សួរខ្លួនឯងនូវសំណួរទាំង៣នេះ ដើម្បីស្ទាបស្ទង់មើលថាតើអ្នកជាមនុស្សច្នៃប្រឌិតឬយ៉ាងណា?​



ភាព​ច្នៃប្រឌិត​របស់​មនុស្ស មិនមែន​ជា​របស់​ដែល​អាច​ឲ្យ​អ្នក​យក​ម៉ែត្រ​មក​វាស់​ដូចជា​ការណ៍​ដែល​អ្នក​យក​ម៉ែត្រ​ទៅ​វាស់​វត្ថុ​ណាមួយ​ដើម្បី​ចង់​ដឹង​ថា​វា​មាន​ប្រវែង​ប៉ុន្មាន ឬ​ជម្រៅ​ប៉ុន្មាន​នោះ​ទេ។ ភាព​ច្នៃប្រឌិត​មិនមែន​សំដៅ​តែ​ម្យ៉ាង​ទៅលើ​កម្រិត​IQ​ដែល​មនុស្ស​ម្នាក់​មាន​នោះ​ទេ ព្រោះ​ថា​មនុស្ស​ដែល​មាន​កម្រិត​IQ​ខ្ពស់ ក៏​មិន​ប្រាកដ​ថា​គេ​ពូកែ​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ជីវិត​របស់​គេ​នោះ​ដែរ។

មនុស្ស​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ គឺជា​មនុស្ស​ដែល​ពូកែ​ដោះស្រាយ​បញ្ហា ព្រោះ​ពួកគេ​មើល​ឃើញ​ពិភពលោក​នៅ​ក្នុង​រូបភាព​ខុស​ពី​មនុស្ស​ធម្មតា។ ទោះជាយ៉ាងណា ៣​សំណួរ​ខាងក្រោម​អាច​ធ្វើ​ការ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ច្នៃប្រឌិត​ឬ​យ៉ាងណា​បាន។

១) តើ​អ្នក​គឺជា​មនុស្ស​ដែល​គិត​ក្រៅ​ប្រអប់​ដែរ​ទេ ? ៖ តើ​អ្វី​ទៅ​គឺជា​ការ​គិត​ក្រៅ​ប្រអប់ ? ដូច​គ្នា​នឹង​កង្កែប​នៅ​ក្នុង​អណ្ដូង​ដែរ កង្កែប​ដែល​ធ្លាប់​តែ​នៅ​ក្នុង​អណ្ដូង វា​ដឹង​ត្រឹមតែ​ពិភពលោក​នៅ​ក្នុង​អណ្ដូង​របស់​វា​ប៉ុណ្ណោះ។ នៅ​ពេល​ការ​ចេះ​ដឹង​របស់​អ្នក​ដឹង​ត្រឹមតែ​អណ្ដូង​ដ៏​តូច​មួយ​របស់​ខ្លួន នោះ​ការ​យល់​ឃើញ​របស់​អ្នក​ចំពោះ​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក​ក៏​មាន​កម្រិត​ដូចគ្នា​ដែរ។ នេះ​មានន័យ​ថា អ្នក​នឹង​តែងតែ​ប្រើប្រាស់​វិធីសាស្ត្រ​ដដែលៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ដោះស្រាយ​បាន​ដោយ​ជោគជ័យ​កន្លង​មក។ លុះ​ដល់​ពេល​មួយ​ដែល​អ្នក​ជួប​បញ្ហា​ដែល​វិធីសាស្ត្រ​ដែល​អ្នក​ធ្លាប់​ប្រើ​មិន​អាច​ប្រើ​ការ​បាន នោះ​អ្នក​នឹង​គិត​ថា​បញ្ហា​នោះ​ប្រាកដ​ជា​មិន​អាច​ដោះស្រាយ​បាន​ទៅ​រួច​នោះ​ឡើយ។ តែ​ផ្ទុយទៅវិញ មនុស្ស​ដែល​ច្នៃប្រឌិត​នឹង​ដឹង​ថា​រាល់​បញ្ហា​សុទ្ធតែ​មាន​ដំណោះស្រាយ ហើយ​អ្វី​ដែល​រឹតតែ​សំខាន់ គ្រប់​បញ្ហា​ទាំងនោះ​ក៏​មិនមែន​មាន​ដំណោះស្រាយ​តែ​មួយ​នោះ​ដែរ។ ម្យ៉ាងទៀត​បើ​ទោះ​ជា​ដោះស្រាយ​បាន​ឬ​មិន​បាន​ក៏​ដោយ យ៉ាងហោចណាស់​ក៏​ពួកគេ​ដឹង​ថា​ខ្លួន​ឯង​នឹង​អាច​រៀន​បាន​អ្វី​ម្យ៉ាង​ពី​បទពិសោធន៍​បរាជ័យ​លើក​នោះ​ដែរ។

