ហេតុអ្វីវិន័យសំខាន់សម្រាប់ភាពជោគជ័យក្នុងជីវិត ?
John Wooden បាននិយាយថា៖ "ទេពកោសល្យអាចនឹងនាំអ្នកទៅដល់កំពូល ប៉ុន្តែគឺជាអត្តចរិតរបស់អ្នកទៅវិញទេដែលអាចរក្សាអ្នកឲ្យនៅទីនោះបាន"។ មនុស្សម្នាក់ៗត្រូវតែមានវិន័យ ព្រោះវិន័យប្រៀបដូចជាពន្លឺសម្រាប់នាំផ្លូវអ្នកទៅកាន់គោលដៅដែលអ្នកចង់ដើរឲ្យដល់ដូច្នោះ ហើយវិន័យគួរតែមានប្រភពចេញមកពីខាងក្នុង មិនមែនទាល់តែឥទ្ធិពលពីខាងក្រៅជំរុញឬគាបសង្កត់ នោះទើបអ្នកគោរពទៅតាមវិន័យនោះទេ។
បើវិន័យប្រៀបដូចជាពន្លឺសម្រាប់នាំផ្លូវមនុស្សទៅកាន់គោលដៅដែលពួកគេចង់សម្រេចឲ្យដល់នៅក្នុងជីវិត ដូច្នេះបើសិនជាគោលការណ៍ដែលបុគ្គលនោះកំណត់យកជាវិន័យសម្រាប់ត្រួសត្រាយជីវិតនោះជាគោលការណ៍ដែលខុសឆ្គង នោះវាក៏នឹងនាំបុគ្គលនោះទៅកាន់ទិសដៅខុសដែរ។ បុគ្គលម្នាក់មានតម្លៃស្ថិតនៅត្រង់វិន័យដែលគេមានសម្រាប់គ្រប់គ្រងខ្លួនឯង និងត្រួសត្រាយនាំផ្លូវជីវិតរបស់ខ្លួន។ បុគ្គលជោគជ័យអាចសម្រេចជោគជ័យបាន ក៏ដោយសារតែពួកគេគឺជាមនុស្សដែលមានវិន័យសម្រាប់ដឹកនាំជីវិតរបស់ពួកគេ។ ពួកគេមិនធ្វើខ្លួនឲ្យដូចជាខ្លែងដាច់ខ្សែ ដែលរេតាមតែខ្យល់បក់បោកមកនោះទេ។ ពួកគេចេះគិតពិចារណាដោយប្រើប្រាស់ហេតុផលរបស់ខ្លួន តែពួកគេក៏មិនចចេសយកត្រូវនិងចេះដឹងតែខ្លួនឯងនោះដែរ ពួកគេនឹងកែតម្រូវបើសិនជាហេតុផលដែលខ្លួនយកមកប្រើប្រាស់ជាមូលដ្ឋានសម្រាប់វិភាគរកខុសត្រូវ ល្អឬអាក្រក់ មិនមានភាពត្រឹមត្រូវនៅក្នុងស្ថានការណ៍ណាមួយនោះ។
ការកំណត់យកគោលការណ៍អ្វីមួយមកតម្កល់ទុកជាវិន័យសម្រាប់ដឹកនាំជីវិត ក៏មិនខុសពីការសង់ផ្ទះនោះដែរ។ បើសិនជាផ្ទះនោះមិនបានបុកគ្រឹះឲ្យរឹងមាំទេ នោះនៅថ្ងៃណាមួយដែលមានព្យុះភ្លៀងបក់បោកមកខ្លាំង ផ្ទះនេះនឹងមិនអាចទ្រាំទ្រទៅនឹងកម្លាំងព្យុះបក់បោកបាននោះឡើយ ហើយចុងក្រោយវាក៏ដួលរលំមកដោយចៀសមិនផុតនេះឯង។ ដូច្នេះហើយ អ្វីដែលសំខាន់ គឺនៅត្រង់ថាតើអ្វីទៅដែលអ្នកគិតថាសំខាន់សម្រាប់ជីវិតអ្នកពិតប្រាកដ។ នៅពេលអ្នកដឹងថាអ្វីពិតជាសំខាន់សម្រាប់អ្នកហើយ នោះអ្វីៗដែលកើតឡើងនៅក្នុងជីវិតអ្នក នឹងដើរតាមក្រោយអ្វីដែលអ្នកបានកំណត់យកថាសំខាន់បំផុតហើយ៕
ដោយ៖ ស្រីពៅ