តើគួរធ្វើបែបណា ទើបអាច​មាន​លទ្ធភាព​ជួយមនុស្សជុំវិញខ្លួនអ្នកបាន​?​



តើអ្នកនឹងឆ្លើយបែបណា បើសិនជាអ្នកត្រូវបានគេសួរថា តើអ្នកគាំទ្រជួយចលនាសង្គមណាមួយឬទេ ទាំងដែលអ្នកខ្លួនឯងអាចមានត្រឹមតែកម្លាំងជំនួយបន្ដិចបន្ដួចនោះ ? អ្នកសាកពិចារណាទៅលើឧទាហរណ៍ជាក់ស្ដែងមួយ តើមានមនុស្សឯណាដែលសុខចិត្តទៅជួលជនអនាថាគ្មានផ្ទះសម្បែង គ្មានសមត្ថភាពមកដំណើរការក្រុមហ៊ុនមួយនោះ ? ពួកគេមិនអាចសូម្បីតែមើលថែខ្លួនឯង មានការងារសមរម្យសម្រាប់ធ្វើ មានកន្លែងស្នាក់នៅ បង់ថ្លៃចំណាយផ្សេងៗ និងសម្រេចគោលដៅក្នុងជីវិត ថាតើពួកគេម្ដេចនឹងអាចគ្រប់គ្រងក្រុមហ៊ុនមួយបានដែលពោរពេញទៅដោយកិច្ចការជាច្រើន ការចំណាយ ម្ចាស់បំណុល និងអតិថិជននោះ ? ​នេះគឺជាមូលហេតុចម្បងដែលសបញ្ជាក់ឲ្យឃើញក្នុងស្ថានភាពជាក់ស្ដែង លើយន្ដហោះមុនពេលចេញដំណើរ ដែលតែងមានសេចក្ដីប្រកាសមួយប្រាប់ទៅកាន់អ្នកដំណើរថា “នៅពេលដែលយន្ដហោះជួបនឹងហេតុការណ៍មិនស្រួលណាមួយ ហើយបើអ្នកធ្វើដំណើរជាមួយកូនឬនរណាម្នាក់ដែលត្រូវការជំនួយជាបន្ទាន់ សូមផ្ដល់សុវត្ថិភាពដល់ខ្លួនឯងដោយពាក់ម៉ាសការពារជាមុនសិន រួចសឹមជួយអ្នកដទៃ”។ បើអ្នកមិនជួយខ្លួនឯងជាមុនទេ អ្នកនឹងមិនអាចជួយអ្នកណាបានទាំងអស់។ ​វាជារឿងដ៏សំខាន់បំផុតដែលអ្នកត្រូវធ្វើអ្វីក៏ដោយទៅតាមលំដាប់លំដោយដែលត្រឹមត្រូវមួយ។ រឿងម្យ៉ាងទៀតដែលអ្នកចាំបាច់ត្រូវគិតពិចារណាអំពីសហគ្រិនដ៏ជោគជ័យកំពូលៗរបស់ពិភពលោកដូចជា លោក Bill Gates, ស្ថាបនិកក្រុមហ៊ុន eBay លោក Pierre Omidyar ជាដើម អ្នកគិតថាមិនមែនជារឿងអស្ចារ្យទេឬដែលពួកគេអាចក្លាយជាសហគ្រិនដ៏ជោគជ័យ ព្រមទាំងអាចបរិច្ចាគលុយដើម្បីជួយដល់មនុស្សជាតិផងនោះ។ អ្នកត្រូវចាំថាអ្វីក៏ដោយតែងតែមានលំដាប់លំដោយរបស់វាទើបអាចឈានទៅដល់ភាពកំពូលមួយបាន។ មុននឹងពួកគេទាំងនោះមានលុយសម្រាប់បរិច្ចាគជួយមនុស្សជាតិ ពួកគេបានចំណាយពេលវេលាជាច្រើនទសវត្សផ្ដោតទៅលើការកសាងសមិទ្ធផលការងាររបស់ពួកគេ អាជីវកម្មពួកគេ និងក្រុមហ៊ុនពួកគេឲ្យកកើតជារូបរាងឡើងជាមុនសិនទើបពួកគេជួយអ្នកដទៃបាន។ ​វាគឺជាភាពសំខាន់នៃការធ្វើរឿងទៅតាមលំដាប់លំដោយរបស់វា។ អ្នកត្រូវផ្ដោតលើខ្លួនឯង ការងាររបស់អ្នក និងអាជីវកម្មរបស់អ្នកជាមុន នោះនៅពេលអ្នកជោគជ័យ អ្នកនឹងមានអ្វីៗជាច្រើនសម្រាប់ផ្ដល់ឲ្យមនុស្សជាតិ។ ឬបើផ្ទុយពីនេះ អ្នកព្យាយាមជួយអ្នកដទៃមុនជួយខ្លួនឯង នោះអ្នកនឹងមិនអាចបង្កើតការផ្លាស់ប្ដូរអ្វីជាដុំកំភួនសម្រាប់អ្នកទាំងនោះឡើយ៕ ប្រភព៖ entrepreneur ប្រែសម្រួល៖ ស្រីពៅ
X
5s