២) តើ​អ្នក​ជា​មនុស្ស​បើក​ចំហ​ដែរ​ទេ ? ៖ ពួកគេ​នឹង​មិន​ភ័យខ្លាច​នៅ​ក្នុង​ការ​សាកល្បង​ធ្វើ​អ្វី​ដែល​ថ្មី​សម្រាប់​ពួកគេ​នោះ​ទេ ថ្វី​បើ​ពួកគេ​ដឹង​ថា​នឹង​ទទួល​រង​នូវ​ការ​រិះគន់​ពី​មនុស្ស​ជុំវិញ​ខ្លួន​ពួកគេ​ក៏​ដោយ។ ពួកគេ​ជា​មនុស្ស​ដែល​រឹងមាំ​នៅ​ខាងក្នុង និង​ទន់ភ្លន់​នៅ​ខាងក្រៅ។ ពួកគេ​ទទួល​ស្ដាប់​នូវ​មតិ​រិះគន់​ពី​អ្នកដទៃ ព្រោះ​ពួកគេ​ដឹង​ថា​រាល់​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ឲ្យ​ពួកគេ​រៀន​សូត្រ​បាន​អ្វី​ម្យ៉ាង​ពី​មនុស្ស​ទាំងនោះ ប៉ុន្តែ​ពួកគេ​ក៏​ស្គាល់​និង​ឲ្យ​តម្លៃ​ទៅលើ​ខ្លួនឯង​ដែរ។ ពួកគេ​មិន​គូស​ដែន​កំណត់​ឲ្យ​ការ​ចេះដឹង​របស់​ខ្លួនឯង​ឲ្យ​បញ្ឈប់​នៅ​ត្រង់​ចំណុច​ណា​មួយ​នោះ​ឡើយ។ ពួកគេ​តែង​បើក​ចំហ​រៀន​សូត្រ និង​សាកល្បង​បទពិសោធន៍​ថ្មី​ប្លែក​ជានិច្ច។

៣) តើ​អ្នក​គឺជា​មនុស្ស​ដែល​មាន​កម្លាំង​ជំរុញ​ចិត្ត​ចេញ​ពី​ខាងក្នុង​ដែរ​ទេ ? ៖ រូបវិទូ​ផ្នែក​តារាសាស្ត្រ​របស់​អាមេរិក​មួយ​រូប បាន​និយាយ​ថា៖ "គ្មាន​ការ​រៀន​សូត្រ​ឯណា​ដែល​មាន​អំណាច​អស្ចារ្យ​ជាង​ការ​រៀន​សូត្រ​ដែល​ចេញ​ពី​ចិត្ត​ខាងក្នុង​របស់​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ​នោះ​ទេ"។ មនុស្ស​ដែល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ គឺជា​មនុស្ស​ដែល​មាន​វិន័យ​ផ្ទាល់​ខ្លួន​ដែល​មាន​ប្រភព​ចេញ​ពី​ខាងក្នុង មិនមែន​ចាំ​ទាល់តែ​ឥទ្ធិពល​ពី​ខាងក្រៅ​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីមួយ​ទើប​ពួកគេ​ធ្វើ​នោះ​ទេ។ ពួកគេ​គឺជា​មនុស្ស​ដែល​មាន​ការ​ងឿងឆ្ងល់​ច្រើន ហើយ​ពួកគេ​ក៏​អនុញ្ញាត​ឲ្យ​ភាព​ងឿងឆ្ងល់​របស់​គេ ជា​អ្នក​នាំ​ផ្លូវ​ពួកគេ​ទៅ​កាន់​ចំណេះដឹង​ថ្មីៗ​ដើម្បី​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​ពួកគេ​ឲ្យ​ទូលំទូលាយ​ជាង​មុន​ផង​ដែរ៕

ដោយ៖ ស្រីពៅ

X
5s