ជីវិតមិនមែនជាអ្វីដែលកើតឡើងមកលើអ្នកទេ តែវាជាអ្វីដែលអ្នកជ្រើសរើសឆ្លើយតបនឹងវា
សម្ដីដកស្រង់មួយឃ្លាពីលោក Charles R.Swindoll មានសេចក្ដីថា “ជីវិតគឺជា១០%នៃអ្វីដែលកើតឡើងចំពោះអ្នក និង៩០%ទៀតនៃអ្វីដែលអ្នកជ្រើសរើសឆ្លើយតបនឹងវា”។ ពួកយើងម្នាក់ៗសុទ្ធតែមានសិទ្ធិជ្រើសរើសក្នុងការឆ្លើយតបទៅនឹងរាល់អ្វីៗគ្រប់យ៉ាងដែលកើតមានឡើងក្នុងជីវិតយើង ហើយការជ្រើសរើសរបស់យើងសម្រាប់ឆ្លើយតបទៅនឹងថ្ងៃនីមួយៗបែបណា អ្វីដែលយើងទទួលបានវិញក្នុងថ្ងៃនីមួយៗក៏នឹងទៅជាបែបនោះដូចគ្នា។
ការឆ្លើយតបរបស់យើងគឺជាអ្នកសាងនូវភាពជោគជ័យ ឬភាពបរាជ័យសម្រាប់ជីវិតរបស់ខ្លួនឯង។ មនុស្សមួយចំនួនព្រមចុះចាញ់ ហើយទទួលយកនូវរឿងរ៉ាវ និងហេតុការណ៍អាក្រក់ទាំងឡាយចូលមកក្នុងជីវិត ម្ល៉ោះហើយអ្នកមិនបាច់ឆ្ងល់ទេថា ហេតុអ្វីបានជាពួកគេមានដំណើរជីវិតមួយដែលមិនសមទៅតាមបំណងរបស់ខ្លួនដូច្នោះ។ នេះមកពីពួកគេជ្រើសរើសផ្លូវដើរនោះដោយខ្លួនឯង ជ្រើសរើសនូវការបរាជ័យ ការចុះញ៉ម បន្ទោសលើកត្តាខាងក្រៅ និងធ្វើខ្លួនជាជនរងគ្រោះនៃហេតុការណ៍ដែលកើតឡើងចំពោះខ្លួនឯង ទាំងដែលពួកគេមានសិទ្ធិជ្រើសរើសផ្លូវដើរមួយដែលនាំពួកគេសម្រេចបានទៅតាមបំណងប្រាថ្នាក្នុងជីវិតរបស់ខ្លួន។ ផ្ទុយទៅវិញ មនុស្សមួយប្រភេទផ្សេងទៀតមានដំណើរជីវិតស្របទៅតាមក្ដីប្រាថ្នារបស់ខ្លួន។
ពួកគេជម្នះលើជំងឺបៀតបៀនទាំងឡាយ ពិការភាព និងភាពអយុត្តិធម៌នានាក្នុងជីវិត ហើយការតស៊ូពុះពារដោយមិនចុះញ៉មទាំងនោះ នឹងនាំពួកគេឡើងទៅកាន់កំពូលនៃភាពជោគជ័យក្នុងឆាកជីវិតដ៏មានតម្លៃមួយនេះ។ ហេតុអ្វីទើបពួកគេធ្វើបាន ? ព្រោះពួកគេយល់យ៉ាងច្បាស់ថា ពួកគេមានសិទ្ធិជ្រើសរើសក្នុងការឆ្លើយតបទៅនឹងរាល់ហេតុការណ៍ទាំងឡាយដែលកើតមានចំពោះពួកគេ ហើយនោះគឺជាអ្វីដែលកំណត់នូវជោគវាសនារបស់ពួកគេពិតប្រាកដ។
ពិតណាស់ មនុស្សយើងម្នាក់ៗគ្មាននរណាអាចគ្រប់គ្រង ឬហាមឃាត់មិនឲ្យអ្វីមួយកើតមានចំពោះយើងនៅក្នុងជីវិតនោះទេ តែអ្វីដែលយើងអាចគ្រប់គ្រងបានគឺជាការឆ្លើយតបរបស់យើងទៅនឹងហេតុការណ៍ទាំងនោះ បន្ទាប់មកអ្វីៗដែលជាកត្តាខាងក្រៅ នឹងផ្លាស់ប្ដូរទៅតាមអ្វីដែលយើងចង់បានវិញ។ លោក Benjamin Franklin បានរៀនធ្លាក់នៅអាយុ១០ឆ្នាំ ដោយសារឪពុកម្ដាយមិនមានលទ្ធភាពក្នុងការបង់ថ្លៃសាលា។ ប៉ុន្ដែឧបសគ្គនេះមិនបានបញ្ឈប់គាត់ក្នុងការបន្ដការសិក្សានោះឡើយ។
លោកស្រី Oprah Winfrey ផ្ដល់កំណើតដល់កូននៅពេលនាងមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ បន្ទាប់មកនាងបានបាត់បង់កូន ហើយក៏ចាកចេញពីផ្ទះ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានបងប្អូនជីដូនមួយ ពូ ព្រមទាំងគ្រួសារមិត្តភក្ដិវាយធ្វើបាបជាច្រើនដងទៀតផង។ តែទោះជាយ៉ាងណា នាងនៅតែទទួលបានភាពជោគជ័យក្នុងជីវិតនៅពេលក្រោយមក។ ចំណែកឯលោក Thomas Edison បានបរាជ័យជាច្រើនដងរាប់មិនអស់ មុនពេលគាត់បង្កើតបានអំពូលភ្លើងសម្រាប់ឲ្យពួកយើងប្រើប្រាស់បានងាយស្រួលដូចសព្វថ្ងៃ។ Walter Anderson បានផ្ដល់នូវទស្សនៈជីវិតដ៏មានតម្លៃមួយថា៖ "ខ្ញុំមានការទទួលខុសត្រូវលើជីវិតខ្លួនឯង។ ទោះជាខ្ញុំមិនមានសមត្ថភាពទប់ស្កាត់នូវអ្វីទាំងឡាយដែលកើតមកលើជីវិត តែខ្ញុំមានការទទួលខុសត្រូវទៅលើការឆ្លើយតបរបស់ខ្ញុំទៅលើរាល់សំណាងអាក្រក់ដែលព្យាយាមធ្វើឲ្យជីវិតខ្ញុំអាប់អួរដែលកើតឡើងដោយមិនអាចចៀសបានទាំងនោះ។
ហេតុការណ៍អាក្រក់ពិតជាកើតមានឡើង ប៉ុន្ដែវិធីដែលខ្ញុំជ្រើសរើសឆ្លើយតបទៅនឹងវាវិញ ទើបជាអ្នកកំណត់នូវអត្តចរិតរបស់ខ្ញុំ និងគុណភាពនៃជីវិតរបស់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំអាចជ្រើសរើសនៅតែមួយកន្លែងក្នុងភាពទោមនស្ស និងសេចក្ដីសោកសៅដែលគ្មានថ្ងៃបញ្ចប់ ដែលរារាំងមិនអោយបន្ដដំណើរជីវិតដើម្បីភាពរីកចម្រើន ឬក៏ក្រោកឈរឡើងពីការឈឺចាប់ និងឲ្យតម្លៃទៅលើអ្វីគ្រប់យ៉ាងដែលខ្ញុំមានក្នុងជីវិត"៕
ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