ទម្រង់នៃភាពជាអ្នកដឹកនាំទាំង៤ តើអ្នកស្ថិតក្នុងទម្រង់ណាមួយ ?
មនុស្សម្នាក់ៗតែងប្រាថ្នាចង់ឲ្យជាការខិតខំប្រឹងប្រែងក្នុងមុខតំណែងរបស់ខ្លួន បង្កើតចេញជាសមិទ្ធផលអស្ចារ្យដើម្បីផ្លាស់ប្ដូរមុខមាត់ថ្មីសម្រាប់ក្រុមហ៊ុន ឬក៏បង្កើតផលិតផលដែលអាចទាក់ទាញចំណាប់អារម្មណ៍និងផ្ដល់ដំណោះស្រាយជូនអតិថិជន ឬក៏ក្លាយជាសហគ្រិនដ៏មានឥទ្ធិពលមួយរូបដែលអាចសាងភាពមានបានរបស់ខ្លួនក្រោមភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនខ្លួនឡើយ។
មហិច្ឆតាក្នុងជីវិតទាំងនេះកាន់តែផ្ដល់ភាពសំខាន់ទៅលើរបៀបនៃការដឹកនាំរបស់អ្នកយ ព្រោះថាភាពជោគជ័យរបស់អ្នកគឺអាស្រ័យទៅលើភាពជាអ្នកដឹកនាំរបស់អ្នកនេះឯង។ នៅពេលអ្នកស្វែងយល់កាន់តែច្បាស់ថាទម្រង់នៃការដឹកនាំទាំង៤ខាងក្រោមនេះណាមួយជារបស់អ្នក អ្នកនឹងពង្រីកឥទ្ធិពលរបស់ខ្លួនដើម្បីឈានទៅរកភាពជោគជ័យ។
១) ភាពជាអ្នកដឹកនាំបែបបុរាណ៖ ភាពជាអ្នកដឹកនាំសម្រាប់ពួកគេគឺជាការប្រកួតប្រជែងដែលពោរពេញដោយភាពសប្បាយរីករាយនិងជាដំណើរនៃភាពជោគជ័យ។ សម្រាប់ពួកគេរឿងដែលសំខាន់បំផុតមិនមែនជាតម្លៃផលិតផល គុណភាព ឬប្រាក់ចំណេញនោះទេ។ ពួកគេជាអ្នកពេញចិត្តនឹងសមរភូមិប្រកួតនិងការស្វែងរកដំណោះស្រាយជូនអតិថិជន។
២) អ្នកជំរុញបំផុសបំផុលកម្លាំងចិត្ត៖ គោលដៅនៃការដឹកនាំរបស់ពួកគេមានលើសពីអ្វីដែលជាការប្រកួតប្រជែងដណ្ដើមជ័យជម្នះ ពួកគេចង់បង្កើតនូវគុណតម្លៃនិងអត្ថន័យចូលទៅក្នុងភាពជោគជ័យដ៏ត្រចះត្រចង់របស់គេថែមទៀតផង។ ពួកគេផ្ដោតសំខាន់ទៅលើតម្លៃរបស់មនុស្សនិងភាពរីកចម្រើនរបស់ពួកគេម្នាក់ៗដែលជាកត្តាចម្បងនាំភាពជោគជ័យរួមជាជាងត្រឹមតែបង្កើតប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន។ មហិច្ឆតារបស់ពួកគេគឺជាការធ្វើឲ្យមានការផ្លាស់ប្ដូរដ៏ល្អប្រសើរក្នុងពិភពដែលគេរស់នៅ។
៣) អ្នកដោះស្រាយបញ្ហា៖ ពួកគេឲ្យតម្លៃទៅលើលទ្ធផលជាក់ស្ដែងជាជាងការធ្វើឲ្យមានឥទ្ធិពលដ៏អស្ចារ្យទៅលើពិភពជុំវិញ។ ពួកគេដឹកនាំដោយរៀនសូត្រពីបទពិសោធន៍ដ៏មានតម្លៃពីអតីតកាលរបស់ពួកគេ ហើយជាអ្នកដែលពេញចិត្តនឹងការប្រឈមមុខដោះស្រាយបញ្ហានិងកែប្រែវាទៅជាឱកាស។ ពួកគេសាងក្រុមហ៊ុនរបស់ខ្លួនឲ្យលូតលាស់ទៅមុខយ៉ាងត្រចះត្រចង់បានដោយការរៀនសូត្រពីមេរៀនបទពិសោធន៍របស់ខ្លួននោះឯង។
៤) អ្នកស្វែងរកដំណោះស្រាយ៖ ពួកគេជាអ្នកដឹកនាំដែលពោរពេញដោយការដាក់ខ្លួន សុភាពរម្យទមដែលមើលឃើញពីគុណតម្លៃនៃការរួមចំណែករបស់មនុស្សម្នាក់ៗក្នុងការសាងក្រុមហ៊ុនមួយឲ្យឈានទៅដល់សក្ដានុពលរបស់ខ្លួន។ ពួកគេជាអ្នកមានការទទួលខុសត្រូវទៅលើលទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ហើយពួកគេជឿជាក់ថាការបន្ទាបខ្លួនក្នុងការសម្រេចមហិច្ឆតារបស់ខ្លួន គឺជាផ្នត់គំនិតដ៏ត្រឹមត្រូវមួយនៅក្នុងពិភពលោកដ៏ធំធេងមួយនេះ៕
ប្រភព៖ Harvard Business Review ប្រែសម្រួល៖ ស្រីពៅ