គន្លឹះទាំង៥យ៉ាងសម្រាប់សហគ្រិនក្នុងការប្រឈមមុខ និង ដោះស្រាយ រាល់ការបរាជ័យ
ក្នុងវិស័យជំនួញ សហគ្រិនគ្រប់រូបត្រូវប្រកួតប្រជែងជាមួយដៃគូជំនួញផ្សេងទៀត បន្ថែមពីលើនេះ សហគ្រិនក៏ត្រូវប្រឈមនឹងភាពបរាជ័យព្រោះវាជារឿងដែលជៀសមិនផុតឡើយក្នុងពាណិជ្ជកម្ម។ ប៉ុន្តែ អ្នកជំនួញដែលពូកែដឹងពីរបៀបប្រឈមមុខនិងចេះដោះស្រាយនឹងបញ្ហានិងរៀបចំយុទ្ធសាស្ត្រថ្មី ហើយនេះជាកត្តាដ៏សំខាន់មួយសម្រាប់សហគ្រិនគ្រប់រូប។ ប្រសិនអ្នកជួបប្រទះនូវភាពបរាជ័យ ខាងក្រោមនេះជាដំណោះស្រាយដែលអ្នកអាចសាកល្បងបាន៖
១) ត្រូវត្រៀមកាយ ត្រៀមចិត្ត៖ «ត្រៀមកាយនិងត្រៀមចិត្ត»ក្នុងន័យនេះមានន័យថាអ្នកត្រូវមានគម្រោងB ប្រសិនជាគម្រោងA មិនជោគជ័យដូចអ្វីដែលអ្នកបានត្រៀមទុក។ លើសពីនេះទៅទៀត អ្នកក៏ត្រូវត្រៀមផ្លូវចិត្តព្រោះអ្វីៗមិនអាចដើរតាមគោលបំណងរហូតនោះទេ។ ប្រសិនអ្នកមានក្ដីរំពឹងខ្ពស់ហើយវាបរាជ័យវិញ អ្នកនឹងបាក់ទឹកចិត្តជាពុំខាន។
២) កុំធ្វើការសម្រេចចិត្តតាមអារម្មណ៍៖ វាពិតជាងាយស្រួលក្នុងការសម្រេចចិត្តភ្លាមៗ ប៉ុន្តែមនុស្សជាច្រើនច្រើនតែសម្រេចចិត្តតាមអារម្មណ៍។ ការសម្រេចចិត្តតាមអារម្មណ៍ច្រើនតែធ្វើឲ្យអ្នកសម្រេចចិត្តខុសព្រោះអ្នកពុំបានគិតល្អិតល្អន់ឡើយ។ ដូច្នេះហើយក្នុងនាមជាសហគ្រិន អ្នកត្រូវគិតឲ្យបានលម្អិតព្រោះការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់ក្រុមហ៊ុននិងបុគ្គលិករបស់អ្នក។
៣) រៀបចំយុទ្ធសាស្ត្រថ្មី៖ ប្រសិនអ្នកអនុវត្តនូវគន្លឹះឬគម្រោងណាមួយហើយ អ្នកមិនទទួលបានផ្លែផ្កានោះ អ្នកគួរតែរកនិងអនុវត្តយុទ្ធសាស្ត្រថ្មីព្រោះយុទ្ធសាស្ត្រដដែលនឹងនាំយកនូវលទ្ធផលដដែល។
៤) កុំឆាប់បោះបង់ពេក៖ សម្រាប់អ្នកជំនួញខ្លះ ពេលជួបភាពបរាជ័យម្ដងៗដូចពិភពលោកនេះរលាយអ៊ីចឹង។ ពិតណាស់ថាភាពបរាជ័យធ្វើឲ្យអ្នកឈឺចាប់ ប៉ុន្តែអ្នកជំនួញជោគជ័យគឺជាមនុស្សដែលមិនបោះបង់ ជាមនុស្សមិនចុះចាញ់នឹងភាពបរាជ័យ។
៥) ត្រូវរាប់អានមនុស្សល្អៗ៖ នរណាម្នាក់ក៏មានពេលវេលាដែលលំបាកផងដែរ ហើយសម្រាប់សហគ្រិន អ្នកនឹងមានពេលវេលាលំបាកជាច្រើន។ ដូច្នេះហើយ ប្រសិនអ្នកមានគ្រួសារ មិត្តភ័ក្ដិដែលតែងតែលើកទឹកចិត្ត នោះជាការល្អ។ បន្ថែមពីលើនេះ ពួកគេក៏អាចជាកម្លាំងចិត្តសម្រាប់អ្នកក្នុងការជម្នះនូវការលំបាកឬភាពបរាជ័យ៕
ប្រែសម្រួល៖អឹុង មុយយូ ប្រភព៖ entreprenur.com