ហេតុអ្វីអ្នកត្រូវជួយខ្លួនឯងមុនសិន ទើបសំណាងអាចជួយអ្នកតាមក្រោយ?​



សំណាង​ចៃដន្យ​មិន​ធ្លាក់​មក​ពី​លើ​មេឃ​ឲ្យ​អ្នក​ដោយ​ស្រួលៗ​នោះ​ទេ។ សំណាង​ចៃដន្យ​ជួយ​តែ​នរណា​ដែល​បាន​ខិតខំ​ដោយ​ខ្លួនឯង​ដែរ​ប៉ុណ្ណោះ។ ដូច​លោកស្រី Oprah Winfrey បាន​និយាយ​ថា៖ "អ្នក​ទទួល​បាន​តែ​អ្វី​ដែល​អ្នក​មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​ទាមទារ​ជម្នះ​យក​វា​តែ​ប៉ុណ្ណោះ"។

អ្នក​មិន​ត្រូវ​រំពឹង​ដេក​ចាំ​ឲ្យ​ពិភពលោក​នឹង​ផ្លាស់ប្ដូរ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នៅ​ថ្ងៃស្អែក​នេះ ឬ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ឬ​រង់ចាំ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​របស់​អ្នក​នោះ​ទេ។ អ្នក​មិន​អាច​រង់ចាំ​ថ្ងៃមួយ​ដែល​ពិភពលោក​រៀបចំ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទុក​សម្រាប់​អ្នក​រួចរាល់​ស្រាប់ៗ​ហើយ​អស់ នោះ​ទើប​អ្នក​អាច​ចាប់ផ្ដើម​ធ្វើ​នូវ​អ្វី​ដែល​អ្នក​តែងតែ​ចង់​បាន​រហូត​មក​នោះ​ទេ។

អ្នក​គឺជា​ម្ចាស់​ចង្កូត​នៃ​ជីវិត​របស់​ខ្លួនឯង​នេះ​ឯង។ នរណាៗ​ក៏​ស្គាល់​មហាត្មៈគន្ធី​ដែល​ជា​វីរបុរស​មួយ​រូប​របស់​ឥណ្ឌា ដែល​បាន​ដឹកនាំ​ចលនា​តស៊ូ​ទាមទារ​ឯករាជ្យ​សម្រាប់​ប្រជាជន​ឥណ្ឌា​ពី​អាណានិគម​របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧។ គាត់​បាន​និយាយ​ថា៖ "ចូរ​អ្នក​ធ្វើ​ជា​ការ​ផ្លាស់ប្ដូរ​ដែល​អ្នក​តែង​ប្រាថ្នា​ចង់​ឃើញ​នៅ​ក្នុង​ពិភពលោក"។

គ្រប់​ពេល​ដែល​អ្នក​បាន​ទម្លាក់​កំហុស​នូវ​អ្វីៗ​ដែល​មិន​សម​តាម​បំណង​នៅ​ក្នុង​ជីវិត​អ្នក​ដាក់​ទៅលើ​អ្នកដទៃ គឺ​នៅ​ពេល​នោះ​ឯង​ដែល​អ្នក​បាន​បោះ​ចោល​នូវ​សិទ្ធិ​អំណាច​របស់​ខ្លួនឯង​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ជីវិត​របស់​ខ្លួនឯង។ ការ​ទម្លាក់​កំហុស​ទៅលើ​អ្នកដទៃ​ដើម្បី​យក​លេស​រួច​ខ្លួន និង​ធ្វើ​ខ្លួន​ជា​មនុស្ស​គួរឲ្យ​អាណិត​ម្នាក់ គឺជា​រឿង​ងាយស្រួល​នឹង​ធ្វើ​ណាស់។ ប៉ុន្តែ សត្រូវ​ដ៏​ធំ​បំផុត​របស់​មនុស្ស នោះ​គឺជា​សេចក្ដី​ស្រណោះ​អាណិតអាសូរ​ខ្លួនឯង​នេះ​ឯង ព្រោះ​គឺ​វា​នេះ​ឯង​ដែល​រារាំង​អ្នក​មិន​ឲ្យ​លូតលាស់​ទៅ​មុខ​រួច​អស់​មួយ​ជីវិត។

ប៉ុន្តែ​ន័យ​នេះ​មិនមែន​ចង់​ជំរុញ​អ្នក​ឲ្យ​ធ្វើ​បាប​និង​ស្អប់​ខ្លួនឯង​នោះ​ទេ។ ផ្ទុយទៅវិញ ន័យ​នេះ​គឺ​ចង់​បង្រៀន​អ្នក​ឲ្យ​ធ្វើ​ជា​មនុស្ស​ដ៏​រឹងប៉ឹង​និង​ក្លាហាន​ម្នាក់ ដែល​ចេះ​ស្រឡាញ់​និង​ទទួល​ខុសត្រូវ​ទៅលើ​ជីវិត​ខ្លួនឯង តែ​មិនមែន​ទម្លាក់​ចោល​ការ​ទទួលខុសត្រូវ​ជីវិត​របស់​ខ្លួន ដោយ​ការ​ទម្លាក់​កំហុស​ទៅលើ​អ្នកដទៃ និង​ធ្វើ​ខ្លួន​ជា​ជន​រងគ្រោះ​ដ៏​គួរ​ឲ្យ​អាណិត​និង​ទន់ខ្សោយ​ម្នាក់​នោះ​ទេ។

អ្នក​ត្រូវ​ចាំ​ថា​មាន​មនុស្ស​ជាច្រើន​ដែល​វេទនា​ជាង​អ្នក​ទៅ​ទៀត ប៉ុន្តែ​ក្នុង​ចំណោម​ពួកគេ​ក៏​មាន​អ្នក​ខ្លះ​ដែល​នៅ​តែ​អាច​តស៊ូ និង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ដែរ ហើយ​អ្នក​ក៏​គួរតែ​យក​ពួកគេ​ទាំងនោះ​ជា​គំរូ​ដែរ៕

ដោយ​៖​ ស្រីពៅ

X
5s