តើការទទួលទានទឹកដោះគោពិតជាធ្វើឲ្យឆ្អឹងរឹងមាំមែនឬ ?
នៅពេលយើងគិតទៅដល់អត្ថប្រយោជន៍របស់ទឹកដោះគោ អ្វីដែលយើងតែងតែនឹកដល់គឺ ឆ្អឹងនិងធ្មេញ។ ក្មេងតូចៗជាច្រើនតែងត្រូវបានលើកទឹកចិត្តឲ្យទទួលទាននូវទឹកដោះគោដើម្បីឲ្យឆ្អឹង និងធ្មេញរបស់ពួកគេលូតលាស់រឹងមាំល្អ។ ក៏មានការអះអាងផងដែរថា ការទទួលទានទឹកដោះគោសម្រាប់ស្រ្តី នឹងជួយការពារពួកគេពីជំងឺពុកឆ្អឹង។ ទោះជាយ៉ាងណាក៏ដោយ តាមការសិក្សាមួយបានបង្ហាញថា ប្រទេសដែលមានប្រជាជនចូលចិត្តទទួលទានទឹកដោះគោខ្ពស់បំផុត រួមទាំងប៉ែកខាងលិច បែរជាមានអត្រាអ្នកមានជំងឺពុកឆ្អឹងខ្ពស់បំផុតទៅវិញ។ តើការជឿជាក់របស់យើងដែលធ្លាប់មានទៅលើទឹកដោះគោពិតជាត្រឹមត្រូវមែនឬយ៉ាងណា ?
ទឹកដោះគោត្រូវបានផលិតឡើងមកសម្រាប់កូនគោ ដូច្នេះដើម្បីឲ្យមនុស្សទទួលទានវាបានយ៉ាងមានប្រសិទ្ធភាព វាត្រូវឆ្លងកាត់កម្ដៅដើម្បីសម្លាប់មេរោគដែលជាធាតុបង្កជម្ងឺ និងការពារទឹកដោះគោមិនឲ្យក្លាយជាជូរផ្អូមឆាប់រហ័សពេក។ បញ្ហាស្ថិតនៅត្រង់ថា កាលណាទឹកដោះគោឆ្លងកាត់ដំណើរការសម្លាប់មេរោគរួច ភាពល្អៗដែលមានក្នុងទឹកដោះគោដូចជា វីតាមីនC ជាតិអីុយ៉ូដ និងអង់សីុមដែលចាំបាច់សម្រាប់រាងកាយក្នុងការស្រូបយកកាល់ស្យូម ក៏ត្រូវបានបំផ្លាញដូចគ្នា។
តាមពិតទៅក្រៅពីទឹកដោះគោ មានអាហារជាច្រើនដែលអាចផ្ដល់ឲ្យអ្នកនូវជាតិកាល់ស្យូមបានយ៉ាងល្អប្រសើរ ដែលក្នុងនោះមានដូចជា ស្ពៃប្រូកូលី(broccoli) បន្លែបៃតង គ្រាប់អាល់មនដ៍ ស្ពៃតឿ ផ្លែល្វា ត្រីខកំប៉ុង គ្រាប់ធញ្ញជាតិ និងតៅហ៊ូ៕
ប្រភព៖ lifehack