រមខ្លួនអ្នកជាមួយមនុស្សដែលពូកែៗជាងអ្នកដើម្បីសម្រេចភាពជោគជ័យរបស់អ្នក។ កុំបណ្ដោយឲ្យភាពអត្មានិយមរបស់អ្នកកាត់ផ្ដាច់ទំនាក់ទំនងជាមួយអ្នកដ៏ទៃឲ្យសោះ។

៥) រៀនពីភាពបរាជ័យ ៖ កាលពីឆ្នាំ ១៩៨៤ លោក ស្ទីវ ចប​ ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនរបស់លោក។ លោកគួរតែមានការបាក់ទឹកចិត្ត ប៉ុន្តែលោកបែរជាមានគំនិតវិជ្ជមានទៅវិញ។ លោកបានមានប្រសាសន៍ថា៖ «ទម្ងន់នៃភាពជោគជ័យគឺត្រូវបានជំនួសមកវិញដោយការចាប់ផ្ដើមជាថ្មីម្ដងទៀត។ ការចាប់ផ្ដើមម្ដងទៀតបានធ្វើឲ្យលោកមានសេរីភាពក្នុងការបំផុសគំនិត និងភាពឆ្នៃប្រឌិតបន្ថែមទៀត»។ អ្នកមិនត្រូវខ្លាចភាពបរាជ័យនោះទេ​ ពីព្រោះវាមិនមែនជាទីបញ្ចប់នៃទីបញ្ចប់នោះឡើយ។ អ្នកគួរតែយកភាពបរាជ័យមកធ្វើជាឪកាសក្នុងការអភិវឌ្ឍខ្លួនអ្នកវិញទើបល្អ។

៦) ធ្វើអ្វីដែលអ្នកស្រលាញ់ពិត៖ លោក ស្ទីវ ចប បានមានប្រសាសន៍ថា៖ «អ្វីដែលធ្វើឲ្យលោកបន្តដំណើរទៅមុខទៀតបានពេលជួបបញ្ហា និងឧបសគ្គនោះគឺលោកធ្វើអ្វីដែលលោកស្រលាញ់នឹងធ្វើ។ ប្រសិនបើអ្នកធ្វើអ្វីដែលអ្នកស្រលាញ់ អ្នកនឹងធ្វើកិច្ចការនោះជាមួយនឹងចំណង់ដ៏ពុះកញ្រ្ចោល ដោយមិនមានភាពនឿយហត់»។

៧) រៀនពីមនុស្សជុំវិញខ្លួន៖ លោក ស្ទីវ ចប នៅអាយុ ២១ឆ្នាំ លោកបានធ្វើការនៅក្រុមហ៊ុន HP និង Atari។ លោកធ្វើការផង រៀនពីបរិបទក្នុងក្រុមហ៊ុនផង ថាតើក្រុមហ៊ុនទាំងនោះកំពុងធ្វើអ្វី បន្ទាប់មកលោកបានអនុវត្តយុទ្ធសាស្រ្តទាំងនោះមកអនុវត្តក្នុងក្រុមហ៊ុន Apple​។​ អ្នកត្រូវតែរៀនពីអ្នកដ៏ទៃ។ ប្រសិនបើអ្នកនៅតែមើលមិនឃើញលទ្ធផលខណៈពេលកំពុងតែធ្វើការសម្រេចគោលបំណងរបស់អ្នកនោះទេ​ អ្នកត្រូវតែហ៊ានសុំដំបូន្មានពីអ្នកជំនាញក្នុងវិស័យនោះ។ ជួនកាល ដំបូន្មានតែបន្តិចក៏អាចជួយអ្នកឲ្យសម្រេចជោគជ័យបានដែរ។

៨) មិនដែលលឿនពេកក្នុងការចាប់ផ្ដើមនោះទេ៖ នៅពេលលោក ស្ទីវ ចប នៅជាយុវជននៅឡើយ លោកចូលបានធ្វើការនៅក្រុមហ៊ុន HP និង Atari។ នៅអាយុខ្ទង់ ២០ឆ្នាំ សហគ្រិនវ័យក្មេងដែលពោរពេញដោយថាមពលរូបនេះ បានចាប់ផ្ដើមបើកក្រុមហ៊ុន Apple។ លោកជាបុរសដ៏ក្លាហានដែលមានគំនិតថ្មីៗ និងហ៊ានតស៊ូលះបង់ថាមពលទាំងអស់ឲ្យទៅក្រុមហ៊ុន Apple។ ប្រសិនបើសហគ្រិនវ័យក្មេងចាប់ផ្ដើមដំណើរផ្សងព្រេងនៅអាយុក្មេងខ្ចី គេមិនសូវមានសម្ពាធនោះទេ។ បន្ទាប់ពីវ័យចំណាស់បន្ដិច អ្នកផ្ដោតលើក្រុមគ្រួសារ ឬអាជីពការងាររបស់អ្នក។ ប៉ុន្តែ នៅអាយុវ័យក្មេង អ្នកអាចប្រឈមមុខនិងហានិភ័យកាន់តែច្រើន ពីព្រោះថាបើអ្នកដួល អ្នកអាចងើបឡើងវិញបាន។

៩) ឧបសគ្គគឺជាកាស៖ លោក​ ស្ទីវ ចប និងលោក Wozniak គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple។ ក្នុងពេលដែលលោកទាំងពីរកំពុងអភិវឌ្ឍកុំព្យូទ័រ Apple ពួកលោកមានការខ្វះខាតលុយជាខ្លាំង។ ពួកលោកទាំងពីរនាក់ស្ទើរតែបោះបង់ក្ដីសុបិន​ ដែលចង់បង្កើតកុំព្យូទ័រនោះបាត់ទៅហើយ ប៉ុន្តែពួកលោកបានខិតខំព្យាយាមជំនះឧបសគ្គនោះ។ លោក ស្ទីវ ចប បានលក់ឡានរបស់លោក ហើយលោក Wozniak បានលក់ម៉ាស៊ីនគណនាក្រាបរបស់លោកដើម្បីយកលុយមួយចំនួនទៅផ្គត់ផ្គង់ការផលិតនោះ។ អ្នកត្រូវរៀនមើលឧបសគ្គទៅជាឱកាសដើម្បីជោគជ័យ។ ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ អ្នកនឹងខិតខំស្វែងរកដំណោះស្រាយដើម្បីធ្វើវាឲ្យចប់។ នៅពេលដែលអ្នកមានផ្នត់គំនិតបែបនេះហើយ គ្មានអ្វីដែលអាចរារាំងអ្នកមិនឲ្យយកឈ្នះឧបសគ្គរបស់អ្នកបាននោះទេ។

១០) ចាំថាអ្នកមិនមែនជាមនុស្សអមតៈទេ៖ លោក ស្ទីវ ចប បានមានប្រសាសន៍ថា៖ លោកនឹងស្លាប់ថ្ងៃណាមួយមិនខាន វាគឺជាគន្លឹះដ៏សំខាន់ដែលធ្វើឲ្យលោកអាចផ្ដល់ជម្រើសជាច្រើនឲ្យខ្លួនលោក។ តម្លៃ ភាពភ័យខ្លាច ភាពបរាជ័យ វត្ថុទាំងនេះនឹងបាត់នៅពេលការស្លាប់ឈានមកដល់។ ពេលដែលអ្នកមានអារម្មណ៍បាក់ទឹកចិត្តអស់សង្ឃឹម អ្នកត្រូវចាំថាអ្នកមិនមែនជាមនុស្សអមតៈនោះទេ។ អ្នកនឹងស្លាប់នៅថ្ងៃណាមួយជាមិនខាន ដូចនេះជាជាងមានអារម្មណ៍ស្មុគស្មាញ អស់សង្ឃឹម តប់ប្រមល់ អ្នកត្រូវធ្វើឲ្យជីវិតរបស់អ្នកមានតម្លៃ។ បើទោះបីជាលោក ស្ទីវ ចប បានស្លាប់ទៅហើយក្ដី តែកេរិ៍ឈ្មោះរបស់លោកនៅតែបន្សល់រហូតដល់បច្ចុប្បន្ន។ លោក ជាមនុស្សម្នាក់ដែលពូកែបំផុសគំនិតដែលគួរជាទីគោរព។ ជីវិតរបស់លោកទាំង ជីវិតការងារ និងជីវិតឯកជនពិតជាគួរឲ្យសរសើរ។ ប្រសិនបើអ្នកអាចរៀនសូត្រពីលោកស្ទីវ ចប លោកអ្នកប្រាកដជាអាចសម្រេចភាពជោគជ័យក្នុងជីវិតបានយ៉ាងត្រចះត្រចង់៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ addicted2success.com    

X
5s