អាហារ៤ប្រភេទ មានប្រយោជន៍ខ្លាំងសម្រាប់រាងកាយរបស់អ្នក
ចង់មានសុខភាពល្អ មិនចាំបាច់ទាល់តែអ្នកត្រូវចំណាយលុយច្រើនទៅលើអាហារល្អៗនិងថ្លៃៗនោះទេ។ អាហារល្អ ដែលសម្បូរដោយជីវជាតិបំប៉ន គឺជាអាហារសាមញ្ញៗដែលអាចរកបាននៅក្បែរខ្លួនអ្នកប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺជាទម្លាប់របស់អ្នកនៅក្នុងជ្រើសរើសប្រភេទអាហារសម្រាប់ទទួលទានប្រចាំថ្ងៃ។ អាហារល្អមិនត្រឹមតែជួយឲ្យរាងកាយរបស់អ្នកដំណើរការណ៍បានល្អប៉ុណ្ណោះទេ តែវាថែមទាំងជំរុញថាមពលដល់ខួរក្បាលរបស់អ្នក ជាពិសេសនឹងធ្វើឲ្យអារម្មណ៍របស់អ្នកល្អនិងស្រស់ស្រាយផងដែរ។ ខាងក្រោមនេះគឺជាអាហារទាំង៤ប្រភេទដែលផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើ៖
១) គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ធញ្ញជាតិភាគច្រើនតែងតែបង្កប់នូវអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ ហើយដូចគ្នានឹងគ្រាប់ផ្កាឈូករ័ត្នដែរ។ គ្រាប់ធញ្ញជាតិប្រភេទនេះមានផ្ទុកនូវអាស៊ីដខ្លាញ់ដែលល្អចំពោះសុខភាពរបស់អ្នក ក៏ព្រោះតែវាជួយរក្សាតុល្យភាពអ័រម៉ូននៅក្នុងរាងកាយរបស់អ្នកឲ្យល្អប្រសើរ។ មិនតែប៉ុណ្ណោះ គ្រាប់ផ្កាឈូករ័ត្នក៏សម្បូរដោយវីតាមីនE ជាតិផូស្វាត ទង់ដែង និងវីតាមីនB ដែលទាំងអស់នេះរួមគ្នាជួយកាត់បន្ថយហានិភ័យពីជំងឺបេះដូង កាត់បន្ថយហានិភ័យពីកម្រិតសម្ពាធឈាមឡើងខ្ពស់ ការពារជំងឺពុកឆ្អឹង និងរក្សាតុល្យភាពកម្រិតជាតិស្កររបស់អ្នកដែលជួយការពារអ្នកពីជំងឺទឹកនោមផ្អែមផងដែរ។
២) តែបៃតង៖ តែបៃតងគឺជាប្រភេទភេសជ្ជៈមួយបែបដែលប្រជាជនជប៉ុនចូលចិត្តទទួលទានជាងគេបំផុត។ ភេសជ្ជៈនេះមិនត្រឹមតែសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយកាត់បន្ថយហានិភ័យពីជំងឺមហារីក ជំងឺបេះដូងប៉ុណ្ណោះទេ តែវាថែមទាំងជួយការពារអ្នកពីជំងឺវង្វេងភ្លេចភ្លាំងច្រើន និងជួយបន្ថែមថាមពលដល់ដំណើរការណ៍ខួរក្បាលរបស់អ្នកទៀតផង។
៣) ផ្កាស្ពៃខាត់ណា៖ បន្លែនេះត្រូវបានគេរកឃើញថាវាសម្បូរដោយជាតិវីតាមីនC ជាតិសរសៃ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់ទប់ទល់ប្រឆាំងនឹងជំងឺមហារីកផងដែរ។
៤) ស៊ុត៖ ស៊ុតគឺជាប្រភពអាហារម្យ៉ាងដែលផ្ដល់នូវគុណប្រយោជន៍យ៉ាងច្រើនអនេកគ្រប់ពេលដែលអ្នកទទួលទានវា ជាពិសេសនៅពេលព្រឹក ព្រោះស៊ុតត្រូវបានគេសិក្សានិងបង្ហាញឲ្យឃើញថានឹងផ្ដល់ឲ្យអ្នកទទួលទានវានូវអារម្មណ៍ឆ្អែតបានយូរដែលនេះមិនត្រឹមតែផ្ដល់ថាមពលដល់អ្នកប៉ុណ្ណោះទេ តែក៏នឹងជួយក្នុងការសម្រកទម្ងន់បានទៀតផង៕
ប្រភព៖ lifehack
ប្រែសម្រួល៖ ស្រីពៅ